ទិវាមច្ឆាជាតិឆ្នាំនេះ ខេត្តកំពង់ឆ្នាំង លែងកូនត្រីពូជ និង មេពូជត្រី ៦ម៉ឺន ក្បាល ចូលទៅក្នុងអាងទឹកឈ្វាំង ស្ថិត ក្នុងឃុំរលាប្អៀរ ស្រុករលាប្អៀរ
កំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្ធទិវាមច្ឆាជាតិ ១កក្កដានៅអាងទឹកឈ្វាំង ស្ថិតនៅឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និង លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ប្រជាពលរដ្ឋ សិស្សានុសិស្ស យ៉ាងច្រើនកុះករផដែរ ។
លោក ងិន ហ៊ុន ប្រធានមន្ទីរ កសិម្មរុក្ខា ប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានបញ្ជាក់ឱ្យដឹងថា ការរៀបចំប្រារព្ធ ទិវាមច្ឆាជាតិនាឆ្នាំនេះ ខេត្តកំពង់ឆ្នាំង បានលែងកូនត្រីពូជ និង មេពូជត្រី៦ម៉ឺន ក្បាលចូលទៅក្នុងអាងទឹកឈ្វាំង ស្ថិត
ក្នុងឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមានត្រីរ៉ស់ ត្រីអណ្តែង ត្រីក្រាញ់ ត្រីខ្យា ត្រីព្រលូង ត្រីកាហែរ ។
ឯកឧត្តម បណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន បានមានប្រសាសប៍ថា ការលែងកូនត្រីពូជ គឺដើម្បី បំផុសមហាជនឱ្យមាន
ស្មារតីចូលរួមការពារ អភិរក្ស និង អភិវឌ្ឍន៍ធនធានជលផលឱ្យមាន
ភាពប្រសើរឡើង ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល កំណែទម្រង់វិស័យជលផល ដោយបានលុបឡូត៍នេសាទទាំងអស់ ហើយបានប្រគល់សិទ្ធិអំណាចទៅឱ្យសហគមន៍គ្រប់គ្រង និងរៀបចំផែនការសម្រាប់ អភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន ។
ឯកឧត្តមបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន បានអំពាវនាវដល់អាជ្ញាធរត្រូវបន្តផ្សព្វផ្សាយច្បាប់ស្តីពីជលផល លិខិតបទដ្ឋានគតិយុត្តិនានា ជូនដល់ប្រជាពលរដ្ឋអោយបានយល់ ត្រូវធ្វើ
ការបង្កា្របបទល្មើសនេសាទមានតម្លាភាព ដោយធ្វើការសហការណជាមួយ សមត្ថកិច្ចនិងអង្គភាពពាក់ព័ន្ធ។ បំផុសឱ្យប្រជាពលរដ្ឋ អភិវឌ្ឍន៍ វារីវប្បកម្ម ពង្រឹងសមត្ថភាពដល់មន្រ្តីជំនាញ សហគមន៍នេសាទដែលបានបង្កើតរួចអោយបានរឹងមាំ។ ត្រូវរួមគ្នាថែរក្សាព្រៃលិចទឹកអោយបានគង់វង្ស
កុំធ្វើការនេសាទខុសច្បាប់ ដែលនាំអោយ វិនាសពូជត្រីទាំងស្រុងនាពេលអនាគត៕សុខ គឹមសៀន













