សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឲ្យបេក្ខជនជ័យលាភីអាហាររូបករណ៍ សិក្សានៅប្រទេសជប៉ុន ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍
ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដានេះ បានអនុញ្ញាតឱ្យបេក្ខជន បេក្ខនារីជ័យលាភីអាហាររូបករណ៍ប្រទេសជប៉ុនសម្រាប់អភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ហៅកាត់ថា JDS (Japanese Scholarship For Human Resource Development) ចំនួន ២៤នាក់ ដែលនឹងត្រូវបន្តការសិក្សានៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ ចូលជួបសម្តែងការគួរសម ដើម្បីទទួលអនុសាសន៍ណែនាំស់ពីសម្តេច នៅវិមានព្រឹទ្ធសភា។
កញ្ញា សៅ សម្ពស្ស មន្រ្តីរាជការនៃក្រសួងបរិស្ថាន តំណាងឱ្យក្រុមនិស្សិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យឱ្យបេក្ខជន បេក្ខនារី ជ័យលាភីអាហាររូបករណ៍អភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍នាឱកាសនេះ។
កញ្ញា សៅ សម្ពស្ស បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភា អំពីសមាសភាពបេក្ខជន បេក្ខនារីទាំង ២៤នាក់នេះ ដែលជាមន្ត្រីរាជការបម្រើការងារនៅតាមបណ្តាក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ដែលបានប្រឡងជាប់អាហាររូបករណ៍ ទៅសិក្សានៅប្រទេសជប៉ុន ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សារយៈពេល ២ឆ្នាំ ឆ្នាំសិក្សា ២០២២-២០២៣ លើជំនាញ៖ អភិវឌ្ឍន៍រដ្ឋបាលសាធារណៈ សេដ្ឋកិច្ច បច្ចេកវិទ្យា នីតិសាស្ត្រ ទំនាក់ទំនងអន្តរជាតិ គុណភាពនៃការអប់រំ វិស័យសុខាភិបាល វិស័យទឹកស្អាត ពង្រឹងវិស័យជនបទ ពង្រឹងវិស័យកសិកម្ម និងជំនាញអភិបាលកិច្ច។
ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះក្មួយៗដែលជាបេក្ខជន បេក្ខនារីជ័យលាភីអាហាររូបករណ៍ ដែលត្រូវទៅបន្តការសិក្សានៅប្រទេសជប៉ុន។
សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្មួយៗដែលជាមន្រ្តីរាជការតាមក្រសួង ស្ថាប័ននានា ដែលខិតបានខិតខំធ្វើការផង ខិតខំរៀនសូត្របន្ថែមផងរហូតសម្រេចបាននូវជ័យលាភីអាហារូបករណ៍នៃប្រទេសជប៉ុន។ នេះមិនគ្រាន់តែជាមោទនភាព និងកិត្តិយសសម្រាប់ផ្ទាល់ខ្លួនរបស់ក្មួយៗទាំងអស់តែប៉ុណ្ណោះទេ ប៉ុន្តែជាកិត្តិយសសម្រាប់គ្រួសារក្មួយៗ ស្ថាប័នដែលបំពេញការងារ សង្គមជាតិ និងប្រទេសជាតិផងដែរ។
សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា ដូចក្មួយៗទាំងអស់បានជ្រាបហើយថា ជាង២ឆ្នាំកន្លងមកនេះ កម្ពុជាយើង ក៏ដូចជាបណ្ដាប្រទេសទាំងអស់នៅលើពិភពលោកទាំងមូល សុទ្ធតែត្រូវបានរងនូវគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរពីជំងឺដ៏កាចសាហាវកូវីដ-១៩។ នៅកម្ពុជាយើង រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាទិញវ៉ាក់សាំង និងទទួលជំនួយវ៉ាក់សាំងពីប្រទេសនានា មកចាក់ជូនប្រជាជនគ្រប់រូបដោយគ្មានការរើសអើង និងមិនគិតថ្លៃ។ ប្រការនេះបានធ្វើឲ្យកម្ពុជាយើងក្លាយជាប្រទេសដែលគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ។ ទោះបីជាយ៉ាងនេះក្តី ការចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន ដូសជំរុញទី៣ ទី៤ និងទី៥ និងការចាក់វ៉ាក់សាំងជូនដល់កុមារចាប់ពីអាយុ ៣ឆ្នាំឡើង ត្រូវបានធ្វើជាបន្តបន្ទាប់។ ដោយការគ្រប់គ្រង ការរីករាលដាលនៃជំងឺកូវិដ-១៩បានយ៉ាងល្អដូចនេះ ទើបកម្ពុជាយើងត្រូវបានវាយតម្លៃថា ជាប្រទេសឈានមុខគេនៅលើពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ-១៩។ រាជរដ្ឋាភិបាលបានបើកប្រទេសឡើងវិញលើគ្រប់វិស័យ កាលពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២១។ តាមការព្យាករណ៍របស់ធនាគារពិភពលោក កម្ពុជាអាចសម្រេចបានកំណើនសេដ្ឋកិច្ច ក្នុងឆ្នាំ២០២២ ប្រមាណ ៤,៥% និងឆ្នាំ២០២៣ ប្រមាណជា ៥,៨%។ ជាមួយនឹងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវិដបានល្អ រាជរដ្ឋាភិបាលធានាបាននូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច រក្សាលំនឹងជីវភាពរស់នៅរបស់ប្រជាជន ផ្សារភ្ជាប់ជាមួយនឹងការអនុវត្តយុទ្ធសាស្រ្ត និងកម្មវិធីរស់នៅជាមួយកូវិដ-១៩តាមគន្លងប្រក្រតីភាពថ្មីឆ្នាំ២០២១-២០២៣ ឲ្យសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ។
