រដ្ឋមន្ត្រីក្រសួងសុខាភិបាល បញ្ជាក់ថា អ្នកប៉ះពាល់ ៥នាក់ ជាមួយអ្នកជំងឺអុតស្វា លទ្ធផលតេស្តអវិជ្ជមានទាំងអស់ ខណៈអ្នកជំងឺនឹងជាឆាប់ៗខាងមុខ
ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍ថា អ្នកប៉ះពាល់ចំនួន៥នាក់ ជាមួយអ្នកជំងឺអុតស្វា ជនជាតិនីហ្សេរីយ៉ា លទ្ធផលតេស្តបង្ហាញថា អវិជ្ជមានទាំងអស់ ហើយស្ថានភាពសុខភាពអ្នកជំងឺល្អធម្មតា និងបានជាសះស្បើយឆាប់ៗនេះ។
ការថ្លែងបញ្ជាក់នេះ ខណៈដែលឯកឧត្តម សាស្ត្រាចារ្យ ដឹកនាំក្រុមគ្រូពេទ្យចុះពិនិត្យព្យាបាលជំងឺ និងចាក់វ៉ាក់សាំងដូសជំរុញដល់ពលរដ្ឋនៅសង្កាត់គោកឃ្លៀង កាលពីថ្ងៃទី២៧កក្កដា ឆ្នំា២០២២ ។
ឯកឧត្តម រដ្ឋមន្ត្រីបានបន្តថា រហូតមកដល់ពេលនេះស្ថានភាព សុខភាពអ្នកជំងឺអុតស្វាជនជាតិនីហ្សេរីយ៉ាមិនមានអ្វីធ្ងន់ធ្ងរទេ ហើយគាត់នឹងជាសះស្បើយឆាប់ៗនេះ។ ចំណែកអ្នកប៉ះពាល់ផ្ទាល់៥នាក់ ជាមួយអ្នកជំងឺនេះក៏មិនមានឆ្លងជំងឺនេះដែរ។
ឯកឧត្តម រដ្ឋមន្ត្រី បន្ថែមថា «យើងត្រូវប្រុងប្រយ័ត្នខ្ពស់ បើទោះបីជាវាមានចំនួនតិច និងជាករណីនាំចូលហើយអ្នកដែលប៉ះពាល់ជាមួយអ្នកជំងឺ៥នាក់នោះ ក៏មិនមានឆ្លងដែរក៏ដោយត្រូវបន្តតាមដានអ្នកជំងឺបន្តរហូតដល់២១ថ្ងៃជាបន្តទៀត។ ដូចច្នេះយើងត្រូវប្រុងប្រយ័ត្ន ពិសេសអាជ្ញាធរមូលដ្ឋានដូចជានៅតាមច្រកចេញចូលតាមព្រំដែនអន្តរជាតិទាំងអស់ ព្រោះថាមិនមែនកើតនៅស្រុកខ្មែរយើងទេ វាជាករណីនាំចូលតែបើយើងមិនពិនិត្យតាមដានឱ្យបានហ្មត់ចត់ទេវានឹងអាចឆ្លងក្នុងសហគមន៍របស់យើង»។
ឯកឧត្តម សាស្ត្រាចារ្យ បានបញ្ជាក់ថា ជាការកត់សំគាល់អ្នកដែលឆ្លងជំងឺអុតស្វានេះភាគច្រើនចូលចិត្តទៅកន្លែងកំសាន្តសប្បាយហើយមិនមានការប្រុងប្រយ័ត្ន។
សូមបញ្ជាក់ថា បុរសជនជាតិនីហ្សេរីយ៉ាឆ្លងជំងឺអុតស្វានេះមានឈ្មោះ អូសម៉ុងសាហាហ្សីរីម មានអាយុ២៧ឆ្នាំ បានគេចខ្លួនពីប្រទេសថៃ ហើយបានធ្វើដំណើរចូលមកប្រទេសកម្ពុជា ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញធ្វើការឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី២៣កក្កដា នៅម្តុំផ្សារដើមថ្កូវ សង្កាត់ទួលទំពូង ខណ្ឌចំការរាជធានីភ្នំពេញ ៕ ដោយ៖ សេឌី




