ទៅកម្សាន្តលើខ្នងភ្នំគូលែនកុំភ្លេចឈៀងចូលកម្សាន្តប្រាសាទដំរីក្រាប

ខេត្តសៀមរាប៖ បើទោះបីស្ថិតនៅក្នុងព្រៃជ្រៅបន្តិចក្តី ប៉ុន្តែប្រាសាទបុរាណខ្មែរមួយឈ្មោះ «ប្រាសាទដំរីក្រាប»ដែលស្ថិតនៅលើខ្នងភ្នំគូលែន ខេត្ត សៀមរាប នៅតែអាចទាក់ទាញភ្ញៀវទេសចរឱ្យចូលកម្សាន្តនិងបន់ស្រន់ស្ទើររៀងរាល់ថ្ងៃ។

មានភ្ញៀវទេសចរជាច្រើនដែលចូលចិត្តដើរកម្សាន្តតាមប្រាសាទបុរាណខ្មែរនៅរមណីយដ្ឋានលើខ្នងភ្នំគូលែនតែងមិនភ្លេចចូលកម្សាន្ត និង បន់ស្រន់សុំសេចក្តីសុខនៅទីកន្លែងសក្តារបូជានៃប្រសាទដ៏យូរលង់មួយនេះ ។

គួរបញ្ជាក់ថា ប្រាសាទដំរីក្រាប មានទីតាំងនៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ប្រាសាទដំរីក្រាបនេះក៏ស្ថិតនៅមិនឆ្ងាយពីស្រះដំរីនោះទេ។

លោក ហេង ហៀប អ្នកមើលការថែទាំតំបន់ប្រសាទបុរាណខ្មែរមួយនេះបានឱ្យដឹងថា បើទោះបីប្រាសាទដំរីក្រាបនៅក្នុងព្រៃជ្រៅ និងមានផ្លូវឡើងចុះទម្រាំចូលទៅដល់បន្តិចក្តី ប៉ុន្តែអ្នកទេសចរតែងចូលមកកម្សាន្តមិនដែលខានទេ បើទោះថាថ្ងៃខ្លះតិចតួចស្តួចស្តើងក្តី។ភ្ញៀវទេសចររួមមានទាំងជនជាតិខ្មែរ និង បរទេសផង។

បុរសវ័យ៦០ជាងប្លាយរូបនេះបានរៀបរាប់ថា លោកនិងភរិយាបានថែទាំប្រាសាទមួយនេះជារៀងរាល់ថ្ងៃ ដើម្បីសំដៅធ្វើយ៉ាងណាការពារ និងអភិរក្សប្រាសាទខ្មែរបុរាណឱ្យគង់វង្សយូរអង្វែងដល់កូនចៅជំនាន់ក្រោយទៀត។

លោកតែងមកដាំបាយ និងធ្វើម្ហូបអាហារពេលថ្ងៃ ហើយពេលយប់បានវិលត្រឡប់ទៅលំនៅដ្ឋានវិញ។ទីកន្លែងនេះបានក្លាយជាក្តីស្រម៉ៃរបស់ក្រុមទេសចរចង់មកកម្សាន្ត ហើយគេតែងមកសម្រាកលំហែកាយយកខ្យល់អាកាសបរិសុទ្ធនៅកន្លែងនេះមុនវិលត្រឡប់ទៅវិញ។

លោក ហេង ហៀបបានឱ្យដឹងបន្ថែមថា ក្រោយវិបត្តិជំងឺកូវីដបានធូរស្បើយឃើញថាអ្នកទេសចរចូលមកម្សាន្តនៅកន្លែងតំបន់ប្រាសាទទាំងនេះច្រើនឡើង ក្នុងនេះរាប់ទាំងភ្ញៀវបរទេសផង។

គួរបញ្ជាក់ថាប្រាសាទដែលមានអាយុកាលរាប់រយឆ្នាំនេះ បើទោះបីទទួលរងការបែកពាក់ដោយអន្លើពិតមែន ប៉ុន្តែនៅតែឈរបង្អួតសម្រស់យ៉ាងស្រស់ត្រកាលនាខ្នងភ្នំគូលែន ដែលទាក់ទាញដល់ភ្ញៀវទេសចរចូលកម្សាន្តនិងបន់ស្រន់។ យ៉ាងណាក្តីបើចង់ធ្វើដំណើរទៅដល់ប្រាសាទនេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ត្រូវធ្វើដំណើរតាមម៉ូតូដែលដឹកដោយប្រជាសហគមន៍នៅលើខ្នងភ្នំគូលែន។

សូមបញ្ជាក់ថា ប្រាសាទដំរីក្រាបកសាងអំពីឥដ្ឋ មានតួប៉មបីសង់លើខឿនថ្មបាយក្រៀមតែមួយ និងមានកំពែងថ្មបាយក្រៀមសង់ព័ទ្ធជុំវិញ។ តួប៉មពីរនៅសង្ខាងតួប៉ម កណ្ដាលបានរលំបាក់សល់ត្រឹមមេទ្វារ និងមួយទៀតត្រឹមខឿន រីឯតួប៉មកណ្តាលមាន សភាពល្អច្រើន ហោជាងធ្វើពីឥដ្ឋបាក់បែកផ្នែកខ្លះ និងមានបន្សល់ស្លាកស្នាមបិទ បាយអ ហើយនៅផ្នែកខ្លះនៃតួប្រាសាទមានក្បាច់លម្អផ្សេងៗ។ យើងឃើញមាន បំណែកផ្តែរ បំណែកជើងទម្រស្នាណាទ្រូនី និងសសរពេជ្ររាង៨ជ្រុងចំនួន២នៅល្អ ស្ថិតក្នុងតួប៉មកណ្តាល។ ចំណែកគោបុរៈកសាងពីឥដ្ឋ សព្វថ្ងៃនៅសល់តែគ្រឹះ និងផ្តែរ ទ្វារឆ្លាក់មិនទាន់រួចដែលស្ថិតនៅក្បែរនោះ។ ប្រាសាទនេះពី ដើមមានដម្កល់រូបព្រះវិស្ណុនៅក្នុងតួនីមួយៗ ៕ ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner