ហេដ្ឋារចនាសម្ព័ន្ធ មួយចំនួនក្នុងស្រុកបុរីអូរស្វាយសែនជ័យ នឹងត្រូវរៀបចំជួសជុលឡើងវិញដោយក្រុមការងារនៃក្រសួងព្រះបរមរាជវាំង

ខេត្តស្ទឹងត្រែង ៖ គណៈប្រតិភូរបស់ ក្រសួងព្រះបរមរាជវាំង អមដំណើរដោយអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញចុះត្រួតពិនិត្យ នូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងស្រុកបុរីអូរ ស្វាយសែនជ័យ ដែលជាស្នាព្រះហស្ថព្រះ ករុណា ព្រះ បាទ សម្ដេច ព្រះ នរោត្តម សីហនុ ព្រះ មហា វីរ ក្សត្រ ព្រះ វរ រាជ បិតា “ព្រះបរមរតនកោដ្ឋ” ដើម្បីធ្វើការជួសជុលឡើងវិញក្រោយពីមានសភាពទ្រុឌទ្រោមនៃអាយុកាលដ៏យូរឆ្នាំណាស់មកហើយ ។ មានប្រសាសន៍ក្នុងឱកាសនារសៀលថ្ងៃទី២៧កក្កដានេះ ក្នុងដំណើរចុះត្រួតពិតិន្យ នូវទីតាំងសាលារៀន មណ្ឌលសុខភាព និងស្តូបព្រះបរមរតនកោដ្ឋ ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាព្រះមហាក្សត្រ និងជា ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូ
ទៅអមក្រសួងព្រះបរមរាជវាំង បានបញ្ជាក់ថាៈស្តូបអនុស្សាវរីយ៍ស្រុកបុរីអូរស្វាយសែនជ័យនេះ ត្រូវបានសាងសង់ឡើងនៅឆ្នាំ១៩៦៣ដល់
ឆ្នាំ១៩៦៧ ក្រោមស្នាព្រះហស្ថព្រះបរមរតនកោដ្ឋ ក្នុងព្រះរាជបំណង ការពារបូរណៈភាពទឹកដី ។

ឯកឧត្តម គុយ សុផល បានបន្តថា ការកែលម្អឡើងវិញនូវសោភ័ណ្ឌភាពសួនច្បារ និងស្តូបអានុស្សាវរីយ៍នេះ នឹងចាប់អនុវត្តក្នុងពេលឆាប់ៗខាងមុខ ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរណ៍ មកទស្សនាស្នាមព្រះហស្ថរបស់សម្តេចតា ព្រះបាទសម្តេចព្រះនរោត្តមសីហនុ”ព្រះបរមរតនកោដ្ឋ” និងការអភិវឌ្ឍន៍នានារបស់ស្រុកបុរីអូរស្វាយសែនជ័យ ក៏នឹងកំពុងខិតខំកសាងអភិវឌ្ឍទីប្រជុំជន ក្នុងស្រុកជាបណ្ដើរៗផងដែរ ។

ឯកឧត្តម សង្ឃឹមថា ស្តូបអានុស្សាវរីយ៍បុរីអូរស្វាយ បានក្លាយជាទីទាក់ទាញគួរឲ្យកត់សម្គាល់សម្រាប់ភ្ញៀវទេសចរណ៍ ដែលទៅកម្សាន្តនៅស្រុកមួយនេះ ខណៈទីស្តូបប្រវត្តិសាស្ត្រនេះ មានអាយុកាលជិត ៦០ឆ្នាំមកហើយ ៕ ដេង ម៉ាវិន

ads banner