រថយន្តHILUX VIGO បុករថយន្តទំនើប FORTUNER ក្រឡាប់ផ្ងារជើងទាំងកណ្ដាលថ្ងៃត្រង់ នៅក្បែរមន្ទីរពេទ្យអង្គឌួង

ភ្នំពេញ៖ រថយន្តHilux Vigo មួយគ្រឿងបើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនពេក មិនប្រយ័ត្នបានជ្រុលទៅបុករថយន្តទំនើបម៉ាក Fortuner ដែលបើកបរដោយបុរសវ័យចំណាស់ម្នាក់ បណ្ដាលឲ្យក្រឡាប់ផ្ងារជើង បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរកាលពីវេលាម៉ោង១២ និង០៥នាទីថ្ងៃត្រង់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នៅជាប់របងមន្ទីរពេទ្យអង្គឌួង តាមបណ្ដោយផ្លូវក្រមួនស កែងផ្លូវប៉ាស្ទ័រ ក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើបម៉ាក Toyota Fortuner ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BH-0884 បើកបរដោយបុរសវ័យចំណាស់ម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវប៉ាស្ទ័រ ទិសដៅពីជើងមកត្បូងក្នុងល្បឿនល្មម និងបានឆ្លងកាត់ផ្លូវភ្លោះក្រមួនស ខណៈឆ្លងជិតផុតហើយនោះក៏មានរថយន្តម៉ាក hilux vigo ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ សៀមរាប 2A-6218 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវក្រមួនស ទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ក៏ជ្រុលទៅបុករថយន្ត Fortuner ពីចំហៀងពេញទំហឹង បណ្ដាលឲ្យរថយន្ត Fortuner ក្រឡាប់ផ្ងារជើង រងការខូចខាតយ៉ាងដំណំ ។ សំណាងដែរក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡើយ ។

ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានសម្រួលចរាចរណ៍ដល់អ្នកដំណើរកុំឲ្យមានការកកស្ទះចរាចរណ៍ និងទាក់ទងទៅសមត្ថកិច្ចជំនាញឲ្យចុះមកកន្លែងកើតហេតុផងដែរ ។ ដោយសារតែភាគីរថយន្តទំនើប Fortuner មានអុីនសារ៉េន សម្រាប់ការពារ ទើបសម្រេចឲ្យភាគីខាងរថយន្ត Hilux Vigo ដោះស្រាយជាមួយអុីនសារ៉េន ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕ ដោយ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner