ហែមថុន វិទីនី រៀបរាប់ពីការបង្ហាត់ក្រុមកីឡាហែលទឹកជនពិការចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម
សូឡូ៖ អតីតកីឡាការិនីហែលទឹកជម្រើសជាតិកម្ពុជា ហែមថុន វិទីនី បានដឹកនាំក្រុមកីឡាករ កីឡាការិនីមានពិការភាពកម្ពុជាចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា។ នេះជាការងារថ្មីមួយទៀតសម្រាប់ ហែមថុន វិទីនី ដែលទទួលបានឱកាសបង្ហាត់ក្រុមអត្តពលិកជនមានពិការភាពកម្ពុជាដើម្បីប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិ បន្ទាប់ពីធ្លាប់តែបង្ហាត់បង្រៀនកីឡាហែលទឹកធម្មតា។
វិទីនី បានប្រាប់ថា ៖«មានការពិបាកក្នុងការបង្ហាត់ដែរដោយសារពួកគេមានពិការភាពខុសៗគ្នា។ អ្នកខ្លះធ្ងន់ អ្នកខ្លះកម្រិតស្រាល»។
ទោះបីជាយ៉ាងណា មុនពេលទទួលការងារបង្ហាត់អត្តពលិកជនមានពិការភាព អតីតកីឡាការិនីជម្រើសជាតិរូបធ្លាប់បានហ្វឹកហាត់ និងរៀនសូត្រច្រើនពីជំនាញបង្ហាត់ហែលទឹកដល់អត្តពលិកជនមានពិការភាព។
ហែមថុន វិទីនី បានឲ្យដឹងថា ៖«ពីមុនខ្ញុំធ្លាប់ហ្វឹកហាត់ជាមួយគ្រូបង្វឹកអន្តរជាតិមួយរូបដែលគាត់ជាគ្រូបង្ហាត់ជនពិការ ហើយទទួលបានល្អទូទាំងពិភពលោក។ កាលពីពេលថ្មីៗ ខាងសហព័ន្ធកីឡាហែលទឹកអន្តរជាតិទើបតែបញ្ជូនគាត់មកប្រទេសខ្មែរ ហើយគាត់ក៏បានមកជួបក្រុមកីឡាជនពិការកម្ពុជាយើងដែរ។ ជាពិសេសគាត់បានជួយបង្ហាត់បង្រៀនខ្ញុំបន្ថែម ដូច្នេះខ្ញុំយល់ដឹងច្រើនពីរបៀបបង្ហាត់ជនពិការ»។
«វាថ្មីសម្រាប់ខ្ញុំ ប៉ុន្តែវាបានផ្តល់ឲ្យខ្ញុំតាមអ្វីដែលជាក្តីស្រឡាញ់របស់ខ្ញុំតាំងពីដើម បន្ទាប់ពីខ្ញុំធ្លាប់ជាកីឡាការិនីហែលទឹក។ ជារឿងល្អបន្ថែមទៀតសម្រាប់ខ្ញុំដែលផ្តល់ឲ្យខ្ញុំកាន់តែយល់ និងដឹងច្រើនពីការបង្ហាត់ហែលទឹកទាំងកម្រិតធម្មតា និងជនពិការ»។
ហែមថុន វិទីនី ទើបតែបានបង្ហាត់ហែលទឹកដល់អត្តពលិកជនពិការកកម្ពុជាប៉ុន្មានខែចុងក្រោយ និងបង្ហាត់ដិតដល់ក្រោយពេលវិបត្តិកូវីដ-១៩ស្ងប់ស្ងាត់។ គ្រូបង្វឹករូបនេះបានយល់ឃើញថា ៖«បន្ទាប់ពីបង្ហាត់បានមួយរយៈពេល ខ្ញុំកត់សំគាល់ឃើញថា ពួកគាត់រីកចម្រើនច្រើន។ មែនទែនទៅ ពួកគាត់ខ្វះខាតច្រើនណាស់ ដោយសារពួកគាត់អត់បានហ្វឹកហាត់ដិតដល់។ ឥឡូវនេះ បច្ចេកទេសហែលរបស់ពួកគាត់ល្អប្រសើរច្រើន»។
វិទីនី បានសង្កត់ធ្ងន់ថា ៖«ខ្ញុំបានសិក្សាឃើញថា ពួកគាត់ខ្លះមានកំណត់ត្រាហែលមិនដាច់គ្នាឆ្ងាយប៉ុន្មានជាមួយកំណត់ត្រារបស់អ្នកដែលឈ្នះមេដាយកាលអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០១៧។ ខ្ញុំរំពឹងថា ក្រុមកីឡាករយើងនឹងធ្វើបានល្អ ទោះជាទើបហ្វឹកហាត់វិញ ក្រោយវិបត្តិកូវីដ-១៩។ ការហ្វឹកហាត់តិចក្តី តែពួកគាត់រីកចម្រើនបច្ចេកទេសច្រើន ហើយក៏ត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួត»។
សម្រាប់ការធ្វើដំណើរទៅប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូនេស៊ីនេះ សហព័ន្ធកីឡាហែលទឹកជនពិការកម្ពុជាបានបញ្ជូនកីឡាករ៩រូប និងកីឡាការិនី២រូប ហើយម្នាក់ៗត្រូវប្រកួតជាច្រើនវិញ្ញាសា។ នេះជាលើកទី២ដែលក្រុមហែលទឹកជនពិការកម្ពុជាចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម បន្ទាប់ពីលើកទី១កាលពីឆ្នាំ២០១៧នៅប្រទេសម៉ាឡេស៊ី៕ ចាន់ វិចិត្រ



