ឯកឧត្តម ស សុខា ប្រធានសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជា ធ្វើដំណើរទៅដល់ប្រទេសថៃហើយ ដើម្បីចូលរួមពិធីបើកកីឡាសកលវិទ្យាល័យអាស៊ានលើកទី២០
ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងជាប្រធានសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជា បានធ្វើដំណើរទៅដល់ប្រទេសថៃហើយ កាលពីល្ងាចថ្ងៃទី២៧ ខែ កក្តដា ម្សិលមិញនេះ ដើម្បីចូលរួមក្នុងពិធីបើកកីឡាសកលវិទ្យាល័យអាស៊ានលើកទី២០ នៅ ខេត្ត អូប៊ុន រ៉ាតចាថានី ប្រទេសថៃ។
ឯកឧត្តម ប្រធាន សហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជា នៅថ្ងៃទី២៨ ខែ កក្តដានេះ នឹងដឹកនាំគណៈប្រតិភូគ្រូបង្វឹកកីឡាករកីឡាការិនីកម្ពុជាទាំង៥ប្រភេទកីឡាចូលរួមនៅក្នុងពិធីបើកការប្រកួតផ្លូវការនៅសាកលវិទ្យាល័យ Rajabhat ខេត្ត អូប៊ុន រ៉ាតចាថានី ប្រទេសថៃ។
ប្រតិភូទាំង៥ប្រភេទកីឡារបស់កម្ពុជាមាន កីឡាអត្តពលកម្ម ប៉េតង់ ការ៉ាតេ តេក្វាន់ដូWTនិង និង គុនដាវ ។
ព្រឹត្តិការណ៍កីឡាសកលវិទ្យាល័យអាស៊ានលើកទី២០នេះ មានប្រទេសចូលរួមចំនួន១១ក្នុងតំបន់អាស៊ាន បានរៀបចំឡើងក្នុងគោលបំណងបំផុសចលនាឲ្យនិស្សិតកម្រិតឧត្តមសិក្សាចូលរួមលេងកីឡា ដើម្បីសុខភាព និងការីកចំរើនផ្នែកបញ្ញាស្មារតី ពិសេស បង្កើតការជួបជុំគ្នារៀងរាល់២ឆ្នាំម្តង ដើម្បីបង្កើតបរិយាកាសសន្តិភាពនិងមិត្តភាពសាមគ្គីភាព
ប្រាស្រាយទំនាក់គ្នាឲ្យកាន់តែស្អិតរមួតរវាងនិស្សិតទាំង១១ប្រទេសក្នុងតំបន់អាស៊ាន។ ជាមួយគ្នានេះដែរ សម្រាប់កម្ពុជា យកឱកាសចូលរួមក្នុងព្រឹត្តិការណ៍មួយនេះ ជាការដុះខិតសមត្ថភាពនិស្សិតដែលជាកីឡាជំនាញ ត្រៀមសម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាសកលវិទ្យាល័យអាស៊ានលើកទី២០ ដំណើរការប្រកួតពីថ្ងៃទី២៦ ដល់ថ្ងៃ ទី៦សីហា ឆ្នាំ២០២២ ដោយមាន២៣ប្រភេទកីឡាដាក់ឲ្យប្រកួតប្រជែង ហើយ សម្រាប់កម្ពុជាបញ្ជូនតែ៥ប្រភេទកីឡាសក្តានុពលចូលរួមប៉ុណ្ណោះ៕
អត្ថបទ៖ ជាវ ចន្ធូ



