សេចក្តីប្រកាសព័ត៌មានស្តីពីពិធីសម្ពោធ និងផ្សព្វផ្សាយរបាយការណ៍វាយតម្លៃការអនុវត្ត “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ ចំពោះកិច្ចរៀបចំគោលនយោបាយ ថវិកា ហិរញ្ញប្បទាន និងជំនួយសង្គម ដើម្បីគ្រប់គ្រងការប្រយុទ្ធនឹងជំងឺកូវីដ១៩ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ និងផ្សព្វផ្សាយរបាយការណ៍វាយតម្លៃការអនុវត្ត “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩” ដែលបានសហការរៀបចំដោយ ក្រុមប្រឹក្សាជាតិគាំពារសង្គម និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា។

កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវបានដាក់ឱ្យដំណើរការកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះ មានគោលបំណងផ្ដល់ការគាំទ និងសម្រួលជីវភាពគ្រួសារក្រីក្រ និងងាយរងគ្រោះដែលមានបណ្ណសមធម៌ប្រមាណជាង៦៨ម៉ឺនគ្រួសារ ដោយបានអនុវត្តបានរយៈពេលចំនួន២៥ខែកន្លងមក និងចំណាយថវិកាសរុបប្រមាណ ៧៤៤លានដុល្លារ ដោយទទួលបានការសាទរពីអ្នកទទួលផល ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋទូទៅ។

ក្រុមប្រឹក្សាជាតិគាំពារសង្គម និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា បានសហការរៀបចំការវាយតម្លៃបច្ច័យសង្គម សេដ្ឋកិច្ច នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅឆ្នាំ២០២០ និង២០២១ ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី ក្នុងគោលបំណងស្វែងយល់ពីប្រសិទ្ធភាព និងបច្ច័យដែលកើតចេញពីការអនុវត្តកម្មវិធីទាំងនៅកម្រិតមីក្រូ (ក្នុងកម្រិត គ្រួសារនិងកម្រិតម៉ាក្រូ ( បច្ច័យលើសេដ្ឋកិច្ច) ដែលជាធាតុចូលដ៍សំខាន់ក្នុងការរៀបចំជម្រើសគោលនយោបាយ សម្រាប់ការគិតគូរកសាងប្រព័ន្ធគាំពារសង្គមកម្ពុជា។

លទ្ធផលនៃការវាយតម្លៃនេះ បង្ហាញថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុង អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ បានផ្តល់ផលវិជ្ជមានជាច្រើន។ កម្មវិធីនេះ បានចូលរួមចំណែកសម្រួលជីវភាពរបស់គ្រួសារក្រីក្រឱ្យរួចផុតពីការធ្លាក់ចូលទៅក្នុងបញ្ហាអសន្តិសុខស្បៀង, បំណុល, ការលក់ទ្រព្យសកម្មរបស់គ្រួសារ និងបានសម្រួលបន្ទុកចំណាយរបស់គ្រួសារ ពិសេសចំណាយលើម្ហូបអាហារ, ថ្នាំសង្កូវ និងការអប់រំកូនចៅ។ ចំពោះបច្ច័យលើផ្នែកម៉ាក្រូសេដ្ឋកិច្ច, កម្មវិធីនេះ បានចូលរួមដល់កំណើនសេដ្ឋកិច្ចប្រមាណ ៤,៥៥% ក្នុងឆ្នាំ២០២០ និង ០.៤៥% ក្នុងឆ្នាំ២០២១។ មិនតែប៉ុណ្ណោះ កម្មវិធីនេះ ក៏បានរួមចំណែកក្នុងការកាត់បន្ថយអត្រានិកម្មភាព ចំនួន ០.៥៧% ក្នុងឆ្នាំ២០២០ និង ០.៦២% ក្នុងឆ្នាំ២០២១ និងកាត់បន្ថយអត្រាភាពក្រីក្របានប្រមាណ២.៧ % ក្នុងឆ្នាំ២០២០ និង ៣, ៤ % ក្នុងឆ្នាំ២០២១។

ឯកឧត្តមបណ្ឌិត ផាន់ ផល្លា បានមានប្រសាសន៍ថា “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវី៥១៩ គឺជាផ្នែកមួយដ៍សំខាន់នៃអន្តរាគមន៍ ដែលបានដាក់ចេញ ដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមស្មារតីបុរេសកម្ម ជាក់ស្តែងនិយម និងការឆ្លើយតបខ្ពស់ ក្នុងការផ្តល់កិច្ចគាំពារ ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ពីផលប៉ះពាល់នៃជំងឺរាតត្បាតជាសាកលមួយនេះ។ លទ្ធផលនៃការវាយតម្លៃនេះ មិនត្រឹមតែបានបង្ហាញពីប្រសិទ្ធភាព និងតម្លាភាពនៃការអនុវត្តកម្មវិធីប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីតួនាទីនៃអន្តរាគមន៍ផ្នែកជំនួយសង្គម ដែលបានជួយសម្រួលជីវភាពរបស់ប្រជាពលរដ្ឋ និងបាន ជំរុញកំណើនសេដ្ឋកិច្ចផងដែរ “។

លោកស្រី Sonali Dayaratne នាយិការងនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ បានលើកឡើងថា “របាយការណ៍វាយតម្លៃនេះ បានបង្ហាញអំពីភស្តុតាងដែលមានលក្ខណៈវិទ្យាសាស្ត្រ ដែលជាមូលដ្ឋានរឹងមាំ ក្នុងការ គិតគួរវិនិយោគបន្ថែមលើប្រព័ន្ធគាំពារសង្គម ដែលនឹងអាចផ្ដល់ការគាំទ្រយ៉ាងមានប្រសិទ្ធភាពសម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលទទួលរងនូវផលប៉ះពាល់ និងធានាថាគ្មានអ្នកណាម្នាក់ត្រូវបានបោះបង់ចោលនោះឡើយ។ ការវាយតម្លៃនេះ អនុញ្ញាតឱ្យយើងយល់ និងមើលឃើញកាន់តែច្បាស់អំពីប្រសិទ្ធភាព និងបច្ច័យរបស់កម្មវិធី លើជីវភាពរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក៍ដូចជាម៉ាក្រូសេដ្ឋកិច្ច”។

លោកស្រី Benita Chudleigh លេខាទីមួយនៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា មានប្រសាសន៍ថា “ក្នុងនាម ជាមិត្តរបស់កម្ពុជា ប្រទេសអូស្ត្រាលីប្ដេជ្ញាសហការជាមួយដៃតួនានា ដើម្បីរិះរកវិធីលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋកម្ពុជា។ យើងសូមអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រើប្រាស់ប្រព័ន្ធទិន្នន័យ អត្តសញ្ញាណកម្មគ្រួសារក្រីក្រ (IDPoor) ដែលរដ្ឋាភិបាលអូស្រ្តាលីបានផ្ដល់ការគាំទ្រក្នុងទសវត្សរ៍កន្លងមកនេះ ដើម្បីកំណត់អត្តសញ្ញាណប្រជាជនដែលជួបការខ្វះខាតបំផុត ធ្វើជាក្រុមគោលដៅនៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ។“

ads banner