អតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលីមានជីវភាពខ្វះខាតស្រុកកំពង់ស្វាយ ២០គ្រួសារទទួលបានអំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ

ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនអតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលីចំនួន ២០គ្រួសារ ក្នុងនោះស្រុកកំពង់ស្វាយ ១០គ្រួសារ ក្រុងស្ទឹងសែន ១០គ្រួសារ បានទទួលអំណោយពី ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ក្នុងមួយគ្រួសារអង្ករ ២៥គ.ក មីជាតិ ១កេស ទឹកត្រី ១យួរ និងត្រីខកំប៉ុង ១យួរ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ។

លោកវរសេនីយ៍ទោ កែវ សុធា នាយការិយាល័យទី៥ បារាយការណ៍អំពី ជីវភាពរស់នៅកំពុងជួបលំបាកខ្វះខាតរបស់អតីតយុទ្ធជនពិការនិងគ្រួសារអតីតយុទ្ធជនពលី បច្ចុប្បន្នប្រឈមនិងការខ្វះខាតស្បៀងអាហារចិញ្ចឹមជីវិតប្រចាំថ្ងៃ ទើបបានសំណូមពរគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដើម្បីជួយឧបត្ថម្ភ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន គ្រប់ពេលវេលា និងគ្រប់ទីកន្លែង និងបានកើតសសើរនូវវិរះភាពដ៏អង់អាចក្លាហានរបស់បងប្អូនអតីតយុទ្ធជន បានលះបង់សាច់ស្រស់ ឈាមស្រស់ ក្នុងសម័យសង្គ្រាម ដើម្បីបុព្វហេតុជាតិនិងប្រជាជន រួមចំណែកធ្វើអោយប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញដូចសព្វថ្ងៃនេះ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បន្តថាក្នុងកាលៈទេសៈណាក៏ដោយ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានខិតខំពុះពារដោះស្រាយនូវរាល់ការខ្វះខាត មិនទុកឲ្យបងប្អូនអតីតយុទ្ធជនណាម្នាក់ដាច់ស្បៀងអាហារនោះឡើយ និងបានគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានជួយឧបត្ថម្ភដោះស្រាយជីវភាពលំបាកខ្វះខាត តាមរយៈគណៈកម្មធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តធំ បានទាន់ពេលវេលា ៕ ដោយ៖ ប៊ុន រដ្ឋា

ads banner