ឯកឧត្តម អ៊ីវ លាង ដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍ ស្តីពីសកម្មភាពការងារប្រចាំខែកក្កដា របស់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ

ភ្នំពេញ៖ ទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម អ៊ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍ ស្តីពីសកម្មភាពការងារប្រចាំខែកក្កដា និងទិសដៅការងារអនុវត្តបន្តសម្រាប់សីហាឆ្នាំ២០២២ របស់អគ្គាធិការដ្ឋាន ដោយមានការចូលរួមពី អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធនៅថ្ងៃទី២៧ខែកក្កដា ឆ្នាំ២០២២។

ឯកឧត្តម អគ្គាធិការ បានកោតសរសើរចំពោះទម្រង់របាយការណ៍ពេលនេះមានលក្ខណៈល្អប្រសើរច្រើន ប៉ុន្ដែនៅបន្តកែសម្រួលទៅទៀត ចាំបាច់ការដឹកនាំអង្គភាពត្រូវមានភាពច្នៃប្រឌិត ដើម្បីឆ្លើយទៅនឹងការវិវត្តន៍នៃស្ថានភាព ដោយឈរលើមូលដ្ឋានការអភិរក្ស និងការអភិវឌ្ឍន៍។ ដោយចំណុចណាល្អ ត្រូវរក្សាទុក ហើយចំណុចមិនល្អ ឬលែងឆ្លើយតបទៅនឹងពេលបច្ចុប្បន្ន ត្រូវតែកែសម្រួល។

ឯកឧត្តម អគ្គាធិការ បន្ថែមទៀតថា អង្គភាពមួយត្រូវរៀបចំការងារឱ្យជាប្រព័ន្ធមួយ ដែលចំណុចនេះ ឯកឧត្តម អគ្គាធិការ បានគូសបញ្ជាក់ថា ការងាររៀបចំជាប្រព័ន្ធ គឺគ្រប់ផ្នែក គ្រប់ជំនាញ ត្រូវសហការធ្វើការជាមួយគ្នា មានសាមគ្គីភាព ឯកសារចេញចូលច្រកតែមួយ ចរន្តឯកសារធ្វើតាមឋានានុក្រម ឆ្លងតាមជំនាញ តាមថ្នាក់ដឹកនាំទទួលបន្ទុកជាបន្តបន្ទាប់។ កាលណាការងាររៀបបានជាប្រព័ន្ធ ករណីអវត្តមានមន្ត្រី ឬថ្នាក់ដឹកនាំណាមួយ ក៍ឯកសារនៅតែចរាចរជាធម្មតា មិនរាំងស្ទះ ដែលធានាបាននិរន្តរភាពការងាររបស់អង្គភាព ជាពិសេសបង្កភាពងាយស្រួលដល់អ្នកបន្តវេននៅពេលចូលមកគ្រប់គ្រងបន្ត។

ទន្ទឹមនឹងនេះ គួរតែលុបបំបាត់ចោលវប្បធម៌ ឬចេតនាអាក្រក់មកលើថ្នាក់ដឹកនាំខ្លួន ឬថ្នាក់ដឹកនាំចូលថ្មី គួរងាកមកខិតខំបំពេញការងារតាមតួនាទីភារកិច្ចរបស់ខ្លួន កែប្រែឥរិយាបថ និងគោរពអនុវត្តតាមការសម្រេចរបស់ថ្នាក់ដឹកនាំ។

ឯកឧត្តម អគ្គាធិការ បានសង្កត់ធ្ងន់ចំពោះការងារធ្វើអធិការកិច្ច ឬចុះអង្កេតដោះស្រាយបណ្តឹង ត្រូវធ្វើការសាកសួរ ធ្វើកំណត់ហេតុឱ្យបានត្រឹមត្រូវ ប្រមូលយកភស្តុតាង ឯកសារពាក់ព័ន្ធឱ្យបានគ្រប់ជ្រុងជ្រោយ ជាពិសេសការធ្វើបាយការណ៍ឱ្យប្រាកដតាមករណីជាក់ស្តែង។ ទន្ទឹមនឹងនេះ អគ្គាធិការដ្ឋាន សូមស្វាគមន៍ និងរីករាយចំពោះមន្ត្រី ឬអ្នកពាក់ព័ន្ធដែលសម្ដែងការមិនពេញចិត្ត ឬមានប្រតិកម្មចំពោះរបាយការណ៍លទ្ធផលរបស់អគ្គាធិការដ្ឋាន តែសូមធ្វើការបញ្ជាក់ដោយមានអំណះអំណាង ឬមានភស្តុតាង ឬទឡ្ហីករណ៍គ្រប់គ្រាន់ ដើម្បីធ្វើការអះអាង ឬប្រតិកម្មទៅនឹងរបាយការណ៍របស់អគ្គាធិការដ្ឋាន ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner