អភិបាលខេត្តកែប កោតសរសើរដល់មន្ត្រីជំនាញ ដែលខិតខំ ផ្សព្វផ្សាយ និងអនុវត្ត នូវវិធានការការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោកមានប្រសិទ្ធិភាពខ្ពស់

ខេត្តកែប ៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត និងជាប្រធានអនុគណ:កម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកែប បានសំដែងនូវការកោតសរសើរដល់មន្ត្រីជំនាញទាំងអស់ដែលខិតខំប្រឹងប្រែងក្នុងការចូល រួមធ្វើការផ្សព្វផ្សាយ និងអនុវត្តនូវវិធានការការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោកមានប្រសិទ្ធិភាពខ្ពស់ និងដាក់ចេញវិធានការបន្ថែមក្នុងការរឹតបន្តឹងទៅលើការប្រើប្រាស់រថយន្តកែច្នៃ ទោចក្រយាន្តយន្តកែច្នៃ សណ្តោងរឺម៉ក និងគោយន្ត ដើម្បីបញ្ជៀសអោយបាននូវគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ។

កិច្ចប្រជុំនេះរៀបចំឡើងដោយ អនុគណ:កម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកែប នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នេះ ដោយមានការចូលរួមពីសំណាក់ កងកម្លាំងទាំងបី ប្រភេទ អភិបាលក្រុង ស្រុក ប្រធាន អនុប្រធាន និងមន្ត្រីរាជការ ជុំវិញខេត្ត មេឃុំ ចៅសង្កាត់ មេភូមិ លោកគ្រូ អ្នក គ្រូ និងសិស្សានុសិស្សសរុបចំនួន ២៨៥នាក់ ។

លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងជាប្រធានលេខាធិការ ដ្ឋានគណ:កម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកែប បានបញ្ជាក់ថា នៅក្នុងឆមាសទី១ កន្លងមកនេះមន្ត្រីជំនាញបានធ្វើការចុះបញ្ជីយាន្តយន្ត ផ្តល់បណ្ណបើកបរ ត្រួតពិនិត្យលក្ខណ:បច្ចេកទេសយាន្តយន្ត ការចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក ដល់គ្រប់មូលដ្ឋាននានានៅក្នុងខេត្ត។ សម្រាប់ឆមាសទី១ ឆ្នាំ២០២២ នេះ ករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន ៣០លើក បាត់បង់ជីវិត ០៨នាក់ របួស ៦០នាក់ របួសធ្ងន់ ៣២នាក់ បើប្រៀបធៀបនិងរយៈពេលដូចគ្នា ឆមាសទី១ ឆ្នាំ២០២១ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើនឡើង១៤លើក ស្មើនិង ៨៨% អ្នកស្លាប់កើនឡើង ០៣នាក់ ស្មេីនិង ៦០% អ្នករបួសកើនឡើង ៣៨នាក់ ស្មើនិង ១៧២% ។

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ មានប្រសាន៍ថា កន្លងមកករណីគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន បណ្តាលមកពី រថយន្តកែច្នៃ គោយន្តកែច្នៃ បើកបរលើសល្បឿនកំណត់ ព្រមទាំងផ្ទុកមនុស្ស ឬ ទំនិញលើសចំនួនកំណត់ ពេលបើកបរសេពគ្រឿងស្រវឹង និងមិនមានប្រព័ន្ធសុវត្ថិភាពគ្រប់គ្រាន់។

ឯកឧត្តម ក៏បានសំណូមពរដល់គ្រប់ស្ថាប័នពាក់ព័ន្ធក្នុងអនុគណ:កម្មការទាំងអស់ ជាពិសេសមន្ទីសាធារណ:ការនិងដឹកជញ្ជូនខេត្ត បន្តសហការគ្នាជាមួយ អធិការដ្ឋាននគរបាល និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុកត្រូវចុះផ្សព្វផ្សាយ ស្តីពី ច្បាប់ចរាចរណ៍ផ្លូវគោក ចុះចងបដាអប់រំ ស្តីពី ច្បាប់ចរាចរណ៍ និងការរឹតបន្តឹងច្បាប់ចរាចរណ៍គ្រប់គោលដៅដែលបានកំណត់ ព្រមទាំងបានដាក់ចេញនូវអនុសាសន៍មួយចំនួនសម្រាប់យកទៅអនុវត្ត ប្រកបដោយប្រសិទ្ធភាពផងដែរ ៕ Sila Sarin

ads banner