អង់គ្លេសចាត់វិធានការទប់ស្កាត់លំហូរសាច់ប្រាក់ខុសច្បាប់របស់រុស្ស៊ីចូលទៅក្នុងប្រទេសខ្លួន
ឡុងដ៍៖ រដ្ឋាភិបាលទីក្រុងឡុងដ៍ បានបញ្ជាក់ថា ក្រុមហ៊ុនបរទេសទាំងអស់ដែលកាន់កាប់អចលនទ្រព្យក្នុងចក្រភពអង់គ្លេស ត្រូវតែកំណត់អត្តសញ្ញាណម្ចាស់ពិតរបស់ពួកគេ នៅក្នុងការចុះបញ្ជីជាផ្លូវការ ដែលជាផ្នែកមួយនៃការបង្រ្កាបលើរុស្ស៊ី និងឥស្សរជនពុករលួយដែលលាងលុយកខ្វក់។
ច្បាប់ចុះបញ្ជីឈ្មោះអង្គភាពក្រៅប្រទេស (Register of Overseas Entities) ដែលបានចាប់ផ្តើមដំណើរការនៅក្នុងថ្ងៃចន្ទដើមសប្តាហ៍នេះ គឺជាផ្នែកមួយនៃច្បាប់ឧក្រិដ្ឋកម្មសេដ្ឋកិច្ចដ៏ទូលំទូលាយ ដែលបានអនុម័តនៅឆ្នាំ២០២២នេះ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់លំហូរសាច់ប្រាក់ខុសច្បាប់របស់រុស្ស៊ីចូលទៅក្នុងទីក្រុងឡុងដ៍ បន្ទាប់ពីការលុកលុយរបស់ទីក្រុងម៉ូស្គូលើអ៊ុយក្រែន។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអង់គ្លេសលោក Martin Callanan បាននិយាយថា ដើម្បីធានាថា យើងគ្មានឥស្សរជនពុករលួយដែលមានទ្រព្យសម្បត្តិគួរឱ្យសង្ស័យ យើងត្រូវដឹងថា អ្នកណាជាម្ចាស់។ លោកថា យើងកំពុងបើកវាំងនន ហើយបង្ក្រាបឧក្រិដ្ឋជនទាំងនោះ ដែលប៉ុនប៉ងលាក់បាំងទ្រព្យសម្បត្តិដែលពួកគេទទួលបានដោយខុសច្បាប់៕ ប្រភព៖ Al Jazeera ប្រែសម្រួល៖ ទីណា និងបុត្រា



