រដ្ឋលេខាធិការក្រសួងបរិស្ថាន៖ ឆន្ទៈរួមគ្នា យើងអាចធ្វើបានដើម្បីការពារសត្វព្រៃ និងជីវៈចម្រុះគ្រប់ប្រភេទឱ្យបន្តគង់វង្ស និងរីកចម្រើនសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត!
យុទ្ធនាការអន្ទាក់សូន្យក្នុងតំបន់ ការពារធម្មជាតិផ្តួចផ្តើមគំនិតនិងដឹកនាំដោយក្រសួងបរិស្ថាននិងសហការជាមួយអង្គការអន្តរជាតិដែលធ្វើការងារផ្នែកអភិរក្សធនធានធម្មជាតិ បានដំណើរការរយៈពេល ១៥២ ថ្ងៃហើយនៅថ្ងៃទី៣១ ខែកក្កដា នេះ បន្ទាប់ពីបានប្រកាសបើកជាផ្លូវការនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ចំទិវាសត្វព្រៃពិភពលោក។
យុទ្ធនាការអន្ទាក់សូន្យនេះផ្តោតសំខាន់ទៅលើខេត្តចំនួន ៦ នៅតំបន់ទេសភាពខ្ពង់រាបភាគខាងកើតរួមមានខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តកំពង់ធំ។ ខេត្តទាំង ៦ នេះមានផ្ទៃដីអភិរក្សធំ និងជាតំបន់ដែលមានការបរបាញ់សត្វព្រៃច្រើនផងដែរ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារយុទ្ធនាការ បានថ្លែងថា រយៈពេល ១៥០ ថ្ងៃនេះ យុទ្ធនាការបានប្រព្រឹត្តទៅដោយរលូនដោយបានធ្វើយុទ្ធនាការជាបន្តបន្ទាប់នៅខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តមណ្ឌលគិរី។ ក្រោយបញ្ចប់យុទ្ធនាការអន្ទាក់សូន្យនៅខេត្តមណ្ឌលគិរីនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ យុទ្ធនាការនឹងបន្តបាញ់ឆ្ពោះទៅខេត្តកំពង់ធំនាខែសីហា និងខេត្តរតនគិរីនាខែកញ្ញាខាងមុខនេះ។
ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ជារួមយុទ្ធនាការអន្ទាក់សូន្យបានធ្វើឱ្យមានផលវិជ្ជមានច្រើនលើការគិត និងការទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ និងក៏បានចូលរួមផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋលើបញ្ហាសត្វព្រៃ។ រហូតមកដល់ពេលនេះ ភោជនីយដ្ឋានចំនួន ៤២ នៅក្នុងខេត្តព្រះវិហារ ក្រចេះ មណ្ឌលគិរី បានប្រកាសចូលរួមការពារនិងអភិរក្សសត្វព្រៃតាមរយៈការមិនលក់មុខម្ហូបធ្វើពីសាច់សត្វព្រៃគ្រប់ប្រភេទជូនដល់អតិថិជនរបស់ខ្លួនឡើយ។ នេះគឺជាការការចូលរួមប្រកបដោយគុណតម្លៃ និងមានប្រសិទ្ធភាពបំផុត គ្មានការផ្គត់ផ្គត់ គ្មានការប្រើប្រាស់សាច់សត្វព្រៃ។
ឯកឧត្តមរដ្ឋលេខាធិការបានវាយតម្លៃថា ប្រជាពលរដ្ឋបានចាប់ផ្តើមយល់ដឹងកាន់តែច្រើនថាសាច់សត្វព្រៃ និងសំណាក ឬឈាមសត្វព្រៃមិនមែនជាឧសថ ឬជាថ្នាំប៉ូវកម្លាំង ឬជួយសុខភាពខ្លួនឱ្យល្អនោះទេ តែផ្ទុយមកវិញ អាចនឹងធ្វើឱ្យសុខភាពពួកគេរងផលប៉ះពាល់ដោយសារតែនៅក្នុងសាច់សត្វ ឈាមសត្វព្រៃមានមេរោគជាច្រើនប្រភេទ ពេលខ្លះសាហាវអាចផ្តាច់អាយុជីវិតយើងឆាប់រហ័សថែមទៀត។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត និងមន្ទីរបរិស្ថានខេត្តទាំងអស់ មន្ត្រីឧទ្យាននុរក្ស និងអង្គការអន្តរជាតិដៃគូទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) អង្គការមូលនិធិ សកល សម្រាប់ អភិរក្ស ធម្មជាតិ (WWF) អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) អង្គការជីវិតសត្វស្លាបកម្ពុជា (BirdLife) មជ្ឈមណ្ឌលសម្រាប់មនុស្ស និងព្រៃឈើ (RECOFTC) និងអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ (Wild Earth Allies) និងអង្គការអភិរក្សអន្តរជាតិ CI និងអ្នកពាក់ព័ន្ធដែលបានរួមសហការជាមួយក្រសួងបរិស្ថានធ្វើឱ្យបេសកកម្មនេះបានទទួលការគាំទ្រ និងផ្តល់ផលជាវិជ្ជមានសម្រាប់បរិស្ថាននិងធនធានធម្មជាតិ ៕ ង៉ាន់ ទិត្យ








