ប្រព័ន្ធផ្សព្វផ្សាយអាមេរិក៖ លោកស្រីប្រធានរដ្ឋសភាអាមេរិក នឹង ធ្វើទស្សនកិច្ចនៅ តំបន់អាស៊ី ប៉ុន្តែទៅតៃវ៉ាន់នៅមិនទាន់ច្បាស់
វ៉ាស៊ីនតោន៖ ប្រធានសភាអាមេរិកលោកស្រីណាន់ស៊ី ប៉េឡូស៊ី( Nancy Pelosi )ត្រូវបានគេរាយការណ៍ថា នឹងធ្វើទស្សនកិច្ច នៅតំបន់ អាស៊ី ដែលអាចរួមបញ្ចូលនូវអ្វីដែលនឹងក្លាយជាដំណើរទស្សនកិច្ច ដ៏ចម្រូងចម្រាស់ទៅកាន់កោះតៃវ៉ាន់។
ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានបញ្ជាក់ថា លោកស្រី Pelosi នឹង ចេញដំណើរនៅថ្ងៃសុក្រសប្តាហ៍នេះ ដោយបន្ថែមថា ការធ្វើដំណើរនេះ នឹងរួមបញ្ចូលការឈប់សំចតនៅប្រទេសជប៉ុន និងកូរ៉េខាងត្បូង។ លោកស្រី Pelosi បានបដិសេធមិនបង្ហាញពីគម្រោងធ្វើដំណើររបស់ លោកស្រី នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសុក្រ សប្តាហ៍ នេះ ទេ ដោយលើកឡើងពីការព្រួយបារម្ភផ្នែកសន្តិសុខ ខណៈដែល ប្រទេសចិនបានព្រមានពីការឆ្លើយតបដ៏ម៉ឺងម៉ាត់ ប្រសិនបើប្រធាន សភាអាមេរិករូបនេះទៅកាន់កោះតៃវ៉ាន់។
ជាក់ស្តែងនៅក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយលោក ចូ បៃដិន នៅថ្ងៃ ព្រហស្បតិ៍សប្តាហ៍នេះ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានព្រមានថា សហរដ្ឋអាមេរិកគួរតែអនុវត្តឱ្យបានតាម «គោលការណ៍ ចិនតែមួយ» ហើយបានសង្កត់ធ្ងន់ដែរថា ចិនជំទាស់ជាដាច់ខាតទៅនឹង ឯករាជ្យភាពរបស់តៃវ៉ាន់ និងការលូកលាន់ពីកម្លាំងខាងក្រៅ។
លោកថា អ្នកដែលប្រឡែងលេងជាមួយភ្លើង តែងតែត្រូវបាន ភ្លើងឆេះ… ហើយយើងសង្ឃឹមថា ភាគីអាមេរិកនឹងយល់យ៉ាងច្បាស់ពី បញ្ហានេះ៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា




