អាជ្ញាធរសវនកម្មជាតិផ្សព្វផ្សាយច្បាប់ស្តីពីសវនកម្ម និង ស្ដង់ដារសវនកម្មសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជាជូនដល់មន្រ្តីរាជការខត្តរតនគិរី

រតនគិរី ៖ សិក្ខាសាលានេះប្រាព្ធធ្វើឡើងនៅសាលប្រជុំភោជនីដ្ឋានរតន:លីណា នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ុក សារាវុធ អគ្គសវនកររង តំណាងលោកជំទាវបណ្ឌិត សោម គីមសួគ៌ អគ្គសវនករ នៃអាជ្ញាធសវនកម្មជាតិ និងមានការចូលរួមពី ឯកឧត្តម សុឹម សនឡៃ សមាជិកក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម មួង ប៉ាង អភិបាលរងខេត្តរតនគីរី មន្រ្តីរាជការនៅតាមមន្ទីរ ជំនាញ និងអង្គភាពពាក់ព័ន្ធ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ នៃរដ្ឋបាលខេត្តរតនគិរី សរុបចំនួន ១២៣នាក់ ។

ឯកឧត្តម មួង ប៉ាង អភិបាលរងខេត្តបានចាត់ទុកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីសវនកម្ម និងស្ដង់ដារសវនកម្មសាធារណៈ នៃព្រះរាជណាចក្រកម្ពុជានាពេលនេះ គឺជាកាលានុវត្តភាពមួយ ក្នុងការស្វែងយល់អំពី ច្បាប់ស្តីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តមអភិបាលរងខេត្តបានស្នើរឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ ព្រមទាំងលើកជាសំណួរឲ្យផុលផុស។

ឯកឧត្តមបណ្ឌិត អ៊ុក សារាវុធ មានប្រសាសន៍ថា អង្គសិក្ខាសាលានាពេលនេះមាន គោលបំណងធ្វើឱ្យមានអភិបាលកិច្ចល្អ និងចូលរួមចំណែកកាត់បន្ថយ និងទប់ស្កាត់នូវរាល់កំហុសឆ្គងលើការគ្រប់គ្រង ការប្រើប្រាស់ ថវិកាជាតិ ការគ្រប់គ្រងធនធាន ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដើម្បីឈានទៅបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋ។ ឯកឧត្តម បណ្ឌិត បានមានប្រសាសន៍បន្តទៀតថា អាជ្ញាធរសវនកម្មជាតិ ជាស្ថាប័នសវនកម្មកំពូល ដែលមិនអាចខ្វះបានក្នុងបរិបទនៃប្រទេសកម្ពុជា ដែលជាប្រទេសប្រកាន់គោលការណ៍នីតិរដ្ឋ និងប្រជាធិបតេយ្យ។ ហេតុដូច្នេះហើយ ទើបតម្រូវឱ្យអង្គភាព ស្ថាប័ន និងមន្ទីរជំនាញ ព្រមទាំងក្រុង ស្រុក ឃុំ សង្កាត់ ចំណុះរដ្ឋបាលខេត្តរតនគិរីទាំងអស់ចាំបាច់ត្រូវបន្តសហការជាមួយអាជ្ញាធរសវនកម្មជាតិ ដើម្បីពង្រឹង អភិបាលកិច្ចល្អ លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែលម្អរាល់ចំណុចដែលអនុវត្តមិនទាន់បានពេញលេញ សំដៅជំរុញឱ្យការអនុវត្តការងារទទួលបានប្រសិទ្ធិផលខ្ពស់។

ឯកឧត្តម បណ្ឌិត ព្រហ្ម វិចិត្រសុភ័ណ្ឌ អគ្គលេខាធិការរង និងជាគ្រូឧទ្ទេសនាម នៃអាជ្ញាធរសវនកម្មជាតិ ក៏បានធ្វើបទឧទ្ទេសនាមស្តីពី “ច្បាប់ស្តីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា” ដោយកំណត់លើ ៤ ចំណុចសំខាន់ៗ រួមមាន៖ ទី១-សាវតាស្ថាប័នអាជ្ញាធរសវនកម្មជាតិ ទី២-ហេតុអ្វីត្រូវមានច្បាប់ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា ទី៣-ខ្លឹមសារនៃច្បាប់សវនកម្ម នៃព្រះរាជាណាចក្រកម្ពុជា និង ទី៤-ស្តង់ដារសវនកម្មសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដម ន្ថែមថា អាជ្ញាធរសវនកម្មជាតិ គឺជាស្ថាប័នសាធារណៈឯករាជ្យអំពីកិច្ចប្រតិបត្តិការនៃការងារ និងមានភារកិច្ចធ្វើការត្រួតពិនិត្យ និងផ្តល់អនុសាសន៍កែលម្អលើរាល់កំហុសឆ្គងរបស់អង្គភាពរង សវនកម្មព្រមទាំងធ្វើរបាយការណ៍ស្តីពីលទ្ធផលការងារជូនស្ថាប័ននីតិបញ្ញត្តិ ពោលគឺ រដ្ឋសភា និង ព្រឹទ្ធសភា និងចម្លងជូនរាជរដ្ឋាភិបាល ព្រមទាំងធ្វើការផ្សព្វផ្សាយរបាយការណ៍សវនកម្មជាសាធារណៈ ៕ ដោយ គតិ យុត្ត

ads banner