សម្ដេចក្រឡាហោម ស ខេង បញ្ជាក់ពីក្ដីប្រាថ្នាឱ្យទទួលបានជ័យជម្នះចំនួនពីរ ក្នុងពេលតែមួយ ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ថ្មីៗនេះ
ខេត្តព្រៃវែង៖ ពាក់ព័ន្ធការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីពេលថ្មីៗនេះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ អំពីក្ដីប្រាថ្នាឱ្យទទួលបានជ័យជម្នះចំនួនពីរ ក្នុងពេលតែមួយ គឺជ័យឈ្នះក្នុងឋានៈជាគណបក្សកាន់អំណាចដែលត្រូវរៀបចំការបោះឆ្នោតនេះឱ្យប្រព្រឹត្តទៅដោយរលូននិងជោគជ័យ និងទី២គឺការទទួលបានជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការប្រកួតប្រជែងការបោះឆ្នោតនេះ ។ សម្ដេចក្រឡាហោម បានបង្ហាញមោទនភាពសម្រាប់ការទទួលបានជ័យជម្នះទាំងពីរនេះ ។
សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានមានប្រសាសន៍បែបនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតវិសាមញ្ញគណៈកម្មាធិការកណ្ដាល របស់ គណបក្សប្រជាជនកម្ពុជា ដែលប្រារព្ធឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង នាព្រឹកថ្ងៃអាទិត្យ ៣កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។
សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ជូនអង្គប្រជុំអំពីសភាពការណ៍សំខាន់ៗនៅជុំវិញពិភពលោក ក្នុងនោះរួមទាំងព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ការប្រែប្រួលអាកាសធាតុដែលនាំឱ្យកើនកម្តៅ ជាកង្វល់សម្រាប់ប្រជាពលរដ្ឋ ពិសេសកសិករ បញ្ហាមួយចំនួននៅតំបន់អាស៊ាន និងការជះឥទ្ធិពលមកលើសេដ្ឋកិច្ច និងសង្គមកម្ពុជា។
សម្ដេចក្រឡាហោម ស ខេង ក៏បានជំរុញឱ្យសមាជិក សមាជិកា គណបក្សដែលជាប់ឆ្នោតជាក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវរួមគ្នាពង្រឹងការបំពេញតួនាទី ភារកិច្ចបម្រើប្រជាពលរដ្ឋឱ្យបានល្អ ក្នុងនោះត្រូវយកចិត្តទុកដាក់រៀបចំផែនការអនុវត្តរយៈពេល៥ឆ្នាំ ពីឆ្នាំ២០២២ដល់ឆ្នាំ២០២៧ ដើម្បីដាក់ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាពិភាក្សាគ្នានិងសម្រេច។ សម្ដេចក៏បានជំរុញឱ្យខិតខំយកចិត្តទុកដាក់ដោះស្រាយក្ដីកង្វល់ សំណើរ សំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពផងដែរ៕ដោយ-រ៉ាវុធ