ក្នុងបរិបទជំងឺកូវិដ-១៩ វិបត្តិជំងឺកូវិដ-១៩ ការប្រកួតប្រជែងខាងភូមិសាស្រ្តនយោបាយរវាងមហាអំណាច និងឥទ្ធិពលនៃសង្គ្រាម រុស្ស៊ី អ៊ុយក្រែន បច្ចុប្បន្ននេះកម្ពុជាយើងនូវតែរក្សាបានសន្តិភាព ឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីយ៉ាងគត់មត់។
លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ត្រូវបានស្ថាប័នមានសមត្ថកិច្ចនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងប្រជាជនយើងគោរព និងអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់។ ការបោះឆ្នោតកាលពីថ្ងៃទី៥ ខែមិថុនាឆ្នាំ២០២២កន្លងទៅនេះ បានប្រព្រឹត្តិទៅក្នុងបរិយាកាសសន្តិភាព គ្មានអំពើហឹង្សា គ្មានការគម្រាមកំហែង មានលក្ខណៈសេរី និងយុត្តិធម៌ដែលទាំងអស់គ្នាអាចទទួលយកបាន។ លទ្ធផលនៃការបោះឆ្នោតបានបង្ហាញច្បាស់ថា ប្រជាជនកម្ពុជាភាគច្រើនលើសលប់ដែលមិនគ្រាន់តែបោះឆ្នោតសំដែងការជឿទុកចិត្តចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្នទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោម-ជាតិប៉ុណ្ណោះទេ គឺនូវបានសម្តែងឲ្យឃើញនូវការគាំទ្រដល់សន្តិភាព ស្ថេរភាព ព្រមទាំងការអភិវឌ្ឍន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ជំនឿដ៏រឹងមាំដែលមិនអាចថមថយបាននេះ នឹងស្ថិតនៅជានិច្ចជាមួយនឹងការដឹកនាំនិងគ្រប់ការបោះឆ្នោតនៅពេលអនាគតថែមទៀត។
សម្តេចប្រធានព្រឹទ្ធសភាបានណែនាំដល់ក្មួយៗទាំងអស់ ក្នុងរយៈពេលរៀនសូត្រនៅប្រទេសជប៉ុនត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានល្អនូវបញ្ហាមួយចំនួនដូចជា៖ គោរព និងអនុវត្តឲ្យបានម៉ឺងម៉ាត់នូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិទាំងអស់របស់ប្រទេសសាមីព្រមទាំងបទបញ្ជា និងវិន័យរបស់សាលា។ កសាងទំនាក់ទំនងល្អជានិច្ចជាមួយគណៈដឹកនាំសាលា សាស្រ្តចារ្យ បុគ្គលិកសិក្សា និងមិត្តភក្តិនៅក្នុងសាលាទាំងអស់ ទាំងជនជាតិជប៉ុន ទាំងនិស្សិតបរទេស។ រក្សាប្រពៃណី ទំនៀមទំលាប់ដ៏ល្អរបស់ខ្មែរយើងដែលជាប្រទេសមានអារ្យធម៌តាំងពីយូរលង់មកហើយ។ រក្សាឲ្យបានល្អនូវទំនាក់ទំនងជាមួយអាជ្ញាធរសាធារណៈ និងប្រជាជនជប៉ុន។ ខិតខំផ្សព្វផ្សាយអំពីប្រវត្តិសាស្រ្ត ប្រពៃណី វប្បធម៌ សក្តានុពលនៃការវិនិយោគ និងវិស័យទេសចរណ៍ ព្រមទាំងសភាពការណ៍ សមិទ្ធផលរបស់សង្គមជាតិយើង ជូនប្រជាជនជប៉ុនក៏ដូចជាមិត្តភក្តិ នៅក្នុងសាលាដើម្បីបានជ្រាបច្បាស់អំពីសភាពការណ៍ពិតនៅកម្ពុជា។ ខិតខំធ្វើទំនាក់ទំនងជាមួយបងប្អូនខ្មែរដែលរស់នៅ និងធ្វើការងារនៅប្រទេសជប៉ុនដើម្បីផ្សព្វផ្សាយជូននូវព័ត៌មានពិតអំពីប្រជាជន និងប្រទេសជាតិយើងសំដៅឲ្យបងប្អូនខ្មែរយើងនៅទីនោះបានជ្រាបអំពីការពិតរបស់ប្រទេសយើង។ ជាពិសេសសូមខិតខំថែរក្សាសាមគ្គីភាពក្នុងចំណោមជ័យលាភីអាហារូបករណ៍ទាំងអស់ដែលត្រូវទៅរៀននៅប្រទេសជប៉ុនក្នុងជំនាន់ជាមួយគ្នា តាមសុភាសិតបុរាណរបស់ខ្មែរយើង «“នៅផ្ទះម្តាយទីទៃ ទៅព្រៃម្តាយតែមួយ”»»។ ក្មួយៗទាំងអស់ត្រូវប្តេជ្ញាចិត្តខ្ពស់ ខិតខំរៀនសូត្រឲ្យទទួលបាននូវនិទ្ទេសន៍ខ្ពស់គ្រប់ៗគ្នា។ ប្រទេសជាតិ និងប្រជាជនរងចាំក្មួយៗទាំងអស់រៀនបានចប់ប្រកបដោយជោគជ័យ ហើយវិលត្រឡប់មកកាន់មាតុភុមិវិញ ដើម្បីចូលរួមអឡិវឌ្ឍប្រទេសជាតិឆ្ពោះទៅកាន់ភាពសម្បូរ រុងរឿង និងសុភមង្គលនាពេលអនាគត៕ ដោយ / គ្រី សម្បត្តិ









