ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៩គ្រួសារ នៅឃុំព្រៃជ្រូក ស្រុកពួក ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប
ខេត្តសៀមរាប៖ ប្រជាពលរដ្ឋ ចំនួន ០៩គ្រួសារ រងគ្រោះដោយខ្យល់កន្ត្រាក់នៅក្នុងភូមិសាស្ត្រឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២២កន្លងទៅនេះ ត្រូវបាន ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូន កាលព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ នៅសាលាឃុំព្រៃជ្រូក ។
លោក ស៊ិន ចាន់ថុល ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកពួក បានឲ្យដឹងថា នៅរសៀលថ្ងៃទី៣១ កក្កដា ឆ្នាំ២០២២ មានករណីភ្លៀងផ្គរ ដែលលាយឡំនឹងខ្យល់កន្ត្រាក់ បានធ្វើឲ្យប៉ះពាលភូមិចំនួន ៣ក្នុងភូមិសាស្ត្រឃុំព្រៃជ្រូក បានធ្វើឲ្យផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ បាក់រលំ និងរបើកដំបូលធ្ងន់ធ្ងរ ចំនួន០៩គ្រួសារ ។ ក្នុងនោះភូមិ ផ្លាំង រលំផ្ទះ១ខ្នង របើងដំបូល ៣ខ្នង ,ភូមិដូនតុក របើកដំបូល ២ខ្នង និងភូមិ កិត្តិយស រលំ១ខ្នង របើកដំបូល ២ខ្នង តែមិនបានធ្វើឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ឡើយ ។
មានប្រសាសន៍សំណេះសំណាល ឯកឧត្តម គុជ លីណា បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។
ឯកឧត្តមបានសំដែងនូវការសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ។
ឯកឧត្តម ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ដែលជាជនរងគ្រោះនៅទីនេះ ពេលរៀបចំសាងសង់លំនៅដ្ឋាន សូមគិតដល់គុណភាព ឬធ្វើគ្រឹះឲ្យបានរឹងមាំ ចៀសវាងយកតែទំហំធំ តែមិនមាំទាំអាចបណ្ដាលឲ្យមានបញ្ហាទៅថ្ងៃមុខទៀត។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១គ្រួសារទទួលបាន អង្ករ ,មី, ទឹកត្រី ទឹកស៊ីអ៊ីវ, មុងភួយ សារុង ក្រមា, កន្ទេល ។ ចំពោះគ្រួសាររលំផ្ទះ ស័ង្កសី ១៦សន្លឹក ថវិកា ២សែនរៀល ,គ្រួសារ របើកដំបូលផ្ទះ ស័ង្កសី ១០សន្លឹក ថវិកា១សែនរៀល ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប











