ប្រធានាធិបតីចិន និងឥណ្ឌូណេស៊ីប្តេជ្ញារួមគ្នាកសាងសហគមន៍ជាមួយអនាគតរួម
ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃអង្គារសប្តាហ៍នេះបានជួបពិភាក្សាជាមួយសមភាគីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង។ ប្រធានាធិបតីទាំងពីរបានធ្វើការផ្លាស់ប្តូរទស្សនៈគ្នាយ៉ាងទូលំទូលាយ និងស៊ីជម្រៅ ហើយឈានដល់ការយោគយល់គ្នាសំខាន់ៗជាបន្តបន្ទាប់លើទំនាក់ទំនងចិន-ឥណ្ឌូនេស៊ី ព្រមទាំងលើបញ្ហាអន្តរជាតិ និងតំបន់ ដែលមានផលប្រយោជន៍ទៅវិញទៅមក។
ដោយសម្តែងនូវក្តីរីករាយដែលភាគីទាំងពីរបានសម្រេចចិត្តលើទិសដៅរួមនៃការកសាងសហគមន៍ចិន-ឥណ្ឌូណេស៊ីជាមួយនឹងអនាគតរួមគ្នានោះ លោក ស៊ី បានថ្លែងថា ប្រទេសចិននឹងធ្វើការជាមួយឥណ្ឌូនេស៊ី ដើម្បីពង្រឹងការជឿទុកចិត្តគ្នាជាយុទ្ធសាស្ត្រ និងគាំទ្រយ៉ាងមុតមាំលើគ្នាទៅវិញទៅមក ក្នុងការការពារអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍ ក្នុងការស្វែងយល់ពីមាគ៌ាអភិវឌ្ឍន៍ស្របតាមលក្ខខណ្ឌជាតិ និងក្នុងការរីកចម្រើនសេដ្ឋកិច្ច ក៏ដូចជាការរស់នៅរបស់ប្រជាជនកាន់តែប្រសើរ។
លោក ស៊ី បន្តថា ភាគីទាំងពីរបានធ្វើសកម្មភាពយ៉ាងសកម្ម និងដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ព្រមទាំងលើកកម្ពស់ការរួបរួម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ហើយថា ប្រទេសទាំងពីរបានធ្វើជាគំរូនៃប្រទេសកំពុងអភិវឌ្ឍន៍ធំៗដែលស្វែងរកកម្លាំង តាមរយៈការឯកភាពគ្នា និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។
ជាការឆ្លើយតប លោក វីដូដូ បានថ្លែងថា ឥណ្ឌូនេស៊ី-ចិនគឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលមានគោលដៅសំខាន់ក្នុងការរួមគ្នាកសាងសហគមន៍មួយជាមួយនឹងអនាគតរួមគ្នា ហើយថា កិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរមានអត្ថប្រយោជន៍ទៅវិញទៅមក មិនត្រឹមតែបម្រើប្រជាជនទាំងពីរឱ្យបានល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព និងការអភិវឌ្ឍន៍ក្នុងប្រទេស តំបន់ និងលើសពីនេះ ។
ដោយកត់សម្គាល់ពីកិច្ចសហប្រតិបត្តិការល្អរវាងឥណ្ឌូនេស៊ី និងចិនបានបង្ហាញពីលក្ខណៈយុទ្ធសាស្ត្រនៃទំនាក់ទំនងទ្វេភាគីនោះ លោក វីដូដូ បានបញ្ជាក់ថា ឥណ្ឌូនេស៊ីនឹងធ្វើការជាមួយចិនដើម្បីរក្សាភាពជាដៃគូយុទ្ធសាស្ត្រយ៉ាងស៊ីជម្រៅ និងនៅតែធ្វើការរួមចំណែកកាន់តែច្រើនដល់សន្តិភាពក្នុងតំបន់ និងការអភិវឌ្ឍន៍ពិភពលោក៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា



