នាយកប្រតិបត្តិក្រុមហ៊ុន Club Eco Water ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម លើការអនុវត្តក្នុងវិស័យកសិកម្មនៅកម្ពុជា
ភ្នំពេញ ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ បានទទួលជួបលោក Satoshi SHIMADA នាយកប្រតិបត្តិក្រុមហ៊ុន Club Eco Water ពិភាក្សាការងារមួយចំនួនដែលក្រុមហ៊ុនបាននិងកំពុងអនុវត្តក្នុងវិស័យកសិកម្មកម្ពុជា។
លោក SHIMADA បានបញ្ជាក់ប្រាប់ឯកឧត្តមរដ្ឋមន្ត្រីថា ក្រុមហ៊ុន Club Eco Water គឺជាក្រុមហ៊ុនតែមួយលើពិភពលោកដែលមានបច្ចេកវិទ្យាវិភាគ និងរំលាយសារធាតុក្នុងទឹក (water solubilization ionize) និងសមាសធាតុរ៉ែផ្សេងៗ រួមទាំងធាតុដែលមានក្នុងរ៉ែ ហើយបម្លែងសារធាតុរ៉ែទាំងនោះទៅជាសារធាតុអ៊ីយ៉ុង និងសារធាតុបំប៉នផ្សេងៗទៀត ដើម្បីជួយដល់ការលូតលាស់របស់ដំណាំបន្លែ ផ្លែឈើដោយកាត់បន្ថយការប្រើប្រាស់ជី និងថ្នាំកសិកម្ម។
បច្ចុប្បន្ន ក្រុមហ៊ុនបានចាប់ដៃគូជាមួយវិស័យឯកជននៅកម្ពុជា ធ្វើការសិក្សាស្រាវជ្រាវ និងពិសោធន៍ ធ្វើយ៉ាងណាឱ្យផលិតផលនេះមានភាពសមស្រប បន្សាំ និងសុវត្ថិភាពសម្រាប់ប្រើប្រាស់ស្របតាមក្សេត្របរិស្ថានកម្ពុជា។ ជារួម ការពិសោធនេះបានអនុវត្តបានជាង ៦ខែមកហើយ លើមុខដំណាំខ្ញី និងដំឡូងជ្វាផ្អែម ដោយក្នុង១លីត្រ អាចលាយជាមួយទឹកពី ៨ ០០០ ទៅ ១០ ០០០លីត្រ ដើម្បីយកទៅស្រោចស្រព និងបាញ់ទៅលើស្លឹក និងដើម។
លោក SHIMADA បន្ថែមថា ផលិតផលនេះក៏អាចប្រើប្រាស់ក្នុងអនុវិស័យផលិតកម្មសត្វផងដែរ សរុបមកគឺពិតជាមានសារៈសំខាន់ និងប្រសិទ្ធភាពខ្ពស់ក្នុងរក្សាបរិស្ថានទឹក និងសុវត្ថិភាពចំណីអាហារ តាមរយៈការកាត់បន្ថយសំណល់ថ្នាំកសិកម្ម និងជាតិពុលផ្សេងៗនៅក្នុងបន្លែ ផ្លែឈើផងដែរ។ អ្វីដែលលោកសង្ឃឹមនោះគឺ នឹងអាចពង្រីកវិសាលភាពនៃបច្ចេកវិទ្យានេះឱ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស ដើម្បីប្រជាជន និងជាពិសេសកុមារដែលជាអនាគតនៃកម្ពុជា អាចបរិភោគបន្លែ ផ្លែឈើដែលមានសុវត្ថិភាព។
បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍របស់លោក SHIMADA ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងស្រាវជ្រាវរបស់លោក និងសហការី ជាពិសេសស្របពេលដែលសកលលោកកំពុងជួយប្រទះវិបត្តិនៃការឡើងថ្លៃនៃតម្លៃជី និងថ្នាំកសិកម្ម។ បច្ចុប្បន្ននេះអាចសន្និដ្ឋានបានថា ផលិតផលនេះគឺល្អ និងមិនប៉ះពាល់ដល់ទាំងអ្នកប្រើប្រាស់ និងអ្នកបរិភោគ។
តែមុននឹងអាចធ្វើការផ្សព្វផ្សាយ និងចែកចាយផលិតផលនេះទៅដល់ប្រជាកសិករ ត្រូវសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម និងអគ្គនាយកសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីយកផលិតផលនេះមកសិក្សាស្រាវជ្រាវ វិភាគ និងពិសោធនៅតាមស្ថានីយកសិកម្មនានាតាមបណ្តាលរាជធានី-ខេត្ត ទៅលើមុខដំណាំដូចជាស្រូវ ដំឡូវមី ពោត ដំណាំសាកវប្បកម្ម និងសត្វឱ្យបានពី ៦ខែ ទៅ ១ឆ្នាំ សិន។ ឯកឧត្តមរដ្ឋមន្ត្រីក៏សង្ឃឹមថា លោក SHIMADA នឹងវិនិយោគបង្កើតរោងចក្រផលិតផលិតផលនេះនៅកម្ពុជានាពេលអនាគត ៕ ដោយ៖សេឌី






