ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិ ការសឹករងកំពង់ធំ យោធភូមិភាគទី៤
កំពង់ធំ៖ កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ របស់អង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានអនុវត្តសម្រេចបានក្នុងស្ថានភាពកូវីដ-១៩កន្លងមក ត្រូវបានធ្វើនៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ ដោយអញ្ជើញ ចូលរួមជាអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំនិងមានការចូលរួមពីថ្នាក់ដឹកនាំ និងការិយាល័យ ស្ថាប័នពាក់ព័ន្ធ និងមេបញ្ជាការផ្នែកសឹករងក្រុង-ស្រុកទាំង៩ និងវរសេនាតូចទាំងពីរផងដែរ ។
លោកវរសេនីយ៍ទោ នួន គឹមអាង នាយលេខាធិការដ្ឋាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាន រាយការណ៍ ពីសភាពការណ៍ពីបញ្ហាប្រឈម និងវឌ្ឍនភាពការងារ ដែលអង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សម្រេចបានតាមផែនការនិងភារកិច្ចដែលថ្នាក់លើបានប្រគល់ជូន ។
ឧត្តមសេនីយ៍ត្រី ញូង ធី មេបញ្ជាការរងនាយសេនាធិការ បានឲ្យដឹងពីវឌ្ឍនភាព និងលទ្ធផលការងារ ដែលអនុវត្តបានក្នុងស្ថានភាពប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងការឆ្លងជំងឺកូវីដ-១៩ ក្នុងរយៈពេលកន្លងមក និងការចូលរួមសហការអនុវត្តនូវគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាព រួមចំណែករក្សាសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់ បណ្តាកងឯកភាព នឹងបណ្ដាការិយាល័យ និងស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចទទួលបានលទ្ធផលជោគជ័យតាមផែនការ ដែលថ្នាក់លើបានប្រគល់ជូន និងបានកោតសរសើរដល់ក្រុមការងារនិងក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានចាក់វ៉ាក់សាំងជូនកងទ័ព គ្រួសារកងទ័ព នគរបាល មន្ត្រីរាជការ អតីតយុទ្ធជន នៅក្នុងខេត្តកំពង់ធំ និងប្រជាពលរដ្ឋនៅស្រុកប្រាសាទបាគង ខេត្តសៀមរាប សរុបបានចំនួនជាង៥ម៉ឺន៦ពាន់ម្ជុល។
មិនតែប៉ុណ្ណោះ បានខិតខំកសាងអង្គភាពឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ នូវសមិទ្ឋផលផ្សេងៗ ការហ្វឹកហ្វឺន ពង្រឹងកងកម្លាំង ការចូលរួមចំណែកក្នុងវិស័យមនុស្សធម៌ ជួយដល់អតីតយុទ្ឋជន និងប្រជាជនដែលមានជីវភាព លំបាកខ្វះខាតក្នុងខេត្តកំពង់ធំបានល្អប្រសើរ ក្នុងនោះក៏បានប្រគល់ភារកិច្ចសំខាន់ៗ ជូនដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់កងឯកភាព ដើម្បីបន្តអនុវត្តភារកិច្វក្នុងការងារកសាងអង្គភាពរឹងមាំ លើគ្រប់វិស័យដើម្បីវឌ្ឍនភាព រីកចម្រើន ក្នុងតួនាទីភារកិច្ចជាកងយោធពលខេមរភូមិន្ទ ៕
ដោយ ប៊ុន រដ្ឋា