រដ្ឋាភិបាលឥណ្ឌា សម្រេចផ្អាកការអនុវត្តបម្រាមលើការប្រើប្រាស់ប្លាស្ទិកដែលប្រើតែម្តង
ឥណ្ឌា៖ ឥណ្ឌានឹងផ្អាកការអនុវត្តបម្រាមលើការប្រើប្រាស់បាស្ទិកដែលប្រើតែម្ដងវិញ បើទោះបីជាវិធានការថ្មីនេះ ប្រុងនឹងអនុវត្តន៍ទៅហើយនោះ។ ការផ្អាកអនុវត្តន៍នេះ ធ្វើឡើងក្រោយមានការមិនពេញចិត្តពីសំណាក់ឧស្សាហកម្មប្លាស្ទិក និងការបារម្ភពីការធ្លាក់ចុះផ្នែកសេដ្ឋកិច្ច ក៏ដូចជាការបាត់បង់ការងារ។

បើតាមការគ្រោងទុកនោះ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី នឹងប្រកាសពីបម្រាមនៃការប្រើប្រាស់ប្លាស្ទិក៦មុខ នៅថ្ងៃទី០២ ខែតុលានេះ ដោយវិធានការថ្មីនេះ ត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃយុទ្ធការបញ្ឈប់ការប្រើប្រាស់ប្លាស្ទិកដែលប្រើបានតែមួយដងទាំងស្រុងនៅឆ្នាំ២០២២ខាងមុខ។ យ៉ាងណាមិញ ក្ដីបារម្ភពីផលប៉ះពាល់លើឧស្សាហកម្មប្លាស្ទិក បានបង្ខំឲ្យរដ្ឋាភិបាលក្រុងញូដេលី សម្រេចចិត្តផ្អាកគម្រោងខាងលើសិន។

ទន្ទឹមគ្នានេះ មន្ត្រីរដ្ឋាភិបាលឥណ្ឌាពីររូបបាននិយាយថា វិធានការថ្មីដែលគ្រោងអនុវត្តន៍នោះ រាប់បញ្ចូលទំាងថង់ កែវ ចាន ដបទឹក និងបំពង់បឺតបា្លស្ទិក ហើយថា ជំនួសឲ្យការផ្អាកបម្រាមប្រើប្រាស់ រដ្ឋាភិបាលឥណ្ឌានឹងព្យាយាមពន្យល់ប្រជាជនពីផលប៉ះពាល់នៃការប្រើប្រាស់ប្លាស្ទិក ដើម្បីឲ្យប្រជាជនកាត់បន្ថយការប្រើប្រាស់ខ្លួនឯង។

បើតាមការប៉ាន់ស្មាន់របស់អង្គការសហប្រជាជាតិ កាកសំណល់ប្លាស្ទិកត្រូវបានយកទៅចាក់ចោលក្នុងសមុទ្រអន្តរជាតិ ប្រមាណ១០០លានតោន។ ឥណ្ឌា ដែលជាប្រទេសដែលមានប្រជាជនច្រើននេះ បានបញ្ចេញកាកសំណល់ប្លាស្ទិកប្រមាណ១៤លានតោនក្នុងមួយឆ្នាំ៕ធ.ដ