ប្រមុខការទូតអាមេរិក៖ រុស្ស៊ីគួរតែគោរពការសន្យាតាមកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញាជាតិនៅតួកគី

វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់ថូនី ប្លីងគែន និងសមភាគីរុស្ស៊ីលោក សឺហ្គៃ ឡារូវ នៅថ្ងៃសុក្រសប្តាហ៍នេះ បានធ្វើកិច្ចពិភាក្សាគ្នាតាមទូរស័ព្ទជាលើកដំបូង ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។

នៅក្នុងការសន្ទនាតាមទូរស័ព្ទនោះ លោក ប្លីងគែន បានពណ៌នាការពិភាក្សានេះថា ជាការនិយាយដោយត្រង់ៗ ដោយលោកបានប្រាប់លោក ឡារូវ ថា រុស្ស៊ីគួរតែរក្សាការសន្យារបស់ខ្លួន ក្នុងការអនុញ្ញាតឱ្យមានការនាំចេញគ្រាប់ធញ្ញជាតិពីកំពង់ផែអ៊ុយក្រែន។

លោក ប្លីងគែន បន្តថា វាមានសារៈសំខាន់ខ្លាំងណាស់ ដែលរុស្ស៊ីត្រូវធ្វើឱ្យបានល្អលើការប្តេជ្ញាចិត្តដែលខ្លួនបានធ្វើចំពោះពិភពលោក។ ដូចដែលខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ យើងកំពុងសម្លឹងមើលការឆ្ពោះទៅមុខឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ពាក់ព័ន្ធនឹងការដែលថា រុស្ស៊ីកំពុងព្យាយាមដាក់បញ្ចូលទឹកដីអ៊ុយក្រែនទៅជាឧបសម្ព័ន្ធរបស់រុស្ស៊ីនោះ លោក ប្លីងគែន បានប្រាប់លោក ឡារូវ ថា ស្ថានភាពបែបនេះមិនអាចទទួលយកបានទេ។ ទន្ទឹមគ្នា លោកក៏បានជំរុញឱ្យរុស្ស៊ីទទួលយកសំណើរបស់សហរដ្ឋអាមេរិក ក្នុងការដោះលែងពលរដ្ឋអាមេរិកពីរនាក់ដែលត្រូវបានឃុំខ្លួននៅក្នុងប្រទេសរុស្ស៊ីផងដែរ។

បើតាមក្រសួងការបរទេសរុស្ស៊ី ក្នុងកំលុងការសន្ទនាតាមទូរស័ព្ទខាងលើនេះ លោក ឡារូវ បានស្តីបន្ទោសសហរដ្ឋអាមេរិក និងអង្គការណាតូ ដែលបានផ្តល់សព្វាវុធដល់អ៊ុយក្រែន។ លោក ឡារូវ បានសង្កត់ធ្ងន់ថា សម្រេចចិត្តនេះកំពុងអូសបន្លាយការប្រយុទ្ធគ្នា និងបង្កើនចំនួនជនរងគ្រោះ ហើយថា ទណ្ឌកម្មលោកខាងលិចបានធ្វើឲ្យស្ថានការណ៍ស្មុគស្មាញ រួមទាំងការនាំចេញផលិតផលកសិកម្មរបស់រុស្ស៊ីផងដែរ ៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner