ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត លើកកម្ពស់វិស័យឯកជន (Video Inside)
រោងចក្រផលិតស្រាបៀអ៊ិនធើ-ម៉ាទ្រីដ បេវើរិច (ខេមបូឌា) ដែលជាក្រុមហ៊ុនជួយបង្កើតការងារពលរដ្ឋ និងរួមចំណែកបង្កើនចំណូលពន្ធដល់រដ្ឋ បានសម្ពោធជាផ្លូវការនៅថ្ងៃទី២៨កក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។
រោងចក្រផលិតស្រាបៀអ៊ិនធើ-ម៉ាទ្រីដ បេវើរិច (ខេមបូឌា) មានទីតាំង នៅក្នុងភូមិស្តៅកន្លែង២, ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងរោងចក្រនេះបានជួយ បង្កើតការងារចំនួន៥៥០កន្លែង។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា ដំណើរការនៃរោងចក្រផលិតស្រាបៀរនេះ «បានបង្ហាញឱ្យឃើញអំពីសក្តានុពលនៃវិស័យវិនិយោគនៅកម្ពុជា ហើយក៏ជាការគាំទ្រដល់ការបោះជំហានទៅមុខនៃចក្ខុវិស័យក្នុងការជំរុញកែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជាពី ”ឧស្សាហកម្មអតិពលកម្ម“ ឈានទៅជា “ឧស្សាហកម្មផ្អែកលើជំនាញ និងបច្ចេកវិទ្យា” ដូចមានកំណត់នៅក្នុងគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ របស់រាជរដ្ឋាភិបាល»។
លោកឧត្តមសេនីយឯកបានលើកឡើងជុំវិញដំណើរការសេដ្ឋកិច្ចកម្ពុជារយៈពេល២០ឆ្នាំ មុន ការផ្ទុះនៃវិបត្តិឆ្លងកូវីដ១៩ និងក្រោយមកបានប៉ះពាល់ដោយសារតែវិបត្តិនៃជម្ងឺឆ្លងនោះ។ ប៉ុន្តែបានងើបឡើងវិញក្នុងអត្រា ៣% នៅក្នុងឆ្នាំ២០២១ និងត្រូវបានព្យាករថានឹងបន្តកើន ឡើងក្នុងអត្រាខ្ពស់ប្រមាណជាង ៥% នៅក្នុងឆ្នាំ ២០២២។
លោកឧត្តមសេនីយ៍មេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា ការអភិវឌ្ឍប្រទេសមួយ ប្រកប ដោយភាពរឹងមាំ ត្រូវការជាចាំបាច់នូវការចូលរួមយ៉ាងសកម្ម និងរស់រវើកពីវិស័យឯកជន។ លោកឧត្តមសេនីយ៍លើកឡើងទៀតថា «ជាមួយនឹងការគាំទ្រ និងលើកទឹកចិត្តពី សំណាក់ រាជរដ្ឋាភិបាល តាមរយៈការលើកកម្ពស់បរិយាកាសធុរកិច្ច-វិនិយោគ, គឺវិស័យឯក ជននៅ កម្ពុជា អាចអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័ស និងបានដើរតួនាទីជាឆ្អឹងខ្នងនៃខឿនសេដ្ឋ កិច្ចជាតិ ដែលអាចចូលរួមចំណែកដោយផ្ទាល់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងដោយប្រយោល តាមរយៈបង្កើនចំណូលពន្ធ និងការបង្កើនការវិនិយោគ ដែលអាចបង្កើតការងារ ជាបន្តបន្ទាប់ និងពង្រឹងភាពប្រកួតប្រជែង ព្រមទាំងលើកកម្ពស់ពិពិធកម្មសេដ្ឋកិច្ចជាតិ។