អ្នកជំនាញអន្តរជាតិនិយាយថា ចិនអាចនឹងក្លាយជាមហាអំណាចអវកាសលេខ១ នារយៈពេល២៦ឆ្នាំទៀត

បរទេស៖ អ្នកជំនាញអន្តរជាតិម្នាក់ឈ្មោះ ណាមរ៉ាតា ហ្គោសវ៉ាមី បានលើកឡើងថា ប្រទេសចិនមានមហិច្ឆតាចង់អភិវឌ្ឍន៍ខ្លួនឯងឲ្យក្លាយទៅជាមហាអំណាចអវកាសលេខ១ ដើម្បីឈរពីលើរុស្ស៊ី និងសហរដ្ឋអាម៉េរិក ក្នុងរយៈពេលយ៉ាងហោចណាស់នៅឆ្នាំ២០៤៥ខាងមុខ។

អ្នកជំនាញដដែលរូបនេះ បាននិយាយថា គម្រោងរបស់ចិន រួមមានដូចជាការបង្កើតមូលដ្ឋានរុករកធនធានរ៉ែនៅលើផ្ទៃព្រះចន្ទ និងភពអង្គារ ហើយប្រែក្លាយដែនដីទាំងនោះ ទៅជាទីតាំងឧស្សាហកម្មដ៏សកម្មរបស់ខ្លួន។ ក្រៅពីនេះ ចិនក៏មានគោលដៅទាញយកផលប្រយោជន៍ពីបណ្តាអាចម៍ផ្កាយក្នុងទីអវកាស ដែលមានផ្ទុកធនធានរ៉ែមានតម្លៃដ៏ច្រើនសម្បើមថែមទៀតផង។

ជាមួយគ្នានេះ អ្នកជំនាញខាងលើ បានទទូចឲ្យសហរដ្ឋអាម៉េរិក កុំមើលស្រាលគោលដៅរបស់ចិននៅក្នុងវិស័យអវកាស ខណៈចិនដែលទើបតែរីកចម្រើនខាងផ្នែកអវកាសកាលពីដើមឆ្នាំ២០១៩នេះ បានបញ្ជូនយានអវកាសឲ្យចុះចតនៅលើតំបន់ ដាក សាយ ឬ ហ្វា សាយ (ចំហៀងដែលមិនបែរមករកផែនដី) របស់ព្រះចន្ទដោយជោគជ័យ ហើយកំពុងមានគម្រោងបញ្ជូនយានទៅកាន់ភពអង្គារនៅឆ្នាំ២០២០ថែមទៀត៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner