ក្រុមបាល់បោះជិះរទេះជនពិការនារីសង្ឃឹមច្រើន ខណៈក្រុមបុរសប៉ះដៃគូខ្លាំងៗនៅអាស៊ានប៉ារ៉ាហ្គេម
សូឡូ៖ ក្រុមបាល់បោះជិះរទេះនារីពិការកម្ពុជាសង្ឃឹមខ្ពស់ឈ្នះមេដាយពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ ដែលនឹងចាប់ផ្តើមប្រកួតពីថ្ងៃទី៣០ ខែកក្កដា នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។ លោក ម៉ៅ សុខជា គ្រូបង្វឹកក្រុមបាល់បោះជិះរទេះពិការកម្ពុជាទាំងផ្នែកបុរស និងនារី បានឲ្យដឹងថា សហព័ន្ធកីឡាបាល់បោះជនពិការកម្ពុជាបានបញ្ជូលទាំងក្រុមបុរស និងក្រុមនារីចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូនេស៊ី។ ប្រភេទបាល់បោះជិះរទេះនារីពិការនេះទើបតែចូលរួមជាលើកដំបូងក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១នេះ ប៉ុន្តែក្រុមបុរសមានយូរដែរហើយ។
ការដាក់ឲ្យប្រកួតលើកដំបូងនេះ មានប្រទេស៤បានបញ្ជូនក្រុមបាល់បោះជិះរទេះនារីចូលរួមការប្រកួតគឺកម្ពុជា ថៃ ឡាវ និងហ្វីលីពីន។ ការប្រកួតធ្វើតាមរូបមន្តវិលជុំសន្សំពិន្ទុ ដូច្នេះប្រទេសទាំង៤នឹងត្រូវប៉ះគ្នា។ ដោយការប្រកួតសលើកទី១ ក្រុមបាល់បោះជិះរទេះនារីកម្ពុជាជួបក្រុមនារីឡាវ បន្ទាប់ជួបក្រុមនារីថៃ និងចុងក្រោយជួបក្រុមនារីហ្វីលីពីន។ បន្ទាប់មក ក្រុមលេខ១ប្រកួតជាមួយក្រុមលេខ២ដើម្បីដណ្តើមមេដាយមាស និងប្រាក់ ខណៈក្រុមលេខ៣ប្រកួតជាមួយក្រុមលេខ៤ដើម្បីដណ្តើមមេដាយសំរឹទ្ធ។
លោក សុខជា បញ្ជាក់ថា ៖«តាមបទពិសោធប្រកួតមិត្តភាពកន្លងមក យើងរំពឹងថា នឹងអាចទទួលបានជោគជ័យច្រើន។ គូប្រជែងដែលយើងគិតថា ជាឧបសគ្គធំបំផុតគឺក្រុមនារីថៃ។ ប្រសិនបើយើងអាចទទួលបានជ័យជម្នះលើប្រទេសថៃ យើងអាចទទួលបានមេដាយមាស»។ បន្ទាប់ពីធ្វើដំណើរទៅដល់ប្រទេសឥណ្ឌូនេស៊ី និងបានចេញហ្វឹកហាត់ លោកគ្រូបង្វឹក ម៉ៅ សុខជា បានយល់ឃើញថា បច្ចេកទេសហ្វឹកហាត់របស់ក្រុមបុរសកាលនៅខ្មែរ និងឥណ្ឌូនេស៊ីមិនសូវលើសខ្វះគ្នាប៉ុន្មានឡើយ ប៉ុន្តែអ្វីដែលគួរឲ្យកត់សំគាល់គឺល្បឿន។
«ដោយសារទីលានស្តង់ដាងាយស្រួលជាង ធ្វើឲ្យល្បឿនបង្វិល ឬរុញរទេះគឺលឿនជាងកាលហាត់នៅខ្មែរ។ មកដល់ពេលនេះ យើងបានត្រៀមខ្លួនរួចរាល់ហើយ ទាំងសម្ភារ កម្លាំងកាយ និងកម្លាំងចិត្ត ហើយថ្ងៃនេះ យើងធ្វើការហ្វឹកហាត់។ ថ្ងៃនេះនឹងធ្វើការវាយតម្លៃចំណាត់ថ្នាក់ប្រភេទពិការ ហើយបន្ទាប់មកយើងនឹងហាត់អនុវត្តផ្ទាល់ មុនពេលការប្រកួតថ្ងៃស្អែក»។ លោក សុខជា បានលើកឡើង។
ទោះបីជាយ៉ាងណា ក្រុមបាល់បោះជិះរទេះពិការកម្ពុជាជួបដៃគូសុទ្ធតែខ្លាំងៗដែលធ្វើឲ្យក្តីសង្ឃឹមទទួលបានមេដាយហាក់តិចតួចប៉ុណ្ណោះក្នុងនោះមានម្ចាស់ផ្ទះឥណ្ឌូនេស៊ី ហ្វីលីពីន និងថៃ។ ប្រកួតលើកទី១ក្រុមបាល់បោះអង្គុយរទេះពិការកម្ពុជាជួបថៃ លើកទី២ឥណ្ឌូនេស៊ី និងលើកទី៣ប៉ះហ្វីលីពីន។
លោក សុខជា បានប្តេជ្ញាចិត្តថា ៖«ចំពោះការប្រកួតផ្នែកបុរសនេះ យើងនឹងខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព។ ធ្វើយ៉ាងណាឲ្យបានលទ្ធផលប្រសើរ ពីព្រោះយើងប៉ះក្រុមសុទ្ធតែខ្លាំងៗ»។ កាលអាស៊ានប៉ារ៉ាហ្គេម លើកទី៩ ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី ផ្នែកបាល់បោះជិះរទេះបុរសនេះគឺក្រុមថៃឈ្នះមេដាយមាសទាំង២វិញ្ញាសា ខណៈក្រុមម៉ាឡេស៊ីឈ្នះមេដាយប្រាក់ទាំងពីរវិញ្ញាសា ហើយហ្វីលីពីនឈ្នះមេដាយសំរឹទ្ធទាំងពីរវិញ្ញាសា។
សូមបញ្ជាក់ថា ក្រុមបាល់បោះជិះរទេះពិការកម្ពុជាទាំងបុរស និងនារីប្រកួត២វិញ្ញាសាដូចគ្នាគឺ វិញ្ញាសា៣នាក់ទល់៣នាក់ និងវិញ្ញាសា៥នាក់ទល់៥នាក់។ ការប្រកួតប្រភេទកីឡាបាល់បោះជិះរទេះពិការនេះនឹងចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២៕ ចាន់ វិចិត្រ




