អភិបាលខេត្តបាត់ដំបង ណែនាំឲ្យអាជ្ញាធរស្រុកទាំង៤ ជាប់តំបន់បឹងទន្លេសាប និងមេឃុំត្រូវចុះស្រាវជ្រាវពិនិត្យ និងកំណត់អត្តសញ្ញាណពលរដ្ឋដែលអាស្រ័យយូរឆ្នាំឱ្យបានច្បាស់លាស់ដើម្បីអាជ្ញាធរខេត្តនិងក្រុមការងារពិចារណាស្នើសុំគោលការណ៍សម្រេច
ក្នុងកិច្ចប្រជុំស្ដីពីដំណើរការនៃការកាត់ឆ្វៀលដីតំបន់៣ជូនប្រជាពលរដ្ឋ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានធ្វើការណែនាំដោយជម្រុញដល់អាជ្ញាធរស្រុក និងអាជ្ញាធរមូលដ្ឋាន(មេឃុំ)ពាក់ព័ន្ធទាំងអស់ ដែលនៅជាប់បឹងទន្លេសាបទាំងអស់ ត្រូវស្រាវជ្រាវ ពិនិត្យ និងកំណត់អត្តសញ្ញាណប្រជាពលរដ្ឋរបស់ខ្លួន ដែលកំពុងបោះទីតាំង រស់នៅអាស្រ័យយូរឆ្នាំឱ្យបានជាក់លាក់ច្បាស់លាស់ និង ត្រូវមានការសម្អាងហេតុផលពិតប្រាកដ ដើម្បីឆ្លើយតបទៅនិងគោលនយោយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់ដាក់ចេញបទបញ្ជាណែនាំឲ្យអាជ្ញាធរខេត្ត ពន្លឿនការកាត់ឆ្វៀលដីជូនបងប្អូន។
ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ កាត់ឆ្វៀលដីតំបន់ពីរនិងតំបន់បី ដែលជាភូមិករឬក៏បងប្អូនអាស្រ័យផលយូរមកហើយជូនបងប្អូនប្រជាពលរដ្ឋ តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺធ្វើឡើងក្នុងខណៈដែលអាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង បានចាត់ក្រុមការងារថ្នាក់ខេត្ត និងស្រុកទាំង៤ ឲ្យចុះកំណត់តំបន់ជាក់លាក់ ក្នុងភូមិសាស្ត្រខាងលើ និងដើម្បីពន្លឿនក្នុងការកាត់ឆ្វៀលដីតំបន់២ និងតំបន់៣ ជូនពលរដ្ឋដែលអាស្រ័យផលយូរឆ្នាំមកហើយ ដែលស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកទាំង ៤របស់ខេត្តជាប់បឹងទន្លេសាបរួមមាន៖ ស្រុកមោងឫស្សី,ស្រុកសង្កែ, ស្រុកឯកភ្នំ និងស្រុកថ្មគោល។
ឯកឧត្តម សុខ លូ ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តខិតខំសម្របសម្រួលឱ្យប្រជាពលរដ្ឋដែលអាស្រ័យផលយូរឆ្នាំបានបន្តធ្វើស្រែចំការឲ្យបានទាន់ពេលវេលា។ ឯកឧត្តមក៏បានបន្ថែមថា ចំណែកផ្ទៃដីដែលបានដកហូតកន្លងមក និងការកាន់កាប់ក្រោម១០ឆ្នាំ និងទើបតែកាន់កាប់ទន្រ្ទានថ្មីៗ គឺ៖ហាមដាច់ខាតមិនត្រូវអនុញ្ញាតឱ្យបន្តកាន់កាប់និងអាស្រ័យផលនៅទីនោះទៀតទេ។
ឯកឧត្តមអភិបាលខេត្ត ក៏បានគូសបញ្ជាក់យ៉ាងច្បាស ប្រាប់ដល់អាជ្ញាធរស្រុកទាំង៤ខាងលើថា៖ ពាក់ព័ន្ធការរំកិលដីតំបន់២មកដាក់ជាតំបន់១វិញ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈទីស្ដីការគណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ គឺបានសម្រេចកែសម្រួលផ្ទៃដីចំនួន៥ទីតាំង ទំហំ ៩៨៧ហិកតា៩៥អា ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកមោងឫស្សីបានកាត់ចេញពីតំបន់២ ដាក់បញ្ចូលមកតំបន់១ និងផ្ដល់សិទ្ធិឲ្យជាកម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋ ចំនួន១.២០៩គ្រួសារដែលរស់នៅអចិន្រ្តៃយ៍ និង កំពុងតែអាស្រ័យផលជាក់ស្តែងពិតប្រាកដយូរឆ្នាំមកហើយនោះ។ បន្ថែមពីនេះ ឯកឧត្តមអភិបាលខេត្តក៏បានថ្លែងប្រាប់ទៀតថា៖ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យកែសម្រួលព្រំតំបន់៣ នៃបឹងទន្លេសាបដែលស្ថិតក្នុងភូមិសាស្រ្តឃុំព្រែកហ្លួង ឃុំព្រែកនរិន្ទ និងឃុំពាមឯក នៃស្រុកឯកភ្នំ លើផ្ទៃដីប្រមាណ៤០០ហិកតា ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋចំនួន១៩១គ្រួសារ បានបន្តប្រើប្រាស់ និងអាស្រ័យផលផងដែរ…៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )







