សមាជិកសហគមន៍ទេសចរណ៍ ទឹកធ្លាក់ស្រែអំពិល បានទទួលវគ្គបណ្ដុះបណ្ដាលស្ដីពីសហគ្រិនភាព ក្នុងការគ្រប់គ្រងសហគមន៍ ជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច

ខេត្តកំពង់ឆ្នាំង ៖ វគ្គបណ្ដុះបណ្ដាលស្ដីពីសហគ្រិនភាព ក្នុងការគ្រប់គ្រងសហគមន៍ ជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច រយៈពេល ៥ថ្ងៃ ដល់សមាជិកសហគមន៍ទេសចរណ៍ទឹកធ្លាក់ស្រែអំពិល ត្រូវបានធ្វើពិធីបិទ កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតជុក ជំនោ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ។ ពិធីខាងលើនេះបានធ្វើឡើងនៅតំបន់ទឹកធ្លាក់ស្រែអំពិលស្ថិត នៅក្នុងភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ។

លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា៖ សិក្ខាសាលានេះមានរយៈពេល៥ថ្ងៃ ដោយចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២២ មានសិក្ខាកាមសរុបចំនួន ៣៤នាក់ដែលសុទ្ធសឹងតែជាសមាជិកសហគមទឹកធ្លាក់ស្រែអំពិល ។ ចំពោះគោលបំណងនៃសិក្ខាសាលានេះដែរ គឺចង់ឱ្យសមាជិកសហគមន៍ចេះរៀបចំខ្លួនធ្វើបដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរណ៍ ដែលបានចូលមកលេងកម្សាន្ត ចង់ឱ្យសមាជិកសហគមន៍ចេះរៀបចំ ការចំអិនម្ហូបអាហារប្រកបដោយអនាម័យល្អ ។

ឆ្លៀតក្នុងឱកាសនោះផងដែរ ប្រធានមន្ទីរ ខេត្តកំពង់ឆ្នាំងក៏បានសំណូមពរដល់ក្រសួង សូមមេត្តាជួយធ្វើផ្លូវកៅស៊ូចូលទៅតំបន់ទឹកធ្លាក់ស្រែអំពិល តំបន់ទឹកធ្លាក់ថ្មក្រាល និង តំបន់ទឹកធ្លាក់អន្លង់ស្វាយ ព្រមទាំងសូមជួយដាក់បង្គោលអង់តែនទូរស័ព្ឌ បង្កើនសេវ៉ាអ៊ីនធឺណែត តាមតំបន់ទឹកធ្លាក់ទាំងនោះ ដើម្បីភ្ញៀវទេសចរណ៍ពេលមកលេងកំសាន្ត បានបង្ហោះពីរូបភាព ទេសភាព ទឹកធ្លាក់ បានភ្លាមៗ ដែលជាចំណុចទាក់ទាញ និងបង្កើនភ្ញៀវទេសចរណ៍ ឱ្យមកលេងខេត្តកំពង់ឆ្នាំងកាន់តែច្រើនឡើងថែមទៀត។

លោក ម៉ឹង វិសាលសុខ មេឃុំក្តុលសែនជ័យ បានថ្លែងអំណរគុណដល់ក្រសួង និងមន្ទីរទេសចរណ៍ ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ដែលបានរៀបចំសិក្ខាសាលារយៈពេល ៥ ថ្ងៃប្រកបដោយជោគជ័យ នឹងទទួលបានលទ្ធផលល្អប្រសើរ ដែលជាជំនួយស្មារតីនិងចំណេះដឹង ពីរបៀបបដិសណ្ឋារកិច្ច ការចំអិនម្ហូបអាហារ ប្រកប ដោយអនាម័យ ដល់សមាជិកសហគមន៍ទឹកធ្លាក់ស្រែអំពិល ។ លោក ក៍សំណូមពរដល់ក្រសួង សូមជួយឧបត្ថម្ភចង្រ្កានសំរាប់ដុតសំរាម នៅក្នុងតំបន់ទឹកធ្លាក់ស្រែអំពិលដើម្បីឲ្យមានសោភ័ណ្ឌភាពល្អផងដែរ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម ជុក ជំនោ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ ផលិតផលទេសចរណ៍ក៏បានផ្ដាំផ្ញើដល់សមាជិកសហគមន៍ទឹកធ្លាក់ស្រែអំពិល សូមយកចិត្តទុកដាក់ថែរក្សាការពារដែនធម្មជាតិរបស់ខ្លួនឲ្យបានគង់វង្ស និងត្រូវយកចិត្តទុកដាក់យកចំណេះដឹងដែលខ្លួនបានរៀនពេល ៥ថ្ងៃដើម្បីយកមកអនុវត្តឲ្យមានប្រសិទ្ធភាព ក្នុងការបដិសណ្ឋារកិច្ចចំពោះភ្ញៀវ ក៏ដូចជាការចំអិនម្ហូមអាហារប្រកបដោយអនាម័យល្អនិងសូម ខិតខំរកចំណេះដឹងបន្ថែមទៀតស្តីពីការធ្វើម្ហូបច្រើនមុខ កុំតែមុខម្ហូបដដែល ដូចជាមាន់ដុត ត្រីអាំង ឬប្រហុកអាំង ។ ត្រូវចេះច្នៃប្រឌិតមុខម្ហូបអោយបានច្រើនមុខសម្រាប់ផ្លាស់ប្ដូរ ក្នុងការលក់ឱ្យភ្ញៀវទេសចរណ៍ ដើម្បីពួកគាត់ជក់ចិត្ត និងណែនាំភ្ញៀវ មកលេងកំសាន្តឲ្យកាន់ តែច្រើនថែមទៀត ។ ចំពោះរាល់ការសំណូមពរ ឯកឧត្តមនឹងយកទៅជំរាបថ្នាក់លើដើម្បីដោះស្រាយពីបញ្ហាខាងលើនេះ ។

ឯកឧត្តមបណ្ឌិត ក៏បានផ្ដល់ វិញ្ញាបនប័ត្រដល់សិក្ខាកាមចំនួន ៣៤នាក់ និងក្នុងម្នាក់ៗទទួលប្រាក់ឧបត្ថម្ភចំនួន ៥ម៉ឺនរៀលផងដែរ៕ សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner