កម្ពុជា និង នីហ្សេរីយ៉ា ពង្រីកកិច្ចសហប្រតិបត្តិការក្នុងគោលបំណងរួមគ្នាអភិវឌ្ឍន៍វិស័យកសិកម្ម នៃប្រទេសទាំងពីរ
ភ្នំពេញ ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ បានជួបពិភាក្សាការងារលើវិស័យកសិកម្មជាមួយលោកជំទាវ Folakemi I. Akinleye ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីនៃ សាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ា ប្រចាំកម្ពុជា ដែលមាននិវេសដ្ឋាននៅទីក្រុងម៉ានីល ។
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានធ្វើការអបអរសាទរចំពោះលោកជំទាវដែលត្រូវបានរដ្ឋាភិបាល នៃសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ាផ្តល់សេចក្តីទុកចិត្ត និងគាំទ្រតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីប្រចាំកម្ពុជា។ ឯកឧត្តមបន្ថែមថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា វិស័យកសិកម្មមានការរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសពីប្រទេសដែលធ្លាប់អសន្តិសុខស្បៀងសម្រាប់ផ្គត់ផ្គង់ប្រជាជនខ្លួន មកជាប្រទេសដែលមានអតិរេកស្បៀងចំនួនជាង ៦លានតោន និងកំពុងជំរុញការកែច្នៃ វេចខ្ចប់ប្រកបដោយគុណភាព និងសុវត្ថិភាព ដើម្បីធ្វើការនាំចេញទៀតផង។ ហេតុនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្វាគមន៍ក្នុងការផ្លាស់ប្តូរ និងចែករំលែកបទ ពិសោធ ចំណេះដឹង ចំណេះធ្វើ ហើយក៏មានបំណងចង់បានបទពិសោធពីសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ាផងដែរ ជាពិសេសលើការបំពេញខ្សែច្រវាក់ផលិតកម្ម ការកសាងសមត្ថភាពរបស់វិស័យឯកជន និងទីផ្សារ។
លោកជំទាវឯកអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្ត្រី និងសហការី ទន្ទឹមនឹងនេះតាម រយៈឯកឧត្តមរដ្ឋមន្ត្រីក៏សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបានសមិទ្ធផលជាច្រើនលើគ្រប់វិស័យ ជាពិសេសក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។ ចំពោះជំនួប នារសៀលថ្ងៃនេះ គឺដើម្បីពង្រីកកិច្ចសហប្រតិបត្តិការក្នុងគោលបំណងរួមគ្នាអភិវឌ្ឍន៍វិស័យកសិកម្មនៃប្រទេសទាំងពីរ។
លោកជំទាវមានប្រសាសថា ស្បៀងអាហារ និងសន្តិសុខស្បៀងគឺសំខាន់ណាស់សម្រាប់នីហ្សេរីយ៉ា ដែលខ្លួនមានប្រជាជនរហូតដល់ ២០០លាននាក់ ដូច្នេះដើម្បីធានាដល់ការផ្គត់ផ្គង់ វិស័យកសិកម្មរបស់នីហ្សេរីយ៉ា ក៏បាននិងកំពុងមានការកែប្រែផងដែរ ពីការធ្វើកសិកម្មខ្នាតតូចមកជាកសិ-ឧស្សាហកម្ម។
លោកជំទាវសង្ឃឹមថា ភាគីកម្ពុជា នឹងអាចផ្តល់កិច្ចសហប្រតិបត្តិការ ចែករំលែកបទ ពិសោធជាពិសេសលើផលិតកម្មស្រូវ ពូជស្រូវ កៅស៊ូ ដំឡូវមី ស្វាយចន្ទីរ និងវារីវប្បកម្ម ហើយសង្ឃឹមថា នឹងអាចចុះអនុស្សារណៈនៃការយោគយល់គ្នានាពេលអនាគត។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ឯកភាពចំពោះការលើកឡើងរបស់លោកជំទាវ នឹងជូនពរអាណត្តិការទូតរបស់លោកជំទាវទទួលបានជោគជ័យ និងសង្ឃឹមថាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងអាចពង្រីកដូចការរំពឹងទុក ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យកសិកម្មប្រកបដោយចីរភាព និងនិរន្តរភាព៕ ដោយ ៖ ក្រសួងកសិកម្ម







