ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចុះហត្ថលេខាលើឯកសារកម្ចី ស្តីពី “ការគាំទ្រខ្សែច្រវាក់ផ្គត់ផ្គង់ចំណីសត្វនៅកម្ពុជា” ជាមួយក្រុមហ៊ុន De Heus
ភ្នំពេញ ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ មានរៀបចំពិធីចុះហត្ថលេខាលើឯកសារកម្ចីស្តីពី “ការគាំទ្រខ្សែច្រវាក់ផ្គត់ផ្គង់ចំណីសត្វនៅកម្ពុជា” ដែលត្រូវចុះហត្ថលេខារវាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជាមួយក្រុមហ៊ុន De Heus ដោយក្នុងនោះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានអញ្ជើញជាសាក្សីក្នុងពិធីនេះ ព្រមជាមួយវត្តមាន លោកជំទាវ Jyotsana Varma នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងលោក Harry Schimmel, នាយកក្រុមហ៊ុន De Heus THM Company Limited ។
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន មានប្រសាសន៍ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជានិច្ចកាលបានគិតគូ យកចិត្តទុកដាក់ សហការ ឧបត្ថម្ភគាំទ្រ និងកៀរគរគ្រប់ភាគីពាក់ព័ន្ធមានតាមអភិក្រម ៖ រដ្ឋ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសហគមន៍ ដើម្បីសហការគ្នាបង្កើតបានជាចលករ និងបង្កើនសមត្ថភាពក្នុងការអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មដាំដុះ កែច្នៃផលិតផលកសិកម្មដោយចាប់ពី A to Z (ការដាំដុះ ប្រមូលផល កែច្នៃ វេចខ្ចប់ ស្តុកទុក ដឹកជញ្ជូន ចែក ចាយ ឬនាំចេញ)។
ភាពប្រទាក់ក្រឡាគ្នាក្នុងខ្សែច្រវាក់ផលិតកម្មនេះ ធ្វើឲ្យក្រសួងនឹកគិតដល់តួអង្គសំខាន់ទាំងបីដែលចាំបាច់ខានមិនបានក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្ម ហើយនេះគឺជាដើមចមដែលក្រសួងបានដាក់ចេញនូវអភិក្រម “រដ្ឋ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសហគមន៍”។ ក្រសួងបានដើរតួនាទីជាតួអង្គផ្ចុងផ្តើម ផ្គូផ្គង កៀគរ និងសម្របសម្រួលឲ្យគាគីទាំងបីសហការគ្នាក្នុងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា កិច្ចសន្យាផ្គត់ផ្គង់វត្ថុធាតុដើម និងកិច្ចសន្យាផ្តល់ឥណទាន ឬកម្ចី ជាដើម។ល។
ព្រឹត្តិការណ៍ដ៏សំខាន់នៅថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយទៀតដែលបានប្រសូត្រចេញពីការខិតខំប្រឹងប្រែង ផ្តល់កិច្ចសហការគ្នាបានល្អរវាងភាគីពាក់ព័ន្ធ ឈានមកសម្រេចបាននូវកិច្ចព្រមព្រៀងកម្ចីឥណទានដើម្បីយកមកអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មចំណីសត្វ ដែលក្រុមហ៊ុន De Heus បាននិងកំពុងដំណើរការយ៉ាងសកម្ម ឆ្លើយតបបានទាន់ពេលទៅនឹងកំណើនផលិតកម្មសត្វ (ជ្រូក ត្រី និងបក្សី) នាពេលបច្ចុប្បន្ន។
ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះធនាគារ ADB ដែលដៃគូអភិវឌ្ឍរបស់កម្ពុជា ហើយបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការចូលរួមចំណែកយ៉ាងសកម្មក្នុងការស្តារសេដ្ឋកិច្ចក្រោយពេលវិបត្តិជំងឺឆ្លងកូវីដ-១៩ និងបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន De Heus ដែលបានខិតខំចូលរួមចំណែកអភិវឌ្ឍផលិតកម្មចំណីសត្វ ចិញ្ចឹមសត្វ ចិញ្ចឹមត្រី ប្រើ ប្រាស់វត្ថុធាតុដើមក្នុងស្រុក បង្កើតការងារ និងកាត់បន្ថយថ្លៃដើមតាមរយ:ប្រើថាមពលពន្លឺព្រះ អាទិត្យ (ប្រព័ន្ធសូឡា)។
សូមជម្រាបផងដែរថាក្រុមហ៊ុន De Heus THM គឺជាក្រុមហ៊ុនចម្រុះអន្តរជាតិពីប្រទេសហូឡង់ក្នុងផ្នែកឧស្សាហកម្មចំណីសត្វ ដែលបានចាប់ដៃគូសហការគ្នារវាងក្រុមហ៊ុន De-Heus Cambodia B.V.(De Heus) ជាមួយក្រុមហ៊ុន TMH (Cambodia) Co., Ltd ដើម្បីបង្កើតជាសម្ព័ន្ធអាជីវកម្មក្រុមហ៊ុនរួមទុនថ្មីមួយ។
បច្ចេកទេសផលិតភាគច្រើនត្រូវបាននាំយកពីសហភាពអឺរ៉ុប ២០% នៃឋាមពលដែលប្រើប្រាស់ក្នុងរោងចក្រគឺបានពីឋាមពលពន្លឺព្រះអាទិត្យ។ អនាគតក្រុម ហ៊ុនគ្រោងនឹងបង្កើតរោងចក្រទៅខេត្តបាត់ដំបងដែលជាខេត្តមានសក្តានុពលវត្ថុធាតុដើមសំខាន់មួយនៅកម្ពុជា។
សូមបញ្ជាក់ថា នាបច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតចំណីចំនួន ២៣ អាចផលិតចំណីសត្វបានប្រមាណ ១,២៤លានតោន ក្នុង១ឆ្នាំ អាចផ្គត់ផ្គង់បានត្រឹមតែចំនួន ៥៥% នៃសេចក្តីត្រូវការក្នុងស្រុកសរុបចំនួន ២,២៧លានតោនក្នុង១ឆ្នាំ ៕ដោយ៖សេឌី






