អង់គ្លេសថា ការដឹកជញ្ជូនគ្រាប់ធញ្ញាជាតិពីកំពង់ផែអូដេសា ជាជំហានដំបូងដ៏សំខាន់

ឡុងដ៍៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកស្រី លីស ទ្រូសស៍ បានសាទរចំពោះការដឹកជញ្ជូនគ្រាប់ធញ្ញជាតិដំបូងចេញពីកំពង់ផែអូដេសា របស់អ៊ុយក្រែន ដោយហៅវាថា ជា “ជំហានដំបូងដ៏សំខាន់” ហើយបានអំពាវនាវដល់ទីក្រុងម៉ូស្គូ កុំឱ្យមានការ “ផ្គត់ផ្គង់គ្រឿងសព្វាវុធជាសកល”។

លោកស្រី លីស ទ្រូសស៍ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានបង្ហោះនៅលើ Twitter ថា “កប៉ាល់ទាំងនេះត្រូវតែទទួលបានសុវត្ថិភាព… ត្រូវតែមិនមានការបាញ់ផ្លោងរបស់រុស្សីម្តងទៀតទៅលើកំពង់ផែអូដេសា នោះទេ។ លោកស្រីបន្ថែមថា មធ្យោបាយតែមួយគត់ដែលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន អាចជួយសម្រាលវិបត្តិសន្តិសុខស្បៀងពិភពលោកដែលគាត់បានបង្កើត នោះគឺការបញ្ចប់ការលុកលុយដ៏ឃោរឃៅរបស់គាត់លើអ៊ុយក្រែន។ បើតាមក្រសួងការពារជាតិតួកគី កប៉ាល់ជើងដំបូងដែលដឹកធញ្ញជាតិអ៊ុយក្រែនបានចេញដំណើរពីកំពង់ផែ អូដេសា ហើយ នៅថ្ងៃចន្ទសប្តាហ៍នេះ។

ក្រសួងថា កប៉ាល់ឈ្មោះ រ៉ាហ្សូនី (Razoni) មានដោតទង់ជាតិប្រទេស សៀរ៉ាឡេអូន ដែលផ្ទុកពោត បានចាកចេញពីកំពង់ផែ អូដេសាហើយ ដោយមានគោលដៅឆ្ពោះទៅកាន់ប្រទេសលីបង់។

បើតាមសេចក្តីថ្លែងការណ៍របស់អង្គការសហប្រជាជាតិ កប៉ាល់ រ៉ាហ្សូនី ផ្ទុកពោតក្នុងទម្ងន់សរុបជាង ២៦,០០០តោន ។ កប៉ាល់នេះ ត្រូវរំពឹងថា នឹងទៅដល់ទីក្រុងអ៊ីស្តង់ប៊ុលរបស់តួកគី នៅថ្ងៃអង្គារសប្តាហ៍នេះ។ នៅទីនោះ វានឹងត្រូវត្រួតពិនិត្យ មុនពេលអនុញ្ញាតឱ្យបន្តដំណើរទៅកាន់លីបង់ ៕ ប្រភព៖ Al Jazeera ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner