អភិបាលខណ្ឌចំការមន ណែរនាំដល់ចៅសង្កាត់ ក្នុងមូលដ្ឋានខណ្ឌ ត្រូវបម្រើសេវាសាធារណៈជូនពលរដ្ឋ ឱ្យបានលឿន និងមានប្រសិទ្ធភាព ព្រោះអាជ្ញាធរ មិនមែនជា ចៅហ្វាយនាយរបស់ប្រជាពលរដ្ឋនោះទេ
ភ្នំពេញ ៖ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានណែរនាំដល់ចៅសង្កាត់ក្នុងមូលដ្ឋានខណ្ឌ ត្រូវបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានលឿន និងមានប្រសិទ្ធភាព ព្រោះអាជ្ញាធរ មិនមែនជាចៅហ្វាយនាយរបស់ប្រជាពលរដ្ឋនោះទេ ។ ការបញ្ជាក់បែបនេះរបស់លោក ថេង សុថុល អភិបាលខណ្ឌចំការមន និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ក្នុងពិធីចែកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈឯកឧត្តម ឃួង ស្រេង ប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងជនចាស់ជរា រស់នៅក្នុងសង្កាត់ទួលទំពូងទី១ និងសង្កាត់បឹងត្របែកចំនួន ៤០គ្រួសារ នៅក្នុងបរិវរណវត្តទួលទំពូង នាព្រឹកថ្ងៃចន្ទ ទី០១ ខែសីហា ឆ្នាំ២០២២ ។
ថ្លែងក្នុងឱកាសនេះ លោក ថេង សុថុល បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ប្រកបដោយសេចក្តីនឹករលឹក ហើយតែងបានយកចិត្តទុកដាក់ជានិច្ច ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងនៅគ្រប់ទីកន្លែង ដោយមិនដែលប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ឬពណ៌សម្បុរអ្វីឡើយ ដូចពាក្យថា ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ។
លោកប្រធានអនុសាខាបន្តថា ជនចាស់ជរា ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ ត្រូវបានចាត់ទុកថា ជាមុខសញ្ញាងាយរងគ្រោះ ហើយក៏ជាមុខសញ្ញាត្រូវសង្រ្គោះជាបន្ទាន់ដែលត្រូវទទួលបានអំណោយនៅពេលនេះ ដើម្បីជាការដោះស្រាយជីវភាព ក្នុងអំឡុងពេលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ។ លោកក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តប្រុងប្រយត្ន័ ជាពិសេស បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន គឺ៖ ៣ការពារ និង ៣កុំ ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា ។
លោកអភិបាលខណ្ឌ ក៏បានណែរនាំដល់លោកចៅសង្កាត់ ក្នុងមូលដ្ឋានខណ្ឌ ត្រូវតែបម្រើសេវាកម្មសាធារណៈជូនប្រជាពលរដ្ឋឱ្យបានលឿន និងមានប្រសិទ្ធភាព ព្រោះអាជ្ញាធរមិនមែនជាចៅហ្វាយនាយប្រជាពលរដ្ឋនោះទេ ប្រសិនបើប្រជាពលរដ្ឋ ត្រូវការបំពេញឯកសារ ឬលិខិតស្នាមផ្សេងៗ ។
អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង ១គ្រួសារៗទទួលបាន៖ -អង្ករ ២៥គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ មី ម៉ាសជែលសម្លាប់មេរោគ និងថវិកាមួយចំនួន ៕ ដោយ វណ្ណលុក





