លោក សួន សេរីរដ្ឋា៖ មន្ត្រីសង្គមស៊ីវិល និងអ្នកវិភាគនយោបាយដែលរិះគន់សម្តេចជោ ហ៊ុន សែន គឺគ្មានដឹងខ្យល់អ្វីទាំងអស់
ភ្នំពេញ៖ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានហៅការលើកឡើងរបស់មន្ត្រីសង្គមស៊ីវិល និងអ្នកវិភាគនយោបាយមួយចំនួន គ្មានដឹងខ្យល់អ្វីនោះទេ ហើយគោលបំណងរបស់ពួកគេដែលបានលើកឡើង គឺគ្រាន់តែចង់ដាក់បន្ទុកចោទប្រកាន់ និងបង្អាប់រាជរដ្ឋាភិបាលកម្ពុជានៅក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានបន្តវេន។ ប៉ុន្តែការលើកឡើងករណីបញ្ហានៅប្រទេសមីយ៉ាន់ម៉ាពីសំណាក់មន្ត្រីសង្គមស៊ីវិល និងអ្នកវិភាគទាំងនោះ គឺគ្មានដឹងខ្យល់អីទេ វាមិនស្មើនឹងក្មេងបៀមដៃផង។ ការលើកឡើងរបស់លោក សួន សេរីរដ្ឋា បានធ្វើឡើងបន្ទាប់ពីមន្ត្រីសង្គមស៊ីវិល និងអ្នកវិភាគបានរិះគន់សម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ានប្តូរវេនថា ហាក់គ្មានតម្លៃក្នុងការដោះស្រាយវិបត្តិនយោបាយនៅភូមាប្រកបដោយប្រសិទ្ធភាពនោះទេ។
លោក សួន សេរីរដ្ឋា បានថ្លែងប្រាប់ AMS នៅថ្ងៃទី២៧ ខែកក្កដានេះថា ជោគជ័យ ឬបរាជ័យ នៃការផ្សះផ្សាយជាតិ ឬក៏ការឯកភាពជាតិ វាមិនអាស្រ័យទៅលើអន្តរជាតិ ឬអ្នកខាងក្រៅទេ តែវាអាស្រ័យទៅលើក្រុមភាគីជម្លោះជាតិសាសន៍នៅក្នុងប្រទេសនោះតែម្តង។ កត្តាអន្តរជាតិ ឬក៏កត្តាខាងក្រៅវាគ្រាន់តែជាកតាលីករ ប៉ុន្តែអង្គប្រតិករសំខាន់ដើម្បីបញ្ចប់វិបត្តិនយបាយ វិបត្តិផ្ទៃក្នុង វិបត្តិសង្គ្រាមនៅក្នុងប្រទេសនីមួយៗ គឺភាគីជម្លោះនៅក្នុងប្រទេសនោះដែលជាអង្គប្រតិករ។ បើសិនជាពាក់ព័ន្ធទៅនឹងតួនាទីរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគឺតួនាទីរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានអាស៊ានបន្តវេនវិញ មានអាណត្តិតែមួយឆ្នាំទេ។ ប៉ុន្តែជោគជ័យដែលកើតមាននៅក្នុងអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានអាស៊ាន គឺបានតាំងប្រេសិតអាស៊ានមួយដែលអាចជាន់ដីមីយ៉ាន់ម៉ា ហើយអាចជួបជាមួយប្រមុខរដ្ឋាភិបាលមីយ៉ាន់ម៉ា ព្រមទាំងជំរុញឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាគោរពនៅគោលការណ៍កុងសង់ស៊ីសរបស់អាស៊ាន។ គោលការណ៍នេះធានាយ៉ាងម៉េចរក្សាឱ្យបាននៅមជ្ឈភាពអាស៊ាន កុំឱ្យបាត់បង់បេក្ខភាព ឬសមាជិកណាមួយ។

ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជាបានបញ្ជាក់ថា គោលការណ៍របស់សម្តេចតេជោ ហ៊ុន សែន គឺបានដាក់ចេញធានាឱ្យបាននូវមជ្ឈភាពអាស៊ាន ឯកភាពជាតិផ្ទៃក្នុងរបស់សមាជិកអាស៊ាន ហើយជោគជ័យសម្បើមណាស់នៅក្នុងពាក់កណ្តាលអាណត្តិនៃប្រធានអាស៊ានបន្តវេន ដែលកម្ពុជាកាន់តំណែងដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានបន្តវេន គឺសម្តេចបានជាន់ទឹកដីមីយ៉ាន់ម៉ាជួបជាមួយនឹងមេដឹកនាំយោធារបស់មីម៉ាន់ម៉ា និងបានណែនាំគោលនយោបាយផ្សេងៗ ជាពិសេសគឺបានស្នើឱ្យមានបទឈប់បាញ់គ្នានៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះគឺជាគោលការណ៍សំខាន់។
