ម្ចាស់មេដាយមាស និងប្រាក់ ប្តេជ្ញាចិត្តខ្ពស់ស្វែងរកមេដាយបន្ថែម នៅអាស៊ានប៉ារ៉ាហ្គេម ខណៈឯកឧត្តម យី វាសនា ថា មិនទាន់ដល់គោលដៅនៅឡើយទេ

សូឡូ៖ កីឡាការិនីជនពិការ វ៉ិត ចន្ថា ម្ចាស់មេដាយមាសលោតចម្ងាយ និងម្ចាស់មេដាយប្រាក់កីឡាករប្រណាំងរទេះជនពិការ ហៀ ហុក នៅតែបន្តប្តេជ្ញាចិត្តខ្ពស់ស្វែងរកមេដាយជូនជាតិបន្ថែមទៀត ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ។

ការថ្លែងបែបនេះក្រោយ កីឡាការិនី វ៉ិត ចន្ថា បានបំបែកកំណត់ត្រាលោតចម្ងាយ ៤.២៩ម៉ែត្រ ដណ្តើមបានមេដាយមាសទី២ និងកីឡាករជនពិការ ហៀ ហុក ឈ្នះមេដាយប្រាក់ លើវិញ្ញាសាប្រណាំងរទេះចម្ងាយ១០០ម៉ែត្រ ប្រភេទT53 ជាលើកដំបូង សម្រាប់កម្ពុជា។ វ៉ិត ចន្ថា បានផ្ញើសារទៅទាំងអារម្មណ៍រំភើបថា ៖«សូមបងប្អូនកីឡាករ កីឡាការិនីទាំងអស់ក្លាហាន និងតស៊ូ ដូចដែលខ្ញុំធ្វើបាន រហូតទទួលបានជោគជ័យនៅថ្ងៃនេះ»។ រីឯហៀ ហុក ក៏មានអារម្មណ៍មិនខុសពី វ៉ិត ចន្ថាដែរ ៖« ខ្ញុំមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់ ដែលទទួលបាមេដាយប្រាក់ ។ ខ្ញុំនឹងខិតខំហ្វឹកហាត់ធ្វើឲ្យបានល្អបំផុត ដើម្បីយកមេដាយមាសឲ្យបាននៅអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា»។

ដោយឡែកឯកឧត្តម យី វាសនា នាយបេសកម្ម បានបញ្ជាក់ថា មេដាយមាស២ ប្រាក់៣ និងសំរឹទ្ធ២គ្រឿង មិនទាន់ដល់គោលដៅរបស់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានកំណត់យកនោះទេ គឺមេដាយមាសឲ្យបាន៣គ្រឿង ពីព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី ។ ឯកឧត្តម បន្ថែមថា អត្តពលិកជនពិការត្រូវដណ្តើមអោយបានមាស៣គ្រឿង ដោយសារឯកឧត្តម មើលឃើញពីការតស៊ូ អត់ធន់ និងខិតខំប្រឹងប្រែងហ្វឹកហាត់របស់អត្តពលិកជនពិការ និងការឧបត្តម្ភគាំទ្រទាំងស្រុងថវិកា សម្ភារហ្វឹកហាត់ មធ្យោបាយធ្វើដំណើរជូនអត្តពលិកជនពិការមកកាន់ប្រទេសឥណ្ឌូនេស៊ី តាមរយៈជើងហោះហើរត្រង់របស់ក្រុមហ៊ុន Sky Angkor Airline ជាពិសេសការលើកទឹកចិត្តយ៉ាងពេញទំហឹងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណកម្មាធិការជាតិប៉ារ៉ាឡាំពកកម្ពុជា ។ ឯកឧត្តម យី វាសនា បន្តថា ម្យ៉ាងទៀតការចូលរួមអាស៊ានប៉ារ៉ាហ្គេម លើកទី១១នេះ គឺជាយុទ្ធសាស្រ្តត្រៀមអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា អោយទទួលបានជោគជ័យទាំងការរៀបចំ និងដណ្តើមមេដាយអោយបានច្រើនជូនជាតិផងដែរ ។

គួរបញ្ជាក់ថា កីឡាការិនី វ៉ិត ចន្ថា និងកីឡាករ ហៀ ហុក នៅសល់ម្នាក់២វិញ្ញាសាទៀត គឺចម្ងាយ២០០ម៉ែត្រ និង៤០០ម៉ែត្រ ។ ហើយវិញ្ញាសាទាំងពីរនេះ ម្ចាស់មេដាយមាស និងប្រាក់ ក៏សង្ឃឹមទទួលបានលទ្ធផលល្អ និងបានប្តេជ្ញាស្វែងរកឲ្យបានមេដាយបន្ថែមទៀត។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១ ខែសីហាម្សិលមិញ អត្តពលិកជនពិការកម្ពុជារកបានមេដាយសរុប៧គ្រឿង គឺមាស២ ប្រាក់៣ និងសំរឹទ្ធ២។ មេដាយមាសទី១ រកបានដោយក្រុមកីឡាការិនីបាល់បោះជិះរទេះជនពិការ វិញ្ញាសា៣ទល់៣ ។ មេដាយមាសទី២ រកបានកីឡាការិនីជនពិការ វ៉ិត ចន្ថា លើវិញ្ញាសាលោតចម្ងាយ ។

មេដាយប្រាក់៣គ្រឿង រកបានកីឡាហែលទឹក ១គ្រឿង កីឡាអត្តពលកម្ម ២គ្រឿង ខណៈមេដាយសំរឹទ្ធ រកបានកីឡាវាយកូនឃ្លីលើតុ ១គ្រឿង និងកីឡាហែលទឹក១គ្រឿងទៀត ។ សម្រាប់ថ្ងៃទី២ ខែសីហានេះ អ្តពលិកជនពិការកម្ពុជា ជាច្រើនប្រភេទកីឡាទៀត ត្រូវបន្តប្រកួត ស្វែងរកមេដាយ ចំនែកឯកីក្រុមឡាករបាល់ទះអង្គុយជនពិការ បានឈ្នះទាំង២ប្រកួត គឺឈ្នះ ហ្វីលីពីន និងមីយ៉ាន់ម៉ា ឈរលេខ១ ឡើងទៅជួបឥណ្ឌូនេស៊ី វគ្គកណ្តាលផ្តាច់ព្រ័ត្រ ដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រដណ្តើមយកមេដាយមាស ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner