ញត្តិគាំទ្រ
យើងខ្ញុំជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម សូមប្រកាស គាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជា លើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០ ដែលធ្វើឡើងយ៉ាងត្រឹមត្រូវ ស្របតាមគោលការណ៍ និងនីតិវិធីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ជាពិសេសធានាបាននូវ គោលការណ៍គ្រឹះនៃរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការលើកកម្ពស់នូវគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ដែលប្រជាជនកម្ពុជាបង្ហាញឆន្ទៈ និងប្រើសិទ្ធិអំណាចរបស់ខ្លួនតាមរយៈការបោះឆ្នោត ស្របតាមគោលការណ៍ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ព្រមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានរបស់ជាតិ។
ការធ្វើវិសោធនកម្ម លើកទី១០ នៃរដ្ឋធម្មនុញ្ញនេះ ក៏ដូចជាការធ្វើវិសោធនកម្មទាំង៩ លើកកន្លងទៅ គឺសុទ្ធតែបានធ្វើឡើងដើម្បីការពារ ឧត្តមប្រយោជន៍របស់ជាតិ ជាពិសេសការបំពេញចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញ និងការធានាឱ្យស្ថាប័នរដ្ឋ មានកិច្ច ដំណើរការប្រព្រឹត្តទៅដោយរលូន មិនជាប់គាំង និងធានាបាននូវនិរន្តរភាពគ្រប់កាលៈទេសៈទាំងអស់។ ម៉្យាងវិញទៀត ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ ធានាឱ្យប្រទេសជាតិមានស្ថេរភាពនយោបាយ មានការអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ ដែលជាតម្រូវការរបស់ប្រទេសជាតិ និងជាបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាទាំងមូល។