លោក សួន សេរីរដ្ឋា បានលើកឡើងថា នៅក្នុងប្រទេសដែលកំពុងតែមានវិបត្តិ មានទំនាស់ផ្ទៃក្នុង សួរថាតើអាចដោះស្រាយវិបត្តិ ឬក៏ទំនាស់ផ្ទៃក្នុងក្នុងរយៈពេល១ឆ្នាំ ២ឆ្នាំអីកើត។ ឧទាហរណ៍បទពិសោធន៍នៅក្នុងប្រទេសកម្ពុជាគឺមានទំនាស់ផ្ទៃក្នុង សង្គ្រាមស៊ីវិល ជិតពាក់កណ្តាលសតវត្ស។ ការដោះស្រាយវិបត្តិសង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា ការចាប់ផ្តើមនៅការចរចាតាំងពីសម័យសម្តេចតេជោ ហ៊ុន សែន ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីទី១ ក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ក្រោយមកដូរជារដ្ឋកម្ពុជា តាំងពីឆ្នាំ១៩៨៥ គឺចាប់ផ្តើមមានជំនួប មានការចរចាផ្លូវការ និងក្រៅផ្លូវការ រហូតដល់ឆ្នាំ១៩៩១ ទើបអាចមានការកិច្ចព្រមព្រៀងសន្តិភាពមួយគ្រប់ភាគីចូលមកដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព។ នៅឆ្នាំ១៩៩៣ ចុះហត្ថលេខាទាំងអស់គ្នា ៤ភាគី មានអន្តរជាតិទទួលស្គាល់ពិតប្រាកដត្រឹមត្រូវ។ ប៉ុន្តែដល់ពេលចុងបញ្ចប់មួយភាគីដកខ្លួនចេញមិនគោរពកិច្ចព្រមព្រៀង។ ចុងបញ្ចប់ទាល់តែមានគោលនយោបាយឈ្នះ-ឈ្នះ ដែលសម្តេចបានដាក់ចេញជាគោលការណ៍ទៅអនុវត្តនៅក្នុងប្រទេស ដឹកនាំការបញ្ចប់វិបត្តិសង្គ្រាមស៊ីវិលនៅក្នុងប្រទេសខ្លួនឯង គឺគោលនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោហ្នឹងហើយដែលបានបញ្ចប់សង្គ្រាមនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។
លោកបានបន្តថា ទាក់ទងវិបត្តិផ្ទៃក្នុង សង្គ្រាមស៊ីវិលនៅក្នុងប្រទេសមីយ៉ាន់ម៉ាដូចគ្នា គឺសំខាន់ណាស់ភាគីជម្លោះនៅក្នុងប្រទេសនេះតែម្តងដែលត្រូវតែស្វែងរកបទឈប់បាញ់គ្នាជាស្ថាពរ ហើយមកអង្គុយតុចរចាជាមួយគ្នា ហើយអាចយករូបមន្តនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញ និងដែលបានឈ្នះនៅក្នុងប្រទេសកម្ពុជា យកទៅពិនិត្យថា តើគ្រាប់ពូជនយោបាយឈ្នះ-ឈ្នះរបស់កម្ពុជា អាចយកទៅបណ្តុះដុះនៅលើដីរបស់មីយ៉ាន់ម៉ាបានដែរឬអត់? ហើយសិក្សាទាំងអស់គ្នារកវិធានដើម្បីបញ្ចប់វិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយកិច្ចការទាំងអស់នេះមិនមែនធ្វើតែ១ឆ្នាំ ឬ ២ឆ្នាំទេ ហើយប្រធានបន្តវេនអាស៊ានមានអាណត្តិតែ១ឆ្នាំ។ ដល់ពេលការលើកឡើងរបស់មន្ត្រីសង្គមស៊ីវិល និងអ្នកវិភាគមួយចំនួន ដែលសម្ភាសតាមវិទ្យុមួយដែលជាវិទ្យុគាំទ្រសំឡេងពួកគេ ដើម្បីបំប៉ោង ដើម្បីបញ្ជេះកំហឹងប្រជាពលរដ្ឋ ដើម្បីបន្លំស្ថានការណ៍ពិតនៅក្នុងប្រទេសកម្ពុជា គឺពួកគេមានបំណងច្បាស់លាស់នៅក្នុងការលើកឡើង។ ពួកគេឆ្លៀតយកព្រឹត្តិការណ៍ជាតិ និងព្រឹត្តិការណ៍អន្តរជាតិ គ្រប់ព្រឹត្តិការណ៍ទាំងអស់ដែលកើតឡើង យកមកវ៉ៃប្រហារលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដើម្បីបញ្ជេះកំហឹងប្រជាពលរដ្ឋ និងធ្វើឱ្យប្រជាពលរដ្ឋយល់ច្រឡំអំពីការដឹកនាំរបស់រាជរដ្ឋាភិបាលនៅក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា៕
ដោយ៖ពលជ័យ