១២ប្រភេទកីឡា ត្រូវបានអនុម័តជាផ្លូវការ សម្រាប់អាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា

សូឡូ៖ ក្រុមប្រឹក្សាសហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍បានសម្រេចជាផ្លូវការនូវចំនួនកីឡា១២ប្រភេទសម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣បានធ្វើបទបង្ហាញស្តីពីការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជាដល់ដល់កិច្ចប្រជុំក្រុមប្រឹក្សាភិបាលសហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ នាព្រឹកថ្ងៃទី២៩ ខែកក្កដានេះ នៅសណ្ឋាគារ Swiss BelHotel ក្នុងទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។

ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ថា ការធ្វើបទបង្ហាញក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសហព័ន្ធកីឡាជនពិការអាស៊ានព្រឹកនេះបានសម្រេចជាផ្លូវការនូវចំនួនកីឡា១២ប្រភេទសម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលប្រទេសកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ។ ក្រៅពីកីឡាទាំង១២ប្រភេទដែលត្រូវបានអនុម័តជាផ្លូវការ ក៏នៅមានកីឡាខ្លះទៀតត្រូវបានដាក់សម្រាប់ការពិចារណា។

កីឡាទាំង១២ដែលត្រូវបានអនុម័តជាផ្លូវការគឺ ប៊ូស្យា បាល់ទាត់៥ម្ខាង (ចលករខួរក្បាល) បាល់បោះពិការភ្នែក វាយសី វាយកូនឃ្លីលើតុ បាល់ទះអង្គុយ អុក បាល់ទាត់៧ម្ខាង (ចលករខួរក្បាល) អត្តពលកម្ម ហែលទឹក លើកទម្ងន់ និងបាល់បោះជិះរទេះ។

តាមការគ្រោងទុក កម្ពុជានឹងទទួលរៀបចំការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៣-០៩ ខែមិថុនា នៅរាជធានីភ្នំពេញ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner