រថយន្ត Lexus RX330 បុករះរថយន្តបីគ្រឿងចតស្ងៀមបណ្តាលឲ្យមួយគ្រឿងខូចខាតធ្ងន់ធ្ងរ
ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្ត lexus rx330 ក្នុងល្បឿនលឿនរេចង្កូតទៅបុករះរថយន្តបីគ្រឿងចតស្ងៀមបន្តកន្ទុយគ្នាតាមចិញ្ចើមផ្លូវបណ្តាលឲ្យរថយន្តមួយគ្រឿងខូចខាតធ្ងន់ធ្ងរ កាលពីវេលាម៉ោង១០និង ៤០នាទីយប់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២២ នៅតាមបណ្តោយផ្លូវបេតុងថ្មី ជិតនិងបុរីវ៉ារីណា៣ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុ គេឃើញរថយន្តហាយឡែនឌ័រមួយគ្រឿងនឹងរថយន្តព្រូសពីរគ្រឿងបានចតស្ងៀមនៅតាមចិញ្ចើមផ្លូវក្នុងទិសដៅលិចកើត នៅចំណុចកើតហេតុខាងលើ លុះដល់ម៉ោងកើតហេតុខាងលើ ក៏មានរថយន្ត lexus rx330 មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AH-3311 បើកបរដោយបុរសម្នាក់សង្ស័យស្រវឹងខ្លាំង ដោយធ្វើដំណើរទិសដៅពីកើតទៅលិច រេចង្កូតទៅបុករថយន្តព្រូសមួយគ្រឿងពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ2AF-8266ពីក្រោយពេញទំហឹង រុញទៅបុកថយន្ត ព្រូសមួយគ្រឿងទៀតពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ2BC-4098រុញទៅបុករថយន្តហាយឡែនឌ័រមួយគ្រឿងទៀតពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2Y-3954បណ្ដាលឲ្យរថយន្តព្រូសមួយគ្រឿងរងការខូចខាតធ្ងន់ធ្ងរ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់កន្លែងកើតហេតុ បានឲ្យទាំងសងខាងធ្វើការសម្របសម្រួលគ្នាដោយភាគីរថយន្តព្រូសមួយគ្រឿង និងរថយន្តហាយឡែនឌ័រខូចខាតបន្តិចបន្តួចម្ចាស់មិនទាមទាសំណងនោះទេ នៅសល់តែរថយន្តព្រូសមួយគ្រឿងរងការខូចខាតធ្ងន់ធ្ងរត្រូវបានសមត្ថកិច្ចឲ្យភាគីបង្កធ្វើការសម្របសម្រួលគ្នាបន្តទៀត ៕ ដោយ ៖ ជីម ភារ៉ា




