បញ្ជូនខ្លួនម្ចាស់ ក្រុមហ៊ុនអចលនទ្រព្យម្នាក់ ពាក់ព័ន្ធបទល្មើស រំលោភលើទំនុកចិត្តស៊ីដាច់លុយជាង ១០ម៉ឺនដុល្លារ ទៅតុលាការ
ភ្នំពេញ ៖ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ បានចាប់ និងបញ្ជូនខ្លួនម្ចាស់ ក្រុមហ៊ុនអចលនទ្រព្យម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ និងអនុវត្តទៅតាមនីតិវិធី ដោយជាប់ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ស៊ីដាច់លុយជាង ១០ម៉ឺនដុល្លារអាមេរិក ម៉ៅការសាងសង់ផ្សារបំណក់ ខេត្តពោធិ៍សាត់ បានធ្វើកិច្ចសន្យាព្រមព្រៀងទទួលម៉ៅការសាងសង់ផ្ទះល្វែង និងផ្សារពីឈ្មោះ ប្រសើ ប៉ាត់ តាវី អគ្គនាយកក្រុមហ៊ុន ប៉ាត់ តាវី ដែលមានទីតាំងស្ថិតនៅផ្សារ បំណក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្នុងតម្លៃទឹកប្រាក់សរុបប្រមាណជាង ១លានដុល្លារ ប្រព្រឹត្តនៅត្រង់ចំណុចភូមិ១ ខ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២០។
មន្រ្តីនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ប្រសើ ប៉ាត់តារី អាយុ ៣៨ឆ្នាំ មុខរបរជាអគ្គនាយក ក្រុមហ៊ុន ប៉ាត់តារី អចលនទ្រព្យរកស៊ី ទិញ-លក់ដី និងសាងសង់លំនៅដ្ឋានមានទីលំនៅភូមិ១ ខ សង្កាត់ច្រាំងចម្រេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
គួរបញ្ជាក់ថា ជនសង្ស័យ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន និងបញ្ជូនមកសាលាដំបូង កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។
បច្ចុប្បន្ន ជនសង្ស័យខាងលើរូបនេះ កំពុងតែត្រូវបានសាកសួរចម្លើយ នៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅឡើយ៕ ដោយ ៖ ឆៃហួត និងប៊ុនធី



