សិក្ខាសាលាផ្សព្វផ្សាយដាក់ឱ្យអនុវត្តរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញតិ្តនៃច្បាប់ស្ដីពីការងារ

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០២២ នៅសាលាប្រជុំសាលាខេត្តកំពង់ឆ្នាំង បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកសិក្ខាសាលាផ្សព្វផ្សាយដាក់ឱ្យអនុវត្តរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញតិ្តនៃច្បាប់ស្ដីពីការងារ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស.និង លោក ឈិន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំង ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត អភិបាលក្រុងស្រុកតំណាងអង្គការដៃគូអភិវឌ្ឍន៍ តំណាងនិយោជក សហជីព និងកម្មករនិយោជិត ចូលរួមសរុបប្រមាណ ៤០០នាក់ ។

លោក ឈិន សេងងួន បានមានប្រសាសន៍ថា សិក្ខាសាលាផ្សព្វផ្សាយរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញតិ្តនៃច្បាប់ស្ដីពីការងារមានសារៈសំខាន់ណាស់ដើម្បីបញ្រ្ជាបការយល់ដឹងឱ្យកាន់តែច្បាស់ និងឆាប់រហ័សជូនដល់និយោជក និងកម្មករនិយោជិតនៅទូទាំងប្រទេស ដែលមានកាតព្វកិច្ចដ៏សំខាន់ ក្នុងការអនុវត្តរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធន ដូចនេះសមាជិក សមាជិកា នៃអង្គសិក្ខាសាលាទាំងអស់ត្រូវស្តាប់នូវបទបង្ហាញដែលប្រតិភូជាមន្រ្តីជំនាញនិងពន្យល់នៅពេលនេះ ហើយបើមានចម្ងល់ត្រូវសួរដើម្បីយកទៅផ្សព្វផ្សាយនិងអនុវត្តឱ្យស្របតាមច្បាប់ ។

ក្រោយពីប្រតិភូដែលជាមន្រ្តីជំនាញបានធ្វើបទបង្ហាញរួចមក ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស.បានមានប្រសាសន៍ថា របបសន្ដិសុខសង្គមផ្នែកប្រាក់សោធនថ្មីនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកាត់បន្ថយភាពក្រីក្រ ជាពិសេសកាត់បន្ថយនូវគម្លាតប្រាក់ចំណូលរវាងអ្នកមាន និងអ្នកក្រ ដើម្បីធានាឱ្យមានស្ថេរភាព និងភាពសុខដុមរមនានៅក្នុងសង្គម ។ ជាពិសេស នៅពេលដែលបងប្អូនដល់អាយុចូលនិវត្តន៍ វ័យកាន់តែចាស់ សុខភាពចុះខ្សោយ មិនអាចប្រកបរបរ ឬធ្វើការពេញលេញដើម្បីរកប្រាក់ចំណូលបាន នោះបងប្អូននឹងប្រឈមហានិភ័យខ្ពស់ អាចធ្លាក់ចូលក្រោមបន្ទាត់ភាពក្រីក្រ ព្រោះនៅពេលដែលឈឺគ្មានថវិកាដើម្បីព្យាបាល ប៉ុន្ដែនៅពេលដែលបងប្អូនមានផ្នែកប្រាក់សោធននេះ បងប្អូននឹងទទួលបានប្រាក់ចូលនិវត្តន៍ រួមទាំងការថែទាំសុខភាពដោយឥតគិតថ្លៃផងដែរ។

ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា ក្រោយពីសិក្ខាសាលានេះទៅ បងប្អូនគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវចូលរួមសហការផ្ដល់ទីតាំង និងអនុញ្ញាតឱ្យកម្មករនិយោជិតចូលរួមឱ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានការយល់ដឹងកាន់តែច្បាស់អំពីការចូលរួមអនុវត្តកាតព្វកិច្ច និងអត្ថប្រយោជន៍ដែលត្រូវទទួលបាន ជាពិសេសបន្ទាប់ពីទទួលបានការផ្សព្វផ្សាយរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធននេះរួច ត្រូវផ្សព្វផ្សាយបន្តទៅកាន់អ្នកដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ប្រកបដោយភាពត្រឹមត្រូវ ច្បាស់លាស់ ភាពទទួលខុសត្រូវ ប្រកបដោយមនសិការវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ដោយសម្រេចបានលទ្ធផលល្អប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕
សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner