ទីបំផុត! មានមនុស្សស្លាប់ព្រោះជំងឺអុតស្វា នៅក្រៅទ្វីបអាហ្វ្រិកហើយ
បរទេស៖ ប្រទេសអេស្ប៉ាញ និងប្រេស៊ីល សុទ្ធតែបានរាយការណ៍ពីការស្លាប់ដំបូង ទាក់ទងនឹងជំងឺអុតស្វា ក្នុងប្រទេសរៀងៗខ្លួន ដែលគេដឹងថា ជាការស្លាប់មនុស្សទាក់ទងនឹងជំងឺអុតស្វា នៅក្រៅទ្វីបអាហ្វ្រិក ជាលើកដំបូង ។
ប្រទេសអេស្បាញ និងប្រេស៊ីលបានរាយការណ៍ពីការស្លាប់ដំបូង នៃអ្នកជំងឺអុតស្វា កាលពីថ្ងៃសុក្រ ដែលជាការកត់សម្គាល់នូវអ្វីដែលត្រូវបានគេគិតថា ជាការស្លាប់ដំបូងគេ ដែលទាក់ទងនឹងការផ្ទុះឡើង នាពេលបច្ចុប្បន្ន នៅខាងក្រៅទ្វីបអាហ្រ្វិក។
អេស្បាញគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងគ្រោះខ្លាំងជាងគេ លើពិភពលោក ដែលមានមនុស្សចំនួន ៤២៩៨ នាក់បានឆ្លងវីរុសនេះ រួចមកហើយ។ នៅក្នុងប្រទេសប្រេស៊ីលវិញ បុរសអាយុ៤១ ឆ្នាំម្នាក់បានស្លាប់ ព្រោះជំងឺអុតស្វាដែរ ដោយអាជ្ញាធរក្នុងតំបន់ បាននិយាយ កាលពីថ្ងៃសុក្រ ដូចគ្នា។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា បុរសដែលមានបញ្ហាប្រព័ន្ធភាពស៊ាំធ្ងន់ធ្ងររូបនោះ បានស្លាប់ កាលពីថ្ងៃព្រហស្បតិ៍ ក្នុងទីក្រុង Belo Horizonte រដ្ឋធានីនៃរដ្ឋ Minas Gerais ភាគអាគ្នេយ៍ ប្រទេសប្រេស៊ីល។ ប្រេស៊ីល បច្ចុប្បន្ននេះ មានករណីជំងឺអុតស្វា ជាង ១០០០នាក់ហើយ។
បើគិតទាំងការស្លាប់២ករណីនេះទៀតគឺនៅអេស្ប៉ាញនិងប្រេស៊ីល ថ្មីៗនេះ អ្នកជំងឺអុតស្វាដែលបានស្លាប់សរុប គិតទាំងនៅតំបន់អាហ្វ្រិក ៥នាក់ទៀត គឺកើនដល់ ៧នាក់ហើយ ខណៈដែលជំងឺនេះបានរាលដាលដល់ ៧៨ប្រទេស សរុបជាង ១៨០០០ករណីហើយ៕ ប្រែសម្រួលដោយ៖ សារ៉ាត




