ជនសង្ស័យមួយក្រុម ធ្វើសកម្មភាពប្លន់ចំម៉ូតូមានភ្ជាប់ប្រព័ន្ធ (GPS) បានសម្រេចហើយ តែត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបាន ៤នាក់
ភ្នំពេញ៖ ម៉ូតូមួយគ្រឿង ម៉ាកហុងដាប៊ិត (Beat) ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 1JO-2454 ត្រូវបានក្រុមជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពប្លន់យកពីស្ត្រីម្នាក់ បានសម្រេច ដែលកំពុងធ្វើដំណើរតាមផ្លូវបេតុង ស្ថិតនៅត្រង់ចំណុចកែងរបងវត្តតាភេម ភូមិតាភេម សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីវេលាម៉ោងជាង៥ព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញនេះ ហើយក៏បាននាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់អស់ ក៏ប៉ុន្តែ ដោយប៉ះចំម៉ូតូជនរងគ្រោះ បានភ្ជាប់ប្រពន្ធ (GPS) សមត្ថកិច្ចសហការជាមួយកម្លាំងប៉ុស្តិ៍ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ តាមចូលទៅចាប់ឃាត់ខ្លួនបាន ជនសង្ស័យចំនួន ៤នាក់ ដល់បន្ទប់ជួលលេខ១០ នៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង១០ព្រឹក ថ្ងៃខែឆ្នាំដដែល។
ជនរងគ្រោះមាន ឈ្មោះ ជួន ចាន់ណា ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ រស់នៅក្នុងភូមិព្រៃដូនអុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ ស្ត្រីរងគ្រោះ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាប៊ិត (Beat) ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 1JO-2454 ចេញពីរោងចក្រសីមុិ ក្នុងតំបន់សេដ្ឋកិច្ច ហើយបានធ្វើដំណើរទៅផ្ទះ ព្រោះធ្វើការវេនយប់ ជិះកាត់តាមបណ្តោយផ្លូវបេតុង ពីត្បូងទៅជើង បត់ទៅកើត ខណៈពេលមកដល់កែងរបងវត្តតាភេម ក៏ស្រាប់តែមានជនសង្ស័យមួក្រុម ជិះម៉ូតូពីរគ្រឿង ម៉ាកហុងដាឌ្រីម និងម៉ាកនិច មកដល់ទន្ទឹមគ្នា ហើយក៏បានធ្វើសកម្មភាពធាក់ផ្តួលម៉ូតូមួយគ្រឿង របស់ជនរងគ្រោះ ដកកាំបិតបុ័ងតោ គម្រាម ហាមស្រែក ហើយក្រុមជនសង្ស័យបានយកម៉ូតូ ជិះរត់គេចខ្លួនបាត់ស្រមោលតែម្តង។
សមត្ថកិច្ចបានឱ្យដឹងទៀតថា ម៉ូតូមួយគ្រឿង របស់ជនរងគ្រោះ បានភ្ជាប់ប្រព័ន្ធ (GPS) បន្ទាប់មកជនរងគ្រោះ បានមកប្តឹងសមត្ថកិច្ចភ្លាមៗ ហើយកម្លាំងសហការជាមួយកម្លាំងប៉ុស្តិ៍ចោមចៅទី៣ កម្លាំងអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ចុះទៅចាប់ឃាត់ខ្លួន ជនសង្ស័យបាន ៤នាក់ ដែលកំពុងតែសំងំលាក់ខ្លួន ក្នុងបន្ទប់ជួល រកឃើញម៉ូតូរបស់ជនរងគ្រោះ កំពុងលាក់គ្របភួយក្នុងបន្ទប់ និងកាំបិតបុ័ងតោ ដែលជនសង្ស័យ បានយកទៅធ្វើសកម្មភាពប្លន់ រួមទាំងដកហូតបានម៉ូតូរបស់ជនសង្ស័យមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1H-4368 រីឯ ម៉ូតូមួយគ្រឿងទៀត ម៉ាកនិច ត្រូវបានបក្ខពួករបស់ជនសង្ស័យ ជិះយកទៅបាត់ មុនពេលដែលកម្លាំងចុះទៅដល់។
បច្ចុប្បន្ន ជនសង្ស័យចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចនាំខ្លួន រួមទាំងវត្ថុតាងដកហូតបាន យកទៅផ្នែកជំនាញ នៃអធិការដ្ឋានខណ្ឌកំបូល ធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនបន្តទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕ ដោយ៖ ឆៃហួត និងប៊ុធី






