ឡាវមានគម្រោងនាំចូលប្រេងឥន្ធនៈពីអារ៉ាប៊ីសាអូឌីត

វៀងចន្ទន៍៖ រដ្ឋាភិបាលឡាវកំពុងពិចារណាលើការនាំចូលប្រេងឥន្ធនៈពីអារ៉ាប៊ីសាអូឌីត និងនាំចេញកសិផលទៅកាន់ប្រទេសដែលសម្បូរប្រេងមួយនេះវិញ។

កាសែត វៀងចន្ទន៍ថាមស៍ របស់ឡាវ នៅថ្ងៃពុធសប្តាហ៍នេះបានរាយការណ៍ថា បញ្ហាទាំងនេះត្រូវបានលើកឡើងនៅពេលដែលឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសឡាវលោក សាឡឹម សាយ ខុមម៉ាសិត បានជួបពិភាក្សាជាមួយសមភាគីអារ៉ាប៊ីសាអូឌីតព្រះអង្គម្ចាស់ ហ្វៃសាល់ ប៊ីន ហ្វាហាន់ អាល់ ហ្សូដ តាមរយៈតំណភ្ជាប់វីដេអូកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។

លោករដ្ឋមន្ត្រីទាំងពីរបាននិយាយថា ប្រទេសទាំងពីរមានបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ។ នេះបើតាមក្រសួងការបរទេសឡាវ។ ជាពិសេស លោករដ្ឋមន្ត្រីទាំងពីរបានពិភាក្សាគ្នាអំពីលទ្ធភាពនៃការលក់ប្រេងឥន្ធនៈពីអារ៉ាប៊ីសាអូឌីតទៅឱ្យឡាវ និងការនាំចេញកសិផលពីឡាវទៅកាន់អារ៉ាប៊ីសាអូឌីត។

ក្នុងអំឡុងកិច្ចប្រជុំតាមអនឡាញ រដ្ឋមន្ត្រីការបរទេសឡាវបាននិយាយអំពីការរីកលូតលាស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងឡាវ-អារ៉ាប៊ីសាអូឌីត។ បន្ថែមលើនេះ ភាគីទាំងពីរក៏បានឯកភាពគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកតំបន់ និងអន្តរជាតិផងដែរ។

គួរបញ្ជាក់ថា រដ្ឋាភិបាលឡាវបានប្តេជ្ញាធានាថា ការផ្គត់ផ្គង់ប្រេងឥន្ធនៈគ្រប់គ្រាន់ត្រូវបានផ្តល់ជូន ដើម្បីបំពេញតម្រូវការសាធារណៈទូទៅ និងជំរុញកំណើនសេដ្ឋកិច្ច បន្ទាប់ពីកង្វះខាតប្រេងឥន្ធនៈទូទាំងប្រទេសក្នុងខែឧសភា និងខែមិថុនា បណ្តាលឱ្យមានការរំខានយ៉ាងទូលំទូលាយ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner