រដ្ឋមន្ត្រី ក្រសួងអប់រំ ជំរុញការលើកកម្ពស់បរិស្ថានសិក្សា ការលក់ដូរនៅតាមគ្រឹះស្ថានសិក្សា ពិសេសការលើកកម្ពស់អនាម័យទឹកស្អាត ដើម្បីឱ្យការសិក្សារបស់សិស្សកាន់តែល្អប្រសើរឡើង

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការសៀវភៅគោលប្រតិបត្តិស្តង់ដារស្ដីពី “ការលើកកម្ពស់សុខភាពសិក្សាសម្រាប់គ្រឹះស្ថានចំណេះទូទៅ” ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មាធិការអន្តរក្រសួងស្ដីពីសុខភាពសិក្សា ដោយមានការចូលរួមពីមន្ត្រីទូទាំងរាជធានី-ខេត្តនៅថ្ងៃទី២៩ខែកក្កដា ឆ្នាំ ២០២២ នៅសណ្ឋាគារសាន់វេ ។

ឯកឧត្ដមរដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បីលើកកម្ពស់បរិស្ថានសិក្សា និងការលក់ដូរនៅតាមគ្រឹះស្ថានសិក្សា ជាពិសេសការលើកកម្ពស់អនាម័យទឹកស្អាតនៅតាមគ្រឹះស្ថានសិក្សាធ្វើយ៉ាងណា ឱ្យការសិក្សារបស់សិស្សកាន់តែល្អប្រសើរឡើង។ ក្រសួងអប់រំបានដាក់ចេញនូវផែនការសកម្មភាពថ្មីៗជាច្រើន ជាពិសេសផែនការសកម្មភាពស្ដីពីសុខភាពសិក្សាឆ្នាំ ២០២១-២០៣០ ហើយការរៀបចំផែនការសកម្មភាពនេះ គឺដើម្បីលើកកម្ពស់សុខភាពសិក្សា និងពិនិត្យមើលនូវគោលនយោបាយ ក៏ដូចជាអន្តរាគមន៍ពីភាគីពាក់ព័ន្ធក្នុងការអភិវឌ្ឍគោលការណ៍ប្រតិបត្តិស្តង់ដារស្ដីពី “ការលើកកម្ពស់សុខភាពសិក្សាសម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅ” ក្នុងគោលបំណងជំរុញការអនុវត្តកម្មវិធីសុខភាពសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយ នៅតាមគ្រឹះស្ថានសិក្សា ស្របតាមគោលនយោបាយជាតិស្ដីពីសុខភាពសិក្សា ជាពិសេសដើម្បីជាមគ្គុទ្ទេសក៍ សម្រាប់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា និងអ្នកពាក់ព័ន្ធស្វែងយល់ ព្រមទាំងយកទៅអនុវត្តជាជំហានៗ ប្រកបដោយភាពច្នៃប្រឌិតដើម្បីប្រែក្លាយជាគ្រឹះស្ថានសិក្សាលើកកម្ពស់សុខភាព។

ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះដៃគូរអភិវឌ្ឍទាំងអស់ ដែលបានជួយគាំទ្រ ជាពិសេសក្នុងកំឡុងពេលរីករាលដាលជំងឺកូវីដ-១៩ ដែលក្រសួងអប់រំបានរៀបចំជាស្តង់ដារមានសុវត្ថិភាពកាត់បន្ថយចំណីអាហារដែលផ្អែមពេក ប្រៃពេក និងចំណីអាហារដែលមានជាតិខ្លាញ់ច្រើន ម្យ៉ាងវិញទៀតក្រសួងអប់រំក៏បានចូលរួមលើកកម្ពស់ការលាងសម្អាតដៃចំពោះសិស្សានុសិស្សនៅតាមសាលារៀន និងការធ្វើអនាម័យនៅតាមសាលារៀនផងដែរ។

ឯកឧត្ដមក៏បានបញ្ជាក់ថា ការដាក់ឱ្យប្រើប្រាស់សៀវភៅគោលប្រតិបត្តិស្តង់ដារនេះ គឺដើម្បីផ្ដល់ឱកាសដល់សាលារៀនទាំងអស់បានត្រៀមខ្លួន ដើម្បីបង្ការទាំងជំងឺកូវីដ-១៩ផង ក៏ដូចជាការត្រៀមខ្លួនទៅនឹងវិបត្តិផ្សេងៗទៀតដែលអាចនឹងកើតមានឡើងនាពេលខាងមុខ៕ ដោយ-រ៉ាវុធ

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner