កត្តាជាច្រើនធ្វើឲ្យបាល់ទាត់ពិការកម្ពុជាត្រៀមខ្លួនបានល្អសម្រាប់អាស៊ានប៉ារ៉ាហ្គេមឆ្នាំនេះ

សូឡូ៖ ក្រុមបាល់ទាត់ជនពិការជម្រើសជាតិកម្ពុជា (៧ម្ខាង ចលករខួរក្បាល) ត្រៀមខ្លួនបានល្អប្រសើរជាងលើកទី១សម្រាប់ការចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា។

ក្រុមបាល់ទាត់ជនពិការកម្ពុជា៧ម្ខាង (ចលករខួរក្បាល) ស្ថិតក្នុងចំណោមក្រុមកីឡាជនមានពិការភាពកម្ពុជា១១ប្រភេទបានធ្វើដំណើរមកដល់ប្រទេសឥណ្ឌូនេស៊ីកាលពីល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ដើម្បីចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ។

សម្រាប់ការធ្វើដំណើរដែលទទួលបានការផ្តល់ជូនពិសេសបំផុតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការហោះហើរផ្ទាល់ពីរាជធានីភ្នំពេញមកកាន់ទីក្រុងសូឡូ លោក សុភ័ក្ក មករា គ្រូបង្វឹកក្រុមបាល់ទាត់ជនពិការ៧ម្ខាងបានប្រាប់ថា ៖«ការធ្វើដំណើរមកដល់ប្រទេសឥណ្ឌូនេស៊ី ក្រុមកីឡាករយើងសុខសប្បាយទាំងអស់គ្នា។ យើងបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួតអាស៊ានប៉ារ៉ាហ្គេមនេះ»។

លោកគ្រូបង្វឹករូបនេះបានឲ្យដឹងថា មុនមកប្រទេសឥណ្ឌូនេស៊ី កូនក្រុមរបស់លោកបានត្រៀមខ្លួនយូរដែរក្នុងការហ្វឹកហាត់។ «សម្រាប់ការត្រៀមខ្លួនឆ្នាំនេះ យើងល្អច្រើនបើធៀបនឹងលើកទី១កាលពីឆ្នាំ២០១៧។ ឆ្នាំនេះយើងជ្រើសរើសកីឡាករបានល្អៗ កាយសម្បទារបស់ពួកគាត់ប្រសើរជាងលើកមុន»។

«ខ្ញុំជឿជាក់លើកីឡាកររបស់យើង។ ខ្ញុំជឿជាក់លើថ្នាក់ដឹកនាំរបស់យើង។ ការប្រកួតលើកនេះ យើងនឹងទទួលបានលទ្ធផលល្អប្រសើរជាងកាលអាស៊ានប៉ារ៉ាហ្គេម នៅម៉ាឡេស៊ី»។ លោកគ្រូប្រាប់ពីការរំពឹងទុក។

ការរំពឹងទុកខាងលើដោយសារមានកត្តាជាច្រើនដែលជំរុញឲ្យក្រុមទាំងមូលមានមានឆន្ទៈខ្ពស់ក្នុងការហ្វឹកហាត់ខ្លាំង និងត្រៀមខ្លួនបានល្អប្រសើរ។

លោកគ្រូ សុភ័ក្ក មករា បានលើកឡើងថា ៖«ថ្នាក់បានយកចិត្តទុកដាក់ខ្លាំង ដូចជាការផ្តល់ប្រាក់ឧបត្ថម្ភ មានកន្លែងស្នាក់នៅល្អប្រសើរជាងមុន និងអាហារជាដើមដែលបានធ្វើឲ្យក្រុមកីឡាករយើងមានកម្លាំងចិត្ត។ ជាពិសេសមានកម្លាំងចិត្តក្នុងការហ្វឹកហាត់ខ្លាំង និងមានឆន្ទៈក្នុងការចូលរួមប្រកួត។ ការហ្វឹកហាត់ខ្លាំងក៏ដោយសារតែមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាឯកឧត្តម យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាដែលលោកបានយកចិត្តទុកដាក់លើកគ្រប់ប្រភេទកីឡា»។

សូមបញ្ជាក់ថា ក្រុមបាល់ទាត់ជនពិការកម្ពុជា៧ម្ខាងមានសមាជិក៨រូប ក្នុងនោះចាស់ដែលធ្លាប់ប្រកួតនៅប្រទេសម៉ាឡេស៊ី ៤នាក់ចាស់ និងថ្មី៤នាក់។ កាលចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១ ឆ្នាំ២០១៧ ក្រុមបាល់ទាត់ជនពិការកម្ពុជាមិនទទួលបានលទ្ធផលល្អទេ។ កម្រិតសមត្ថភាព មិនសូវចាញ់ក្រុមសិង្ហបុរី និងព្រុយណេខ្លាំងទេ ប៉ុន្តែក្រុមម៉ាឡេស៊ី និងឥណ្ឌូណេស៊ីមានសមត្ថភាពខ្ពស់ជាងឆ្ងាយ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner