សេតវិមានអនុម័តលើសេចក្តីប្រកាសគ្រោះមហន្តរាយក្នុងរដ្ឋ Kentucky បន្ទាប់ពីទទួលរងគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសនៅថ្ងៃសុក្រសប្តាហ៍នេះថា “មានគ្រោះមហន្តរាយដ៏ធំមួយ” នៅក្នុងរដ្ឋខិនថាកគី (Kentucky) ចំពេលមានគ្រោះទឹកជំនន់ដ៏អាក្រក់បង្កឡើងដោយព្យុះភ្លៀងជាបន្តបន្ទាប់នៅក្នុងរដ្ឋមួយនេះ។
យោងតាមសេតវិមានបានឱ្យដឹងថា លោក បៃដិន បានបញ្ជាឱ្យផ្តល់ជំនួយសហព័ន្ធដើម្បីបំពេញបន្ថែមដល់រដ្ឋខិនថាកគី និងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះក្នុងស្រុកសម្រាប់តំបន់ដែលរងផលប៉ះពាល់ដោយសារខ្យល់ព្យុះ គ្រោះទឹកជំនន់ ការបាក់ដី ឬរអិលបាក់ដី។
ជាមួយគ្នានេះ អភិបាលរដ្ឋខិនថាកគី លោក អេនឌី បេសសៀ បានបង្ហោះសារនៅលើ Twitter នៅព្រឹកថ្ងៃសុក្រសប្តាហ៍នេះថា មូលនិធិសហព័ន្ធមានសារៈសំខាន់ណាស់ សម្រាប់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញរបស់យើង និងប្រជាជនរដ្ឋខិនថាកគី ដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ជាប្រវត្តិសាស្ត្រ។
លោក បេសសៀ និយាយថា ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងវាយប្រហារភាគខាងកើតរដ្ឋខិនថាកគី បានកើនឡើងយ៉ាងហោចណាស់ ១៦នាក់។ ទន្ទឹមគ្នា លោករំពឹងថា តួលេខនេះនឹងកើនឡើងបន្ថែមទៀត ក្នុងនោះក៏រួមមានកុមារមួយចំនួនផងដែរ។ លោក បេសសៀ បានប្រកាសភាពអាសន្ននៅក្នុងរដ្ឋខិនថាកគី ហើយបានអំពាវនាវឱ្យឆ្មាំជាតិជួយផ្នែកដែលរងគ្រោះខ្លាំងបំផុត៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា







