រដ្ឋមន្ត្រីយុត្តិធម៌៖ ការលើកឡើងរបស់សង្គមស៊ីវិល និងគណបក្សនយោបាយលើសំណើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ គឺគ្មានមូលដ្ឋានច្បាស់លាស់ និងបំភ្លៃការពិត
ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានមានប្រសាសន៍នៅក្នុងសម័យប្រជុំរដ្ឋសភានាព្រឹកថ្ងៃទី២៨ ខែកក្កដានេះថា ការលើកឡើងរបស់អង្គការសង្គមស៊ីវិល និងអ្នកវិភាគមួយចំនួនតូច ដោយមិនបានសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់លើសំណើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ និងរដ្ឋធម្មនុញ្ញទាំងមូលនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការលើកឡើងនៅក្នុងញ្ញត្តិរួមរបស់គណបក្សនយោបាយចំនួន៤ ដែលបានដាក់ជូនរដ្ឋសភា គឺជាការលើកឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ មិនត្រឹមត្រូវតាមខ្លឹមសារពិតប្រាកដនៃសំណើវិសោធនកម្មនោះទេ។ ការលើកឡើងដែលមានចរិតជាការបំភ្លៃការពិតខុសពីខ្លឹមសារពិតប្រាកដទាំងស្រុង នៃសំណើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានធ្វើការបំភ្លឺចំពោះការលើកឡើងរបស់អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយចំពោះកង្វល់ដែលបានលើកឡើងថា វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរី ពហុបក្ស ឬរបបប្រព័ន្ធសភានិយម ឬរបបរាជានិយមអាស្រ័រដ្ឋធម្មនុញ្ញ គឺជាការលើកឡើងដោយគ្មានមូលលដ្ឋានច្បាស់លាស់ មិនត្រឹមត្រូវតាមខ្លឹមសារពិតប្រាកដ នៃវិសោធនកម្ម និងមានចរិតនៃការបំភ្លៃការពិតទាំងស្រុង។ ការផ្សព្វផ្សាយព័ត៌មានទាំងនេះ គឺបានស្រង់សំដីពីអ្នកវិភាគខ្លះ អ្នកនយោបាយខ្លះ ដែលមានការយល់ដឹងមិនបានស៊ីជម្រៅ និងមិនច្បាស់លាស់ពីបញ្ហានេះ ហើយបានបកស្រាយបំភ្លៃទៅតាមគោលជំហរនយបាយរបស់ខ្លួនខុសពីខ្លឹមសារពិតប្រាកដ និងគោលជំហរពិតប្រាកដ នៃការធ្វើវិសោធនកម្ម នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា លើកទី១០។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបន្តថា កាលពីថ្ងៃទី២៧ ខែកក្កដា ក៏មានអង្គការសង្គមស៊ីវិលមួយចំនួនបានធ្វើសេចក្តីថ្លែងការណ៍ដោយបានលើកឡើងអំពីកង្វល់ដែរថា វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរី ពហុបក្ស និងឬរបបប្រព័ន្ធសភានិយមជាដើម។ អង្គការសង្គមស៊ីវិលដែលបានធ្វើសេចក្តីថ្លែងការណ៍នេះ និងបានលើកឡោះងអំពីកង្វល់នានា ដោយមិនបានសិក្សាស្វែងយល់ឲ្យបានត្រឹមត្រូវនៅខ្លឹមសារគោលបំណងពិតប្រាកដ នៃការវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ បើទោះបីជាខ្លឹមសារនៃការធ្វើវិសោធនកម្មនេះ ត្រូវបានចែកផ្សព្វផ្សាយយ៉ាងទូលំទូលាយ ហើយតំណាងរាជរដ្ឋាភិបាលក៏បានធ្វើសន្និសីទសារព័ត៌មានពន្យល់បន្ថែមអំពីខ្លឹមសារ និងគោលបំណងនៃវិសោធនកម្មនេះរួចហើយក៏ដោយ។ ជារួមសេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិលមួយចំនួនគ្រាន់តែជាការបំពងសំឡេងបន្ថែមនូវអ្វីដែលជាសំដីរបស់អ្នកវិភាគ និងអ្នកនយោបាយ ក៏ដូចជាគណបក្សនយោបាយមួយចំនួនតែប៉ុណ្ណោះ។

ឯកឧត្តម កើត រិទ្ធ បានបញ្ជាក់ជូនរដ្ឋសភាថា “ វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នៃរដ្ឋធម្មនុញ្ញនាពេលនេះ គឺមិនត្រឹមតែមិនប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ តាមបែបរបបសភានិយមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រព័ន្ធប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលមានប្រជាពលរដ្ឋជាម្ចាស់អំណាច ហើយធ្វើឲ្យប្រព័ន្ធប្រជាធិបតេយ្យ សេរី ពហុបក្ស និងប្រព័ន្ធរបបសភានិយម មានកិច្ចដំណើរការប្រព្រឹត្តទៅដោយរលូន និងមិនមានការរាំងស្ទះជាពិសេសការបំពេញបាននូវចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញ និងការធានាឱ្យស្ថាប័នរដ្ឋ ពិសេសអំណាចនីតិប្រតិបត្តិដែលមានបេសកកម្មចម្បងក្នុងការដឹកនាំការងារទូទៅរបស់រដ្ឋមានកិច្ចដំណើរការប្រព្រឹត្តទៅដោយរលូនមិនជាប់គាំងប្រកបដោយនិរន្តភាពនៅគ្រប់កាលៈទេសៈ ដើម្បីបំពេញបេសកកម្មបម្រើផលប្រយោជន៍របសើជាតិ និងប្រជាជនកម្ពុជា ដូចអ្វីដែលរាជរដ្ឋាភិបាលបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងហេតុជូនមករដ្ឋសភា”៕
ដោយ៖ពលជ័យ
រូបភាព៖រដ្ឋសភា