មន្ត្រីគណបក្សប្រជាជកម្ពុជាស្រុកលើកដែក ២៥០នាក់ បានចូលរួមឈ្វេងយល់ ខ្លឹមសារសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា
ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃសៅរ៍ ២ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១នៃគណៈអចិន្ត្រៃយ៍ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកណ្តាល និងជាប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកលើកដែក បានចូលរួមជាអធិបតី ក្នុងពិធីផ្សព្វផ្សាយសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការគណបក្សប្រជាជកម្ពុជាស្រុកលើកដែក។
លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានអំពាវនាវឱ្យសមាជិកបក្សទាំងអស់ក្តាប់ឱ្យជាប់នូវខ្លឹមសារសំខាន់នៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញ កាលពីថ្ងៃទី ១៦-១៧ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានសម្រេចជាលទ្ធផលសំខាន់ៗ ចំនួន ៧ចំណុច ដើម្បីតម្រង់ទិសសម្រាប់ការអនុវត្តរបស់ខ្លួន ទៅថ្ងៃខាងមុខ ។
លោកជំទាវ បន្តថា សន្និបាតបក្សបានប្រព្រឹត្តទៅដោយរលូន ឈរលើស្មារតីឯកភាព ប្រជាធិបតេយ្យ និងការទទួលខុសត្រូវចំពោះឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។ អង្គសន្និបាតបានពិនិត្យ វាយតំលៃទៅលើរបាយការណ៍លទ្ធផលនៃការបោះឆ្នោតឃុំសង្កាត់អាណត្តិទី ៥ ឆ្នាំ២០២២ ដោយគណបក្សប្រជាជនកម្ពុជាទទួលបានសំលេងគាំទ្រយ៉ាងច្រើនលើសលុប ធ្វើឱ្យគណបក្សទទួលបានជ័យជម្នះដ៏ត្រចះត្រចង់។
លោកជំទាវ បន្ថែមថា ជោគជ័យនេះសរបញ្ជាក់ឱ្យឃើញពីភាពចាស់ទុំនយោបាយនៃដំណើការប្រជាធិបតេយ្យ សេរីពហុបក្ស នៅកម្ពុជា ដោយការបោះឆ្នោតត្រូវបានប្រព្រឹត្តទៅយ៉ាងជាប់លាប់តាមពេលវេលាកំណត់ និងរក្សាបាននូវភាពចម្រុះខាងនយោបាយនៅគ្រប់កម្រិត។ ទនឹ្ទមនឹងនេះ អង្គសន្និបាតក៏បានបញ្ជាក់ជាឱឡារិកនូវការគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាព នាយករដ្ឋមន្រ្តីសម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត។
ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញនូវយុទ្ធសាស្រ្តផ្ការី ពោលគឺចាក់វ៉ាក់ស៊ាំងឱ្យជោគជាំដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍ នាំឱ្យកម្ពុជា បានស្តារខ្លួនឡើងវិញយ៉ាងឆាប់រហ័សក្រោយវិបត្តិកូវីត-១៩ ធ្វើឱ្យប្រជាពលរដ្ឋមានលំនឹងជីវភាពឡើងវិញ តាមបែបគន្លងថ្មី ។
សមាជិក សមាជិកានៃគណបក្សប្រជាជនទូទាំងស្រុកលើកដែក បានជ្រួតជ្រាប និងយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃអង្គសន្និបាតនេះ និងបានធ្វើការប្តេជ្ញាចិត្តខិតខំពុះពារបន្តធ្វើយ៉ាងណាបម្រើការពារផលប្រយោជន៍ប្រជាពលរដ្ឋ ឈានឆ្ពោះទៅរកជ័យជម្នៈក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី ៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ៕ ប្រភព ៖ រដ្ឋសភា









