កម្ពុជា-វៀតណាម ឯកភាពគ្នា នឹងជំរុញការងារបោះបង្គោល ព្រំដែន ដែលនៅសល់ឱ្យបានឆាប់រហ័ស
ភ្នំពេញ៖ កម្ពុជា-វៀតណាម ឯកភាពគ្នា នឹងជំរុញការងារបោះបង្គោល ព្រំដែនដែលនៅសល់ឱ្យបានឆាប់រហ័ស ដើម្បីប្រែក្លាយតំបន់ព្រំដែន ប្រទេសទាំងពីរឱ្យក្លាយទៅជាតំបន់ដែលមានសន្តិភាព សុវត្ថិភាព ស្ថិរភាព និងការអភិវឌ្ឍ បង្កលក្ខណៈងាយស្រួលដល់ប្រជាជន បានប្រកបរបររកស៊ីជាមួយគ្នា ដែលធ្វើឱ្យសេដ្ឋកិច្ច និងពាណិជ្ជកម្ម មានការកើនឡើងជាលំដាប់ ។
ការឯកភាពគ្នានេះ បានធ្វើឡើងក្នុង ឱកាស ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ដុ វ៉ាន់ចៀន គណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ។
ឯកឧត្តម ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ អ្នកសារព័ត៌មាននៅក្រោយជំនួបថា សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអបអរសាទរ និងស្វាគមន៍ ដំណើរទស្សនកិច្ចរបស់ប្រតិភូ ដែលចាត់ទុកថា ជាឱកាសដ៏ថ្លៃថ្លាមួយ ក្នុងការរួមចំណែក ក្នុងការ ប្រារព្ធខួបទី ៥៥ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយការផ្លាស់ប្ដូរ ដំណើរទស្សនកិច្ចទៅវិញទៅមករវាង ថ្នាក់ដឹកនាំ របស់ប្រទេសទាំងពីរ កម្ពុជានិងវៀតណាម បានបង្ហាញពីអ្នក ទំនាក់ ទំនងល្អប្រសើរ និងកិច្ចសហប្រតិបត្តិការស្អិតរមួតរវាងប្រទេសទាំងពីរ ជាបងប្អូន ជាអ្នកជិតខាងល្អ។ សម្ដេច សង្ឃឹមថា ទស្សនកិច្ចនេះ នឹងជួយពង្រឹងថែមទៀតទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរ បក្សទាំងពីរ និងរណសិរ្សទាំងពីរ ។
ឯកឧត្តម ដុ វ៉ាន់ចៀន បាននាំនូវការសួរសុខទុក្ខពីថ្នាក់ដឹកនាំវៀតណាម ជូន សម្ដេចតេជោនាយករដ្ឋមន្ត្រី ។ ឯកឧត្តមក៏បានជូនពរសម្ដេចតេជោ សូមមានសុខភាពល្អបរិបូណ៍ ដើម្បីដឹកនាំប្រទេសកម្ពុជា ទទួលបាន ជោគ ជ័យដ៏ឧដុង្គឧត្តមថែមទៀត។ ឯកឧត្តម ក៏បានអបអរសាទរ ចំពោះជោគជ័យក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ កន្លងមក ដែលបង្ហាញពីជំនឿទុកចិត្តដ៏ខ្ពស់របស់ប្រជាជនកម្ពុជា នឹងជូនពរឱ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យ ត្រចះត្រចង់ថែមទៀត នៅក្នុងការបោះឆ្នោតទូទៅនៅក្នុងឆ្នាំ២០២៣ ខាងមុខនេះ។ ប្រធានគណៈប្រតិភូវៀតណាម ក៏បានជូនពរឲ្យកម្ពុជា បានទទួលជោគជ័យ ក្នុងការរៀបចំស៊ីហ្គេមនៅក្នុងឆ្នាំ ២០២៣ ខាង មុខនេះ ផងដែរ ។
ឯកឧត្តម ដុ វ៉ាន់ចៀន ក៏បានវាយតម្លៃខ្ពស់ចំពោះវិធានការរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺ កូវីដដោយជោគជ័យ និងមានអត្រាចាក់វ៉ាក់សាំងនាំមុខនៅក្នុងតំបន់ និងពិភពលោក ហើយទទួលបានលទ្ធផលការប្រសើរ បានបើក ប្រទេស ឡើងវិញ និងបានស្ដារសេដ្ឋកិច្ចឡើងវិញ ។
