អាជ្ញាធរថៃកំពុងតាមរកបុរសម្នាក់ សង្ស័យរួមភេទជាមួយ អ្នកជំងឺអុតស្វាទី២ ដែលជាភេទដូចគ្នា
បាងកក៖ នៅឯប្រទេសថៃ មន្ត្រីកំពុងស្វែងរកបុរសម្នាក់ដែល ជាប់ពាក់ព័ន្ធ នឹងករណីជំងឺអុតស្វាទី២ ដោយគេដឹងថា ជនជាតិអឺរ៉ុប ម្នាក់នោះត្រូវបានគេរាយការណ៍ថា បានរួមដំណេកជាមួយអ្នក ជំងឺអុតស្វាទី២ ដែលជាជនជាតិថៃនិងជាភេទដូចគ្នា។
នាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រថៃបានប្រកាសពីលទ្ធផលតេស្តដែលបានបង្ហាញថា បុរសជនជាតិថៃ អាយុ ៤៧ឆ្នាំ បានកើតជំងឺអុតស្វា ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ វ៉ាជីរ៉ា(Vajira) ក្នុងទីក្រុងបាងកក កាលពីសប្តាហ៍មុន ។
លោក សូផុន ឡាំស៊ីរិតថាវុន(Sopon Iamsirithaworn) អនុប្រធាន នាយកដ្ឋានគ្រប់គ្រងជំងឺបានបញ្ជាក់ថា ករណីអុតស្វាទី២ មាន ទំនាក់ទំនង លក្ខណៈរាងកាយ ឬ Engaged In Physical Contact ដែលសំដៅលើការថើប អោប កាន់ដៃ រួមភេទ ជាដើម ជាមួយបុរស ជនជាតិអឺរ៉ុបម្នាក់នោះ។ លោកបន្តថា ករណីជំងឺអុតស្វាទី២ និងបុរស អឺរ៉ុបដែលគេកំពុងតាមរក បានស្គាល់គ្នា តាមរយៈបណ្តាញសង្គម ។
លោក Sopon បានមានប្រសាសន៍ថា “យើងមិនដឹងថាជនបរទេស នោះរស់នៅទីណា ឬថាគាត់បានចាកចេញពីប្រទេសនោះទេ” ។លោកបញ្ជាក់ថា ក្រុមស៊ើបអង្កេតជំងឺរបស់ក្រសួងសុខាភិបាល កំពុង ព្យាយាមតាមដានបុរសនោះ។
លោកបន្តថា ក្រុមស៊ើបអង្កេតជំងឺបាននិងកំពុងពិនិត្យមើលវីដេអូ កាមេរ៉ា សុវត្ថិភាព និងសហការជាមួយភ្នាក់ងារពាក់ព័ន្ធ ដូចជា នគរបាលទេសចរណ៍ និងស្ថានទូត ដើម្បីស្វែងរកបុរសជនជាតិ អឺរ៉ុបនោះ។
លោកបារម្ភថា នេះអាចជាការចាប់ផ្តើមនៃការផ្ទុះជំងឺអុត ស្វាក្នុង ប្រទេសថៃ ដោយបន្ថែមថា ក្រុមស៊ើបអង្កេតជំងឺក៏នឹងស្វែងរក មនុស្សផ្សេងទៀតដែលបានប៉ះពាល់អ្នកជំងឺផងដែរ។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ អាជ្ញាធរបានធ្វើតេស្ដលើមនុស្ស ១០នាក់ ដែលបានទាក់ទងជាមួយអ្នកជំងឺអុតស្វាទីពីរនោះ៕
ប្រភពពី The Nation, ប្រែសម្រួលដោយ៖ សារ៉ាត



