អភិបាលខេត្តកំពង់ចាម ប្រាប់មន្ត្រីឲ្យជម្រុញដល់ ក្រុមហ៊ុន សហគ្រាស អាជីវកម្ម ត្រូវស្នេីសុំប័ណ្ណប៉ាតង់ ដើម្បីគ្រប់គ្រង និងប្រមូលចំណូលពន្ធជូនរដ្ឋឲ្យមានប្រសិទ្ធភាពខ្ពស់
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ទីរអង្គភាពពាក់ព័ន្ធ ទាំងអស់ឲ្យជម្រុញដល់ក្រុមហ៊ុន សហគ្រាស ដែល ប្រកប អាជីវកម្ម នានា ត្រូវ បំពេញបែបបទ ស្នើសុំ ប័ណ្ណ ប៉ាតង់ ដើម្បីគ្រប់គ្រង និងប្រមូលចំណូលពន្ធឲ្យមានប្រសិទ្ធភាពស្របតាមការរីកចម្រើននៃសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម អ៊ុន ចាន់ដា ថ្លែង បែប នេះ ក្នុងកិច្ចប្រជុំពិភាក្សាលេីសេចក្តីព្រាងគម្រោងចំណូល ចំណាយថវិកា របស់រដ្ឋបាលខេត្តកំពង់ចាម សម្រាប់គ្រប់គ្រងការចំណាយឆ្នាំ២០២៣ នាព្រឹក ថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២២ ។
ក្នុង កិច្ចប្រជុំ នោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រី ពាក់ព័ន្ធ ទាំងអស់ ដែលបានចូលរួមចំណែកបំពេញភារកិច្ចអស់ពីកម្លាំងកាយចិត្ត និងសម្រេចបានលទ្ធផលការងារគ្រប់គ្រង ប្រមូលចំណូលពន្ធយ៉ាងល្អប្រសើរ នាពេល កន្លង មក ។ ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បាន ណែនាំ ដល់ មន្ទីរ អង្គភាព ពាក់ព័ន្ធ ទាំងអស់ ធ្វេីយ៉ាងណា ត្រូវ ពង្រឹង ការ គ្រប់គ្រង និង ប្រមូល ចំណូល ពន្ធ ឲ្យ មាន ប្រសិទ្ធិភាព ជៀសវាង ការ បាត់បង់ ប្រាក់ ចំណូល របស់ ជាតិ ក៏ដូចជា ថវិកា សម្រាប់ ធ្វើការ អភិវឌ្ឍន៍ ក្នុង ខេត្តកំពង់ចាម ផងដែរ ។
គួរ បញ្ជាក់ ថា គម្រោងអភិវឌ្ឍសម្រាប់ឆ្នាំ២០២៣ របស់សាលាខេត្តកំពង់ចាម មាន ដូចជា ការថែទាំដីធ្លី សួនច្បារ ព្រៃឈើ ការថែទាំ ជួសជុលអគារផ្សេងៗ ការថែទាំ ជួសជុលផ្លូវ ផ្លូវលំ ស្ពាន និងប្រព័ន្ធលូ ថែទាំ ជួសជុលផ្លូវសំបុកមាន់ និងស្លាកសញ្ញាចរាចរក្នុងក្រុងកំពង់ចាម និង ការថែទាំប្រព័ន្ធធារាសាស្ត្រ សរុប ១៨ គម្រោង ដែល សរុប ថវិកា ប្រមាណ 19.386.900.000 រៀល ៕ លី ពៅ