នៅក្នុងជំនួបនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះការនាំការសួរសុខទុក្ខពីនាយករដ្ឋមន្រ្តីវៀតណាម និងថ្នាក់ដឹកនាំ ប្រទេសវៀតណាមដទៃទៀត ចំពោះគណបក្សប្រជាជនកម្ពុជា ក៏ដូចជា ប្រជាជនកម្ពុជា អរគុណចំពោះការអបអរសាទរ ក្នុងការបោះឆ្នោតឃុំ សង្កាត់កន្លងមក ក៏ដូចជាការជូនពរសម្រាប់ជោគជ័យ នៃការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ ២០២៣ ខាងមុខ។ សម្ដេច ក៏បាន ស្នើឲ្យ ឯកឧត្តមជួយនាំនូវការសួរសុខទុក្ខ និងជូនពរដល់ថ្នាក់ដឹកនាំ វៀតណាម សូមមានសុខភាពល្អ ដើម្បីបន្តធ្វើការសហប្រតិបត្តិការ ជាមួយគ្នាបានល្អប្រសើរតទៅទៀត ដើម្បីផលប្រយោជន៍នៃ ប្រទេស របស់យើងទាំងពីរ ។
សម្តេចតេជោ ហ៊ុន សែន បានសំដែងនូវមោទនភាពចំពោះ ការរីក ចម្រើននៃទំនាក់ទំនងល្អប្រសើររបស់ប្រទេសយើងទាំង២ រវាង គណបក្សទាំងពីរ ក៏ដូចជារណសិរ្ស ហើយក្នុងនោះការ ដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា បានគ្រប់គ្រងពីរភាគបី នៃរយៈ ពេលទំនាក់ទំនងការទូត ៥៥ឆ្នាំនេះ បង្ហាញពីការខិតខំរបស់ គណបក្ស ប្រជាជនកម្ពុជា និងភាគីវៀតណាម ក្នុងការប្រែក្លាយតំបន់ព្រំដែន ដែលធ្លាប់មានអរិភាព ឱ្យក្លាយទៅជាតំបន់ដែលមានសន្តិភាព សុវត្ថិភាព ស្ថិរភាព និងការអភិវឌ្ឍ មានកិច្ចសហប្រតិបត្តិការ ហើយប្រជាជនប្រទេសទាំងពីរ បានប្រកបរបររកស៊ីជាមួយគ្នា ដែលធ្វើឱ្យសេដ្ឋកិច្ច និងពាណិជ្ជកម្ម បានកើនឡើងជាលំដាប់ ។
សម្ដេចតេជោ ក៏បានសំដែងការពេញចិត្តចំពោះស្ថិរភាព និងទំនាក់ ទំនងប្រទេសទាំងពីរ ពិសេសក្នុងការដែលសម្រេចបាននូវ ការបោះបង្គោលព្រំដែនចំនួន ៨៤ភាគរយ ហើយក្នុងជំនួបនេះ បានឯកភាពគ្នា នឹងជំរុញបន្តការបោះបង្គោលព្រំដែនដែលនៅសល់ ១៦ភាគរយទៀត ឱ្យបានឆាប់រហ័ស ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ប្រជាជនប្រទេសទាំងពីរទៅមករកគ្នា បំពេញឱ្យគ្នាពិសេស ក្នុងដំណាក់កាលនៃជំងឺកូវីដ19 ដែលយើងប្រែក្លាយការលំបាកទាំងនេះ ឱ្យទៅជាសក្ដានុពល ប្រើឲ្យអស់លទ្ធភាពដែលយើងមាន ដើម្បីពង្រីកនូវទំហំពាណិជ្ជកម្ម អោយបានល្អប្រសើរថែមទៀត ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី និងភាគីវៀតណាម បានរម្លឹកពីដំណើរការ ឆ្លងកាត់ដងវែងឆ្ងាយដែលបក្ស រណសិរ្សទាំងពីរ បានឆ្លងកាត់ជាមួយ គ្នា បានជួយគ្នាទៅវិញទៅមក ពិសេស សម្ដេចរំលឹកពីដំណើរ តស៊ូរបស់ សម្ដេច និងការជួយឧបត្ថម្ភរបស់មិត្តវៀតណាម ក្នុងការជួយរំដោះ ប្រទេស កម្ពុជា ហើយទប់ស្កាត់ការវិលត្រឡប់របស់របបខ្មែរក្រហម និងការជួយជាបន្តបន្ទាប់ ហើយនៅឆ្នាំក្រោយនេះ ជាខួប៤៥ឆ្នាំ នៃការបង្កើតកងទ័ពកម្ពុជា សម្ដេចតេជោនាយករដ្ឋមន្ត្រី និងក្រសួង ពាក់ព័ន្ធ នឹងរៀបចំឱ្យមានការធ្វើមាតុភូមិនិវត្តន៍នៃអដ្ឋិធាតុយុទ្ធជន កម្ពុជា ចំនួន ៤៩ ដែលនៅសេសសល់ បានវិលត្រឡប់មកកាន់ មាតុភូមិ កម្ពុជាវិញ ។
ក្នុងកិច្ចសន្ទនានេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានអបអរសាទរ វៀតណាម ដែលគ្រប់គ្រងបានល្អនូវការឆ្លងរីករាលដាលជំងឺកូវីដ រហូតមកដល់ពេលនេះ នៅប្រទេសវៀតណាម បានថយចុះនូវ អត្រាឆ្លងថ្មីគួរឱ្យកត់សម្គាល់ ។
សម្តេចតេជោ ក៏បានឆ្លៀតឱកាសនេះ អបអរសាទរចំពោះការ ប្រទេសវៀតណាម ដែលបានរៀបចំកីឡាស៊ីហ្គេមបានល្អប្រសើរ ដែលផ្ដល់ឱកាសឱ្យកម្ពុជា បានទទួលមេដាយច្រើន នឹងទទួលបានបទពិសោធន៍សម្រាប់ការរៀបចំកីឡាស៊ីហ្គេម នៅឆ្នាំ២០២៣ ខាងមុខនេះ ៕
ដោយ៖ វណ្ណលុក





